រាជធានីភ្នំពេញ ៖ បន្ទាប់ពីជំងឺកូវីដ១៩ នៅកម្ពុជាបានរាលដាលកាន់តែខ្លាំងរហូតដល់១៣ រាជធានីខេត្តហើយនោះ ធ្វើអោយពលរដ្ឋកម្ពុជាមួយចំនួនធំ បានសម្រុកទិញស្បៀងអាហារទុកនៅផ្ទះ ធ្វើអោយទំនិញមួយចំនួន ដែលរក្សាទុកបានយូរឡើងថ្លៃមួយរំពេចដូចជា ត្រីខ កំប៉ុង ត្រីងៀត សាច់ងៀតផ្សេងៗជាពិសេសនោះ ស៊ុតទា ក៏ឃើញថាធ្លាប់តែពិបាកលក់ ពេលនេះ បែរជាឡើងថ្លៃភ្លាមៗតែម្ដង ធ្វើអោយអ្នកចិញ្ចឹមទាហាក់មានទឹកចិត្តចិញ្ចឹមឡើងវិញ ។
យោងតាមអ្នកចិញ្ចឹមទាយកស៊ុតនៅស្រុកអង្គរជ័យខេត្តកំពត អ្នកស្រី សុនបានអោយដឹងថា បន្ទាប់ពីមានព័ត៌មានវឹកវរថា មានជំងឺកូវីដ ឃើញថា ពងទារបស់អ្នកស្រុកបានឡើងថ្លៃឡើងវិញ ហើយរកតែពងទាលក់អោយឈ្មួញសឹងមិនបានផង ព្រោះព្រឹកឡើង ឡានតាក់ស៊ីដែលធ្លាប់តែដឹកភ្ញៀវ ពេលនេះលែងមានភ្ញៀវដឹកហើយគឺងាកមកដឹកពងទាវិញម្ដង ធ្វើអោយពងទាកាន់តែឡើងថ្លៃ ។
អ្នកស្រីបន្តថា ពេលនេះពងទាមួយគ្រាប់អាចមានតម្លៃចន្លោះពី៤៥០រៀលទៅ ៥០០រៀលខណៈពីមុន វាមានតម្លៃត្រឹមតែ ៣០០រៀលទៅ៤៤០រៀលប៉ុណ្ណោះ ក្នុងមួយគ្រាប់ ។ តែអ្វីដែលស្ដាយនោះ អ្នកស្រុកមួយចំនួនដែលធ្លាប់ចិញ្ចឹមទាបែរជាបោះបង់ឈប់ចិញ្ចឹម កាលពីមុននេះបន្តិច បើពុំនោះទេ អ្នកស្រុកនឹងមានពងទាកាន់តែច្រើនសម្រាប់ផ្គង់ផ្គង់លើងទីផ្សារ ។ អ្នកស្រីនិយាយថា ៖« ពេលនេះពងទាសាបបានឡើងថ្លៃឡើងវិញ និងថ្លៃស្ទើរតែមិនធ្លាប់មាន តែមកធ្លាប់ពងទាកូនទៅវិញ ដែលពីមុនមួយគ្រាប់លក់បាន ៥០០រៀល ពេលនេះ ធ្លាក់មកនៅត្រឹម៣០០រៀលឬ៤០០រៀលប៉ុណ្ណោះក្នុងមួយគ្រាប់ ហើយមកឡើងពងទាសាបវិញ » ។
អ្នកស្រីបន្ថែមថា បើសិនជាពងទានៅតែមានតម្លៃថ្លៃបែបនេះបន្តទៀត អ្នកភូមិស្រុក រួមទាំងអ្នកស្រី អាចនឹងចិញ្ចឹមទាកាន់តែច្រើនឡើងវិញ ក៏ប៉ុន្តែខ្លាចតែទីផ្សារមិនទៀង ពេលចិញ្ចឹមបានផលហើយបែរជាធ្លាក់ចុះថ្លៃ ធ្វើអោយខាតដើម ។ ពេលនេះ មិនមែនតែពងទាទេដែលឡើងថ្លៃ សូម្បីតែមេទាក៏ឡើងថ្លៃដូចគ្នា ។ ពីមុន មេទាមួយក្បាលមានតម្លៃត្រឹម១៦០០០រៀលតែពេលនេះ បានឡើងដល់ជាង២០០០០រៀលឯណោះក្នុងមួយក្បាល ។តែបើសិនជាអ្នកចិញ្ចឹមចង់យកកូនទាមកចិញ្ចឹមពួកគេ ត្រូវការចំណាយពេល៧ខែទៅ៨ខែ ដើម្បីបានផលពងទា ។
អ្នកស្រី ស្រីមុំ អ្នកលក់ពងទារាយតាមតូបចាប់ហួយក៏បានអោយផងដែរម្នាក់ៗមករកតែពងទាហើយក្នុងម្នាក់ៗទិញរាប់សិបគ្រាប់ ដែលខុសពីមុន អ្នកមករកទិញពងទារម្ដងៗត្រឹម៤ទៅ៥គ្រាប់អីទេ តែពេលនេះពួកគាត់ហាក់ទិញធ្វើអ្វីដែលមានធុរនៅផ្ទះអញ្ចឹងដែរ ក៏ប៉ុន្តែពួកគាត់ថាទិញទុកអោយហើយ ខ្ចិលមករកទិញម្ដងទៀត ។
សូមបញ្ជាក់ថា ក្រោយពេលដែលកម្ពុជា បានរកឃើញករណីអ្នកឆ្លងកូវីដ ១៩ កាន់តែច្រើនឡើងៗ ពលរដ្ឋនាំគ្នាសម្រុកទុកស្បៀងទុកនៅផ្ទះរៀងៗខ្លួន ធ្វើអោយទំនិញមួយចំនួនឡើងថ្លៃភ្លាមៗផងដែរ ។ រដ្ឋាភិបាលក៏បានប្រកាសកន្លងមកថា សូមកុំអោយមានការកត់ស្លុតនិងទិញស្បៀងទុកនៅផ្ទះ នាំតែខូចទទេៗនោះទេ ។ យ៉ាងណាក៏ដោយពលរដ្ឋនៅតែបន្តទុកស្បៀងអាហារទុកសម្រាប់បរិភោគផងដែរ បង្ការខ្លាចគេបិទផ្សារ ឬមិនមានអ្នកលក់អោយបរិភោគ ៕
ចែករំលែកព័តមាននេះ