រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ តុលា ២០១៤ របាំបុរាណមានចំណងជើងថា «ផ្គររន្ទះ និងផ្លេកបន្ទោរ» នឹងសម្តែងនៅសាលសន្និសីទចតុម្មុខរាជធានីភ្នំពេញ ជូនដល់សាធារណជនទស្សនា ។លោកស្រីសុភីលីន ជាអ្នករៀបចំកម្មវិធី និងជាអ្នកគ្រប់គ្រងក្រុមសិល្បៈសុភីលីន ឱ្យដឹងកាលពីថ្ងៃទី២៣ កញ្ញា ២០១៤ ថា «ផ្គររន្ទះ និងផ្លេកបន្ទោរ» ជាស្នាដៃទី២ របស់ក្រុមសិល្បៈសុភីលីន ដែលកាលពីបុ៉ន្មានខែមុនបានបង្ហាញស្នាដៃរបាំរឿង «ទន្លេកោងមួយ» មានអ្នកគាំទ្រច្រើន។ ក្រុមសិល្បៈសុភីលីន មានគម្រោងសម្តែង២ឆ្នាំ ដោយក្នុងរយៈពេល៤ខែសម្តែងស្នាដៃថ្មីម្តង។
ផែនការនេះគឺដើម្បីបង្ហាញស្នាដៃ ល្អៗដល់ទស្សនិកជន ។ ជាពិសេសសិល្បករបានបង្ហាញទេពកោសល្យរបស់ខ្លួន ។ ម្យ៉ាងជាការព្យាយាមរកប្រាក់ចំណូលជូនសិល្បករបុរាណដែលខុសពីសិល្បករផ្នែកសម័យមានប្រាក់ចំណូលច្រើន ។ អ្នកស្រីសុភីលីន ព្យាយាមធ្វើយ៉ាងណាឱ្យសិល្បករបានប្រាក់ចំណូលដើម្បីលើកទឹកចិត្តពួកគេ ។
អ្នកស្រីសុភីលីន ថ្លែងថា «អ្នករបាំ នីមួយៗហាក់រៀនយូរណាស់ ខ្លះចំណាយពេល១០ទៅ២០ឆ្នាំ ដូច្នេះបើអត់បានអ្វីទទួលមកវិញ គឺជាភាពសោកសៅ និងបាក់ទឹកចិត្ត ។ លើសពីនេះពួកគាត់នឹងងាកទៅធ្វើការងារអ្វីផ្សេង ព្រោះតែជីវភាពដែលវាជាគ្រោះអាក្រក់មួយសម្រាប់របាំបុរាណដែលអាចនឹងបាត់បង់ ។ បើចង់ថែរក្សាសិល្បៈបុរាណ ទាល់តែថែរក្សាធនធានមនុស្ស ហើយធ្វើទៅបានទាល់តែមានកម្មវិធីសម្តែងបង្ហាញពីទេពកោសល្យ បូករួមនឹងប្រាក់លើកទឹកចិត្ត ។
ស្របពេលវប្បធម៌បរទេសហូរចូល យើងត្រូវរកឱកាសយ៉ាងណាពង្រឹងវប្បធម៌ ស្នាដៃបុរាណយើងឱ្យបានល្អ ដូច្នេះហើយទើបខ្ញុំប្រឹងរិះរកស្នាដៃថ្មីល្អក្រោមការគោរពអ្វីដែលមានពីមុនមក ។ បែបនេះហើយទើបខ្ញុំបានមូលមតិគ្នាលក់សំបុត្រដើម្បីបានចំណូលខ្លះចំពោះអ្វីដែលខិតខំតស៊ូហាត់រៀន ហើយធានាថា ស្នាដៃត្រៀមសម្តែងនោះពិតជាមានភាពទាក់ទាញ» ។
ល្ខោនក្បាច់បុរាណរឿង «ផ្គររន្ទះ និងផ្លេកបន្ទោរ» ឈ្មោះដើម «រាមសូរ និងនាងមុនីមេលា» ។ នាងមុនីមេខលា ជាទេពធីតារក្សាដែនសមុទ្រកាន់កែវមុនី ។ ចំណែករាមសូរ ជាអសុរា ជាព្រលឹងនៃខ្យល់ព្យុះ កាន់ពូថៅពេជ្រ ជ្រែកអាកាស និងដែនសមុទ្រស្វែងរកនាងមុនីមេខលា ដើម្បីដណ្តើមយកកែវមុនី ។ ដោយដណ្តើមពុំបាន រាមសូរ ក៏គ្រវែងពូថៅពេជ្របម្រុងសម្លាប់នាងមុនីមេខលា តែនាងបានគេចផុត ។ ពូថៅហោះទៅលើទង្គិចនឹងថ្មភ្នំ បង្កើតបានជាផ្គររន្ទះគគ្រាំ។ នាងមេខលា បោះកែវមុនីទៅលើអាកាសបង្កើតបានជាផ្លេកបន្ទោរភ្លឺសន្ធោសន្ធៅ ។ ព្រះវរឈុន ជាអាទិទេពផែនដីប្រយុទ្ធនឹងរាមសូរ តែត្រូវអសុរាកំណាចចាប់បោកនឹងថ្មភ្នំសុគតទៅ ។ ព្រះសពវរឈុនក្លាយជាព្រះធរណី ។
ធាតុទឹក និងធាតុភ្លើង ផ្គររន្ទះ និងផ្លេកបន្ទោរបង្កើតបានជាភ្លៀងធ្លាក់ស្រោចស្រពលើដីស្រែចម្ការដ៏មានជីជាតិ ដែលនាំឱ្យការបង្កបង្កើនផលរបស់ប្រជាជនខ្មែរយើងបានភោគផលល្អបរិបូរណ៍ ។កាលបរិច្ឆេទសម្តែងរបាំរឿង «ផ្គររន្ទះ និងផ្លេកបន្ទោរ» ពីថ្ងៃទី៩ ដល់១១ តុលា វេលាម៉ោង៧យប់ និងនៅថ្ងៃទី១២ តុលា វេលាម៉ោង៤រសៀល នៅសាលសន្និសីទចតុម្មុខ ។ សំបុត្រលក់ក្នុងតម្លៃ៦ម៉ឺនរៀល, ៤ម៉ឺនរៀល និង២ម៉ឺនរៀល។ ចំពោះសិស្ស និស្សិត តម្លៃ១ម៉ឺន ២ពាន់រៀល។ សំបុត្រចាប់លក់ពីថ្ងៃទី៦ តុលា តទៅ ដោយអាចទាក់ទងតាមលេខទូរស័ព្ទ ០៩២ ២៧៥ ០៧៣ ៕
ចែករំលែកព័តមាននេះ