ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកា​រៈ​មួយ​ចំនួន​ដែល​បង្ហាញ​ថា កុមារ​កើត​មាន​ជំងឺ​ដុះ​សាច់​ក្នុង​ច្រមុះ

10 ឆ្នាំ មុន

ជំងឺ​ដុះសាច់ច្រមុះ​បាន​ស្តែង​ឱ្យ​ដឹង​តាម​រយៈ​អាកា​រៈ​មួយ​ចំនួន​ដូច​ជា ហៀរ​សម្បោរ តឹង​ច្រមុះ ឬ​ក៏​មាន​តំណក់ទឹកភ្នែក​ជាប់​នឹង​ផ្ទៃ​ខាងក្នុង​ច្រមុះ​ជាដើម ។ បើ​កូន​តូច​មាន​អាកា​រៈ សង្ស័យ​ថា មាន​ដុះសាច់ច្រមុះ លោក​អ្នក​គួរ​នាំ​គេ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា​តាម​ឯកទេស​របស់​គ្រូពេទ្យ ។

ជំងឺ​ដុះសាច់ច្រមុះ​បាន​ស្តែង​ឱ្យ​ដឹង​តាម​រយៈ​អាកា​រៈ​មួយ​ចំនួន​ដូច​ជា ហៀរ​សម្បោរ តឹង​ច្រមុះ ឬ​ក៏​មាន​តំណក់ទឹកភ្នែក​ជាប់​នឹង​ផ្ទៃ​ខាងក្នុង​ច្រមុះ​ជាដើម ។ បើ​កូន​តូច​មាន​អាកា​រៈ សង្ស័យ​ថា មាន​ដុះសាច់ច្រមុះ លោក​អ្នក​គួរ​នាំ​គេ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា​តាម​ឯកទេស​របស់​គ្រូពេទ្យ ។

ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ហុង សុខ​ឃាង ឯកទេស​ជំងឺ​កុមារ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ការ​ដុះ​សាច់​ច្រមុះ ជាប់​នឹង​ផ្ទៃ​ច្រមុះ​ខាងក្នុង​មាន​លក្ខណៈ​ជា​ដុំ​សាច់​ទន់​ៗ ហើយ​មិន​ឈឺ​មាន​រាង​ដូច​តំណក់ទឹកភ្នែក ឬ​កញ្ចុំ​ផ្លៃ​ទំពាំងបាយ​ជូរ ។ ការ​ដុះសាច់ច្រមុះ​នេះ គេ​ពុំ​សូវ​ឃើញ​កើត​មាននៅ​លើ​ក្មេង​តូច​ៗ​ទេ ប៉ុន្តែ​ភាគច្រើន​កើត​មាននៅ​លើ​ក្មេង​ធំ ឬ​មនុស្ស​ចាស់ ។ ចំពោះ​រោគ​សញ្ញា​ដែល​បង្ហាញ​ឱ្យ​ដឹង​ថា មាន​ដុះសាច់ច្រមុះ​ដូច​ជា​៖ ហៀរ​សម្បោរ តឹង​ច្រមុះ​ជាប់​រហូត​ពុំ​មាន​ពេល​ធូរស្បើយ មាន​ស្លេស្ម៍​ធ្លាក់​ពី​ច្រមុះ​ទៅ​ក្នុង​បំពង់ក មិនសូវ​ដឹង​ក្លិន ឬ​បាត់បង់​ការ​ដឹង​ក្លិន មិនសូវ​ដឹង​រសជាតិ ឈឺ​លើ​ផ្ទៃមុខ ឬ​ឈឺក្បាល ឈឺធ្មេញ​ជួរ​ខាងលើ ធ្ងន់​ក្បាល ដេក​ស្រមុក រមាស់​ភ្នែក ឬ​ច្រមុះ​ជាដើម ។ ទាំង​អស់នេះ សុទ្ធ​សឹង​ជា​រោគ​សញ្ញា ដែល​បង្ហាញ​ឱ្យ​ដឹង​ថា​ជា​រោគ​សញ្ញា​ដុះសាច់ច្រមុះ ។

ចំពោះ​ផល​ប៉ះពាល់​នៃ​ការ​ដុះសាច់ច្រមុះ​នេះ​មាន​ដូច​ជា​៖
១-​ស្ទះផ្លូវ​ដង្ហើម​មួយ​ភ្លែត​ៗ​នៅ​ពេល​គេង
២-​ងាយ​រលាក​ថង់​ខ្យល់​របស់​ឆ្អឹង​មុខ
៣-​បង្ក​ឱ្យ​ជំងឺហឺត​ធ្វើទុក្ខ​ខ្លាំង
៤-​អាច​បង្ក​ទៅ​ជា​រលាក​ស្រោមខួរ​ក្បាល ។

ដើម្បី​ការពារ​ការ​ដុះសាច់ច្រមុះ ប្រសិនជា​កូន​របស់​លោក​អ្នកមាន​ជំងឺ​ប្រតិកម្ម​ច្រមុះ ឬ​ជំងឺហឺត​ត្រូវ​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ឱ្យ​គ្រូពេទ្យ​ព្យាបាល និង​គ្រប់គ្រង​ជំងឺ​នោះ​ឱ្យ​បាន​ទាន់​ពេលវេលា កុំឱ្យ​វិវឌ្ឍន៍​ទៅ​ជា​ធ្ងន់ធ្ង​រ ។ លោក​អ្នក​ត្រូវ​ការពារ​កូន​ៗ​កុំឱ្យ​ប៉ះពាល់​នូវ​សារធាតុ​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​ឆួល​ច្រមុះ ដូច​ជា​ធូលី​ក្នុងផ្ទះ ផ្សែង​បារី​ចំហាយ ផ្សែង​ប្រេងឥន្ធនៈ និង​កម្ទេចកម្ទី​ល្អិត​ផ្សេង​ៗ​ទៀត ។ មាន​អនាម័យ​ល្អ​ដោយ​ការ​លាងដៃ​ឱ្យ​បាន​ស្អាត​មុន​កាន់​ចាប់​អាហារ​បរិភោគ ៕
    ​    ​