ខេត្តក្រចេះ ៖ កូនផ្សោតឈ្មោល១ក្បាលទំងន់ជាង២០គីឡូក្រាម ត្រូវបានគេប្រទះឃើញងាប់អណ្តែតទឹកទន្លេមេគង្គមកទើរ នៅច្រាំងទន្លេមុខប្រជុំជនខេត្ត កាលពីថ្ងៃទី៣១ មីនា។ នេះជាការងាប់កូនផ្សោតក្បាលទី១ នាដើមឆ្នាំ២០២០នេះ ខណៈចំនួនការកើតរបស់សត្វផ្សោតនាដើមឆ្នាំ២០២០ មានចំនួនដល់ទៅ៣ក្បាល។ នេះបើតាមការអះអាងឲ្យដឹងពីក្រុម មន្ត្រីជំនាញឆ្មាំអភិរក្ស។
ទោះជាបែបណា ការងាប់របស់កូនផ្សោតតូច១ក្បាលនេះ គឺមន្ត្រីជំនាញនៅមិនទាន់ ដាក់ការសន្និដ្ឋានពីមូលហេតុណាមួយឲ្យជាក់លាក់នោឡើយនោះទេ ។ ដោយគ្រាន់តែពិនិត្យឃើញថា កូនផ្សោតមួយក្បាលនេះ ជាផ្សោតឈ្មោលទំងន់ជាង២០គីឡូក្រាម មានអាយុចន្លោះពី៣ទៅ៤ខែ និងសព្វថ្ងៃរស់នៅក្នុងអន្លង់ផ្សោតទន្លេមេគង្គកាំពី។ ផ្សោតនេះអាចងាប់ ក្នុងចន្លោះកាលពី២ ទៅ៣ថ្ងៃមុននេះ។
ប្រធានឆ្មាំអភិរក្ស និងជានាយរងខណ្ឌរដ្ឋបាលជលផលខេត្តលោក ម៉ុក ពន្លក បានថ្លែង ឲ្យដឹងនៅថ្ងៃទី១ មេសា នេះថា អាជ្ញាធរជំនាញបានសហការជាមួយនិងអង្គការជាដៃគូ យកសំណាកសត្វផ្សោតមួយក្បាលនេះទៅធ្វើកោសល្យវិច្ច័យ ដើម្បីរកមូលហេតុនៃការងាប់ឱ្យឃើញពិតប្រាកដ ។ ព្រោះថា នៅលើដងខ្លួនរបស់សំណាកផ្សោតមួយក្បាលនេះ មិនត្រូវបានរកឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ គ្រាន់តែផ្ទៃមុខមានស្នាមឈាម ។
ជាមួយគ្នានេះ លោកបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា មូលហេតុនៃការងាប់អាច កើតមានលើចំណុច៣ផ្សេងគ្នា រួមមានទី១-ផ្សោតដែលទើបកើតអាចត្រូវបារបស់វាខាំក្រវាត់ប៉ះទៅនិងថ្មបណ្តាលឲ្យងាប់ និងទី២-អាចដោយសារកត្តាធម្មជាតិទឹករីងស្ងួត អាកាសធាតុក្តៅខ្លាំង និងទី៣-ការងាប់អាចបណ្តាលមកពីក្រុមឱកាសនិយម ដែលលួចធ្វើនេសាទនៅតាមតំបន់ អន្លង់ហាមឃាត់ដើម្បីចាប់យកត្រីនៅពេលមន្ត្រីឆ្មាំមិននៅគឺពួកគេបានធ្វើសកម្មភាពលួចឆក់ ។
ចែករំលែកព័តមាននេះ