WIKI TV ជាទូរទស្សន៍អប់រំដំបូងគេនៅកម្ពុជា ដែលប្រើបច្ចកវិទ្យាទំនើប ឥឡូវនេះមានវត្តមាននៅលើ SINGMENG TV និង Splus ហើយ
- ភ្នំពេញ
WIKI TV ជាទូរទស្សន៍អប់រំដំបូងគេនៅកម្ពុជា ដែលមានគោលដៅផ្សព្វផ្សាយកម្មវិធីអប់រំ ដោយប្រើបច្ចេកវិទ្យាទំនើបដែលបង្កើតឡើងដោយក្រុមហ៊ុន ផុស្ការ (POSCAR (Cambodia)) ដោយបានទទួលលិខិតអនុញ្ញាតិពីក្រសួងព័ត៌មានលេខ ៣៧៣ ព.មប្រក ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ និងបានចុះកិច្ចព្រមព្រៀងស្តីពី-គម្រោងព្សព្វផ្សាយ ផលិត និងប្រើប្រាស់មាតិកាអប់រំ រវាងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ ។
ដើម្បីចូលរួមលើកស្ទួយទៅលើការសិក្សារបស់សិស្សានុសិស្សនៅក្នុងកំឡុងពេលនៃការផ្អាកគ្រឹះស្ថានសិក្សាបណ្តោះអាសន្នដោយសារការរីករាលដាលនៃមេរោគ Covid-19 ក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់សេវាកម្ម អ៊ីនធើរណិត ទូរទស្សន៍ ទូរស័ព្ទ និងមានសេវាកម្មជាច្រើនទៀត បានសហការជាមួយ WIKI TV ក្នុងការបន្ថែមប៉ុស្តិ៍ WIKI TV ទៅលើប្រអប់ទូរទស្សន៍ស៊ីងម៉ឹង SINGMENG TV និងកម្មវិធីទូរទស្សន៍តាមរយៈទូរស័ព្ទដៃ Splus ដែលមានរូបភាពច្បាស់កម្រិត HD និងអាចទស្សនាសារឡើងវិញបានក្នុងរយៈពេល 7 ថ្ងៃដែលមានតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនោះកម្មវីធីទូរទស្សន៍ WIKI TV មាននៅលើទូរទស្សន៍ស៊ីងម៉ឹង SINGMENG TV លេខរៀងប៉ុស្តិ៍លេខ ១១៩ និងនៅលើកម្មវិធីទូរទស្សន៍តាមរយៈទូរស័ព្ទដៃ Splus ដែលសិស្សានុសិស្សអាចទាញយក (ដោនឡូត) កម្មវិធីទូរស័ព្ទដៃបានលើទូរស័ព្ទស្មាតហ្វូន iOS និង Android តាមតំណភ្ជាប់នេះ ៖ http://hyperurl.co/SplusMobileTV ឬគ្រាន់តែវាយពាក្យ Splus ហើយស្វែងរកនៅក្នុង App Store និង Play Store ជាការស្រេច ។
កម្មវិធីសិក្សានឹងផ្សាយជារៀនរាល់ថ្ងៃជាមួយនឹងលោកគ្រូ អ្នកគ្រូដែលមានបទពិសោធន៍បង្រៀនយូរឆ្នាំដែលមានមេរៀនដូចជា ៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងអក្សរសាស្ត្រខ្មែរជាដើម ដែលស្របទៅនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ។ សិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ អាចមើលវីដេអូមេរៀនប្រចាំថ្ងៃ ដោយថ្នាក់ទី ៩ មានម៉ោងសិក្សាពីម៉ោង ៧ ដល់ម៉ោង ៩ ព្រឹក និងថ្នាក់ទី ១២ ចាប់ពីម៉ោង ១ ដល់ម៉ោង ៣ រសៀល បើខកខានមើលសិស្សអាចមើលការចាក់ផ្សាយឡើងវិញ នៅម៉ោង ៤ រសៀល ដល់ម៉ោង ៧ យប់ សម្រាប់សិស្សថ្នាក់ទី ៩ និង ម៉ោង ៧ ដល់ម៉ោង ១០ យប់ សម្រាប់សិស្សថ្នាក់ទី ១២ ។
លោក ងន់ ម័រ សហស្ថាបនិក WIKI TV បានលើកឡើងថា WIKI TV បានផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស អាចសិក្សាជាមួយសាស្ត្រាចារ្យល្បីៗជាច្រើន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ WIKI TV គឺជាវេទិកាសិក្សាតាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួល និងប្រកបដោយគំនិតច្នៃប្រឌិតថ្មីបំផុត នៅប្រទេសកម្ពុជា ។
លោកបានបន្ថែមទៀតថា៖ «នេះគឺជាឱកាសដ៏ល្អដើម្បីទទួលយកបទពិសោធន៍ថ្មីនៃការសិក្សាតាមបែបឌីជីថល» ។
សូមបញ្ជាក់ថា WIKI TV កម្មវិធីទូរទស្សន៍បង្រៀនតាមអនឡាញ នឹងចាប់ផ្សាយជាផ្លូវការលើទូរទស្សន៍ SINGMENG TV និង Splus ចាប់ពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២ ០២០ នេះតទៅ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ