រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានបរិច្ចាគថវិកាសរុប ៣០០០លានរៀល (ប្រមាណ ៧៥ម៉ឺនដុល្លារអាមេរិក) ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រាប់គោលដៅមនុស្សធម៌ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងបន្តរាលដាលនៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី បានអោយដឹងថា ថវិកាចំនួន ៣០០០លានរៀលនេះ ត្រូវបានបែងចែកជាបួនដោយក្នុងនោះ ៖

១. ថវិកា ចំនួន ៨០០លានរៀល សម្រាប់ចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
២. ថវិកា ២០០លានរៀល តាមរយៈសមាគមធនាគារនៅកម្ពុជា សម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
៣. ថវិកាចំនួន ១២០០លានរៀល ជូនទៅមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដល់វិភាគទានសប្បុរសធម៌នៅកម្ពុជា។

៤. ថវិកាចំនួន ៨០០លានរៀល ជូនទៅកាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ និងជួយទ្រទ្រង់សកម្មភាពកាកបាទក្រហមកម្ពុជា ។
យោងតាមលោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងសេចក្តីប្រកាសនោះបានបញ្ជាក់ថា សុខភាពរបស់ប្រជាពលរដ្ឋមានសារសំខាន់ណាស់ ពីព្រោះពួកគេជាកម្លាំងចលករនៃការកសាងជាតិ និងរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ ប្រជាជនមានសុខភាពល្អ មានការចូលរួមកាន់តែសកម្មដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន ។
ហេតុដូចនេះ ធនាគារចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់សុខុមាលភាពសាធារណៈក្នុងការទប់ស្កាត់សភាពការណ៍គ្រោះភ័យដែលបង្កដោយជំងឺរីករាលដាលកូវីដ១៩ និងបន្តការបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ដល់វិភាគទានសប្បុរសធម៌ មូលនិធិគន្ធបុប្ផាកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលធនាគារបានធ្វើឡើងជារៀងរាល់ឆ្នាំ ។

សូមរម្លឹកថា រហូតមកដល់ពេលនេះ មានសប្បុរសជនជាច្រើនក៏បានចូលរួមបរិច្ចាគថវិកា និងធនធាន ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានេះដែរ ក្នុងនោះគេសង្កេតឃើញថា មន្ត្រីកំពូលៗរបស់រដ្ឋាភិបាលក៏បានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនមួយរយៈពេល ដើម្បីទុកលទ្ធភាពអោយក្រសួងកាត់ប្រាក់បៀវត្សទាំងនោះ ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី០២ មេសា ២០២០នេះ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ១១០នាក់ ក្នុងនោះមានអ្នកជា និងត្រលប់ទៅផ្ទះវិញចំនួន ៣៤នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន ៧៦នាក់ ។ ស្ថានភាពជំងឺនេះ នៅក្នុងប្រទេសកម្ពុជា មិនទាន់មានករណីស្លាប់នៅឡើយ ហើយដើម្បីទប់ស្កាត់នូវការឆ្លងបន្តទៀតនោះ រាជរដ្ឋាភិបាលក៏បានប្រកាសបិទនូវអាជីវកម្មកម្សាន្តមួយចំនួនដែលមានលក្ខណៈប្រមូលផ្ដុំគ្នា ដូចជាក្លឹបកម្សាន្ត រោងភាពយន្ត ខារ៉ាអូខេ រង្គសាល និងបៀរហ្កាឌិនជាដើម ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ