យោងតាមគម្ពីរពុទ្ធប្រវត្តិបានបង្ហាញថា បន្ទាប់ពីត្រាស់ដឹងធម៌ យល់ច្បាស់នូវអរិយសច្ចៈទាំង៤ ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសីចូលទៅព្រៃឫស្សី ជាទីស្នាក់អាស្រ័យនៃពួកភិក្ខុមានគ្នា៥រូប ភិក្ខុទាំងឡាយនោះគ្រាន់តែបានឃើញព្រះពុទ្ធទ្រង់យាងសំដៅមកពីចម្ងាយក៏ជំនុំប្រាប់គ្នាថា យើងទាំងឡាយចូរកុំធ្វើគារវៈបង្គំព្រះសិទ្ធត្ថ ដែលអស់សេចក្តីព្យាយាមរលីងហើយនោះឱ្យសោះ ។
តែដោយអំណាចនៃបុណ្យបារមីរបស់ព្រះអង្គ នៅពេលដែលព្រះពុទ្ធទ្រង់យាងមកដល់ស្រាប់តែពួកភិក្ខុទាំងប្រាំអង្គនោះបែរជាក្រាបបង្គំនិមន្តព្រះតថាគតដោយជ្រះថ្លាក្រៃលែងទៅវិញ។ ព្រះអង្គទ្រង់សន្តោសប្រោសទេសនាព្រះធម៌ ដែលហៅថាបឋមទេសនាប្រោសដល់ភិក្ខុទាំងនោះឱ្យបានសម្រេចអរហត្តផលក្នុងគ្រានោះឯង ភិក្ខុទាំង៥រូបនេះហើយជាគ្រឹះដំបូងបំផុតនៃព្រះពុទ្ធសាសនា ។
តាំងពីពេលនោះមកមានកុលបុត្រជាច្រើនបានចូលមកបួសរៀនក្នុងសំណាក់ព្រះអង្គ ហើយបានសម្រេចមគ្គផលទៅតាមនិស្ស័យរៀងៗខ្លួន ។ សាន សារិន
ចែករំលែកព័តមាននេះ