រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងដែលនាទស្សវត្សន៍ឆ្នាំ៩០ អ្នកនាងអុឹម សុវណ្ណផល្លា បានអះអាងថា រហូតមកទល់បច្ចុប្បន្ននេះ អ្នកនាងមិនមានគោលបំណងណាមួយនឹងវិលរកអាជីពសម្តែងជាថ្មីឡើងវិញឡើយ បើទោះបីជាបច្ចុប្បន្នវិស័យសិល្បៈភាពយន្តខ្មែរកំពុងតែរីកដុះដាលយ៉ាងណាក្តី ។
ការដែលមិនវិលមកវិញនេះ គឺដោយសារអ្នកនាងគិតថា ខ្លួនមានវ័យកាន់តែចាស់ និងបានឃ្លាតឆ្ងាយពីសិល្បៈប្រមាណជាង២០ឆ្នាំមកហើយ ខណៈពេលដែលបច្ចុប្បន្នមានតារាថ្មីៗជាច្រើន ដែលកំពុងរីកលូតលាស់ ហេតុនេះអ្នកនាងមិនមានបំណងចូលប្រឡូកក្នុងអាជីពមួយនេះទៀតឡើយ។
អ្នកនាង អុឹម សុវណ្ណផល្លា បានអះអាងប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិចកាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០២០នេះថា បើទោះបីជាបច្ចុប្បន្នអ្នកនាងសង្កេតឃើញសិល្បៈភាពយន្តខ្មែរកំពុងតែមានភាពរីកចម្រើនទាំងភាពយន្តខ្នាតធំ និងភាពយន្តភាគចាក់បញ្ចាំងតាមទូរទស្សន៍ក៏ដោយ ប៉ុន្តែអ្នកនាងនៅតែប្រកាន់ ជំហរនឹងមិនវិលមកអាជីពសិល្បៈជាថ្មីឡើងវិញឡើយ ។ អ្នកនាងបញ្ជាក់ថា អាជីពសិល្បៈនេះ អ្នកនាងបានបោះ បង់ចោលអស់ប្រមាណជាង២០ឆ្នាំមកហើយ បន្ទាប់ពីអ្នកនាងបានសម្រេចរៀបការមានស្វាមី ខណៈពេលដែលអ្នកស្រីក៏មិនចង់បង្ហាញមុខជាថ្មីលើវិថីចាស់ ដោយទុកឱកាសឲ្យតារាថ្មីគេបានសម្តែង ។
ដោយមិនបញ្ជាក់ពីមូលហេតច្បាស់លាស់ក្នុងការវិលមកកាន់សម្តែងជាថ្មីឡើងវិញយ៉ាងណាក៏ដោយ អ្នកនាង អុឹម សុវណ្ណផល្លា បានអះអាងដោយខ្លីថា ខ្លួនមានវ័យកាន់តែចាស់ហើយ មិនចង់សម្តែងបន្តទៀតឡើយ ក្នុងពេលដែលអ្នកនាងបានចោលអាជីពនេះអស់ជាច្រើនឆ្នាំផងនោះ។ យ៉ាងណាក៏ដោយ បើទោះបីជាអ្នកនាងបានផ្តាច់អាជីពសិល្បៈចោលទាំងស្រុងក៏ដោយ ប៉ុន្តែអ្នកនាងក៏មិនបោះបង់ចោលការជួបជុំ និងការជួបប្រាស្រ័យទាក់ទងគ្នាក្នុងនាមជាមិត្តភក្តិជាមួយតារាជើងចាស់នានា ដែលធ្លាប់សម្តែងរួមគ្នាកាលពីអតីតកាលនោះដែរ។
អុ្នកនាង អុឹម សុវណ្ណផល្លា បានរស់នៅជាស្ត្រីមេម៉ាយ បន្ទាប់ពីស្វាមីដែលមានឋានៈខ្ពស់មួយរូបបានទទួលមរណៈភាពចោលអ្នកស្រីកាលពីអំឡុងឆ្នាំ២០១៨ ក្នុងពេលដែលកូនស្រីតែមួយគត់របស់អ្នកនាង ក៏បានទទួលមរណៈភាពចោលអ្នកនាងផងដែរ។ មរណៈភាពកូនស្រីជាទីស្រឡាញ់របស់អ្នកនាងបានទទួលមរណៈភាពនេះ នាំឲ្យអ្នកនាង អុឹម សុវណ្ណផល្លា មិនមានកូនណាអាចបន្តវេនសិល្បៈពីអ្នកនាងឡើយ ខុសពីតារារួមជំនាន់គឺអ្នកនាង កែវ កល្យាណ ដែលបាននឹងកំពុងបណ្តុះកូនស្រីឲ្យដើរតាមគន្លងសិល្បៈដូចជាអ្នកនាងផងដែរ ។
អ្នកនាង អុឹម សុវណ្ណផល្លា គឺជាអតីតារាសម្តែងដ៏ល្បីឈ្មោះមួយរូប នាអំឡុងឆ្នាំ១៩៩០ ជាមួយនឹងតារារួមជំនាន់ មានដូចជាអ្នកនាងអម្ពរទេវី, កែវ កល្យាណ, ចាន់ តារាទី, សុខ ស្រីមុំ, អ៊ុំុ សុវណ្ណនី រួមនឹងតារាមួយចំនួនទៀត ក្នុងសម័យកាលដែលភាពយន្តខ្មែរកំពុងក្លាយជាទីចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន ។ យ៉ាងណា បើទោះបីជាតារារួមជំនាន់ជាមួយអ្នកនាងមួយចំនួននៅតែបន្តអាជីពសិល្បៈ រហូតមកទល់បច្ចុប្បន្នក៏ដោយ ប៉ុន្តែរហូតមកទល់ពេលនេះអ្នកនាង អុឹម សុវណ្ណផល្លា មិនបានងាកក្រោយឬមិនចាប់អារម្មណ៍ក្នុងការមកចាប់អាជីពសម្តែងជាថ្មីឡើងវិញនោះដែរ បើទោះបីជាអ្នកនាងអាចនៅតែរក្សាការសម្តែងជាតួអង្គម្តាយក៏ដោយ ។
ចែករំលែកព័តមាននេះ