ដោយសារភ័យខ្លាចកូវីដ-១៩ ធ្វើឱ្យ​អ្នក​ភូមិ​រក​ជំនឿ​​ផ្សេងៗ


ខេត្តកំពង់ស្ពឺ ៖ ដោយសារ​តែ​មានការ​ភ័យ​ខ្លាច​មេរោគ​កូ​វី​ដ​-១៩​​ដែល​កំពុង​រាតត្បាត​ បាន​ធ្វើ​ឱ្យ​អ្នក​ភូមិ​តាម​ទី​​ជនបទ ​ខ្លះ​ងាក​ទៅ​រក​អបិយ​ជំនឿ​ផ្សេង​ៗ នាំ​គ្នា​ធ្វើ​រូប​ទីងមោង​ពី​ចំបើង យក​មក​ចង​ភ្ជាប់​នៅ​តាម​របង​ផ្ទះ ដើម្បី​ឧបកិច្ច​ឲ្យ​ទីងមោង​ទាំងនេះ ដេញ​គ្រោះ​ឧ​ប​ទ្រុប​ចង្រៃ​កុំ​ឲ្យ​ចូល​មក​បៀតបៀន​យាយី​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គាត់ ។ ក្រៅពី​ទីងមោង​ក៏​មាន​ភ្នក់ភ្លើង​ដុត​ទល់​ភ្លឺ​ទៀត​ផង ។ ជំនឿ​របៀប​នេះ​គឺ​មាន​តាំងពី​បុរាណ​មក​ម្ល៉េះ​មិនមែន​ទើបតែ​មាននៅ​ពេល​នេះ​ទេ ។

បើ​តាម​លោកតា​មួយ​រូប​ឈ្មោះ​អូន រស់នៅ​ភូមិ​ត្រាវ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី បាន​បញ្ជាក់​ប្រាប់​ថា ការ​តាំង​ទីងមោង​នេះ គឺ​កើត​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ ឲ្យ​តែ​ដល់​មុន​រដូវ​ចូល​ឆ្នាំ គឺ​ពលរដ្ឋ​តែងតែ​នាំ​គ្នា​យក​អាវ​និង​ខោ​ចាស់​ៗ ហើយ​យក​ចំបើង​មក​ញ៉ុ​ក​ចង​ជាមួយ​ឈើឆ្កាង​ធ្វើ​ជា​រូប​មនុស្ស ដោយ​ឧបកិច្ច​ឲ្យ​ទីងមោង​នេះ​ដេញ​គ្រោះ ឧ​ប​ទ្រុប​ចង្រៃ​ចេញពី​ក្រុម​គ្រួសារ​របស់​គាត់​គឺ​មិន​ឱ្យមក​យាយី និង​បៀតបៀន​ដល់​សមាជិកគ្រួសារ​ណាមួយ​ឲ្យ​កើត​មាន​ជំងឺ​នោះ​ទេ ។

លោកតា​បាន​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​ថ្មី​ៗ​នេះ ស្រាប់តែ​មាន​ផ្ទុះ​ជំងឺ​ដែល​ខាង​ពេទ្យ​ហៅ​ថា​កូ​វី​ដ​-១៩ នោះ​ធ្វើ​ឲ្យ​អ្នកស្រុក​រឹតតែ​មានការ​ភ័យ​ខ្លាច​បាន​នាំ​គ្នា​នឹកឃើញ​ការ​ដាក់​តាំង​រូប​ទីងមោង​នេះ ព្រមទាំង​នាំ​គ្នា​ធ្វើ​ភ្នក់ភ្លើង​ដុត​នៅ​ពេល​យប់​ស្ទើរ​ដល់​ភ្លឺ​មិន​ឱ្យ​រលត់​ទេ ក្នុង​គោលបំណង​បញ្ជៀ​ស​នូវ​ឧ​ប​ទ្រុប​ចង្រៃ​កុំ​ឱ្យមក​បៀតបៀន​យាយី​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គាត់ ។ មាន​ភូមិ​ជា​ច្រើន​ក្នុងស្រុក​គងពិសី​បាន​ធ្វើ​ទីងមោង​និង​ដុត​ភ្លើង​មុខ​ផ្ទះ​ជា​ជំនឿ​ត​ៗ​គ្នា​មិន​អាច​លុប​ជំនឿ​នេះ​បាន​ទេ ។

អ្នកស្រុក​តាម​ទី​ជនបទ​ភ័យ​ពេក​នាំ​គ្នា​ចង​ទីងមោង​ការពារ​ជំងឺ​កូ​រ៉ូ​ណា
ខេត្តពោធិ៍សាត់ ៖ ដោយសារ​តែ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ កាន់តែ​មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​មួយ​ចំនួន​ក្នុង​ខេត្តពោធិ៍សាត់ មានការ​ភិតភ័យ​យ៉ាង​ខ្លាំង បាន​នាំ​គ្នា​ប្រើ​មធ្យោបាយ​ចង​ទីងមោង​តាម​ខ្លោង​ទ្វាររបង​ផ្ទះ​គ្រប់​គ្នា គ្រប់​ផ្ទះ​ក្នុងភូមិ ដើម្បី​ការពារ​មេរោគ​កូ​វី​ដ​-១៩​កុំ​ឲ្យ​ចូល​ទៅ​ចម្លង​កូនចៅ ។ ការ​ធ្វើ​បែប​នេះ ជា​ការ​យល់​ឃើញ​របស់​ពួក​គាត់​មួយ​បែប​ដែល​មាន​អ​បី​យ​ជំនឿ​បន្ត​ពី​ចាស់​ៗ​ជំនាន់​មុន ។ ពេល​មាន​ជំងឺ​អ្វី​រាតត្បាត​ក្នុងភូមិ​ម្ដង​ៗ ពួក​គាត់​តែងតែ​ចង​ទីងមោង​ដើម្បី​បន្លាច​ខ្មោច​ព្រាយ​បិសាច ដេញ​ជំងឺ​អាសន្នរោគ និង​ឧ​ប​ទ្រុប​ចង្រៃ​ផ្សេង​ៗ កុំ​ឲ្យ​មក​យាយី​ក្រុម​គ្រួសារ​របស់​ពួក​គាត់ ។

ជាក់ស្ដែង ខណៈ​ពេល​ដែល​ពិភពលោក​ក៍​ដូច​ប្រទេស​កម្ពុជា​យើង​កំពុង​តែ​វឹកវរ​នឹង​ជំងឺឆ្លង​កូ​វី​ដ​-១៩ ដែល​កំពុង​តែ​ចម្លង ស្រាប់តែ​គេ​ឃើញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តាម​សង្កាត់​ជាយ​ៗ​ក្រុង​ពោធិ៍សាត់ និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត នាំ​គ្នា​ចង​ទីងមោង​តាម​ខ្លោង​ទ្វាររបង​ផ្ទះ​ព្រោងព្រាត ខ្លះ​ជា​រូប​ទាហាន ខ្លះ​ជា​រូប​មនុស្ស​ពាក់​មុខ​ត្លុក និង​មនុស្ស​កាន់​ដាវ កាំបិត ពូថៅ​ជាដើម ដែល​ធ្វើ​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​ផ្សព្វផ្សាយ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដល់​ពួក​គាត់​ទប់​សំណើច​មិន​បាន តែ​មិន​ហ៊ាន​រារាំង​ជំនឿ​ពួក​គាត់​ទេ ។

សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០​នេះ រដ្ឋបាល​ខេត្តពោធិ៍សាត់​បាន​បន្ដ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ក្រុង​ពោធិ៍សាត់ ដោយ​បាន​បែងចែក​ជា​៣​ក្រុម ក្រុម​ទី​១-​ចុះ​ទៅ​សង្កាត់​ចំរើន​ផល និង​សង្កាត់​លលកស ក្រុម​ទី​២-​សង្កាត់​ផ្ទះ​ព្រៃ និង​ស្វាយ​អាត់ ក្រុម​ទី​៣-​សង្កាត់​បន្ទាយ​ដី និង​សង្កាត់​រលាប ។ នៅ​ក្នុង​នោះ​មាន​រថយន្ដ​ចំនួន​១១​គ្រឿង បំពាក់​ឧបករណ៍​ឧ​គ្ឃោ​សន​ស័ព្ទ​៦​គ្រឿង ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​សាលាខេត្ត មន្ត្រី​មន្ទីរ​ព័ត៌មាន មន្ត្រី​មន្ទីរ​សុខាភិបាល និង​ក្រុម​យុវជន​ក្មេង​វត្ត ។ ក្រុម​នីមួយ​ៗ​បាន​ចុះ​ពន្យល់​ណែនាំ​ដោយ​ផ្ទាល់ អំពី​វិធី​ការពារ លាង​សម្អាត​ដៃ​នឹង​សាប៊ូ​ឲ្យ​បាន​ស្អាត​ជា​និច្ច និង​បាន​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អប់រំ ជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ និង​តាម​ភូមិ​នីមួយ​ៗ​ផង​ដែរ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ