ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកបររ៉ឺម៉កម៉ូតូកង់បីឥណ្ឌា ក៏ដូចជាអ្នកបើកបររ៉ឺម៉កម៉ូតូកង់បីខ្មែរនៅក្រុងប៉ោយប៉ែតបានត្អូញត្អែរថា ប៉ុន្មានខែចុងក្រោយនេះពិបាករកប្រាក់ផ្គត់ផ្គង់គ្រួសារ និងដោះស្រាយបំណុលដោយសារកត្តា២យ៉ាងកើតឡើងផ្ទួនៗនឹកស្មានមិនដល់ គឺជនជាតិចិនចេញអស់ ចំណែកវីរុសកូវីដ-១៩ក៏បានមកដល់។
កន្លងមកក្រុងប៉ោយប៉ែត គេឃើញមានតែរ៉ឺម៉កម៉ូតូកង់បីមិនច្រើនប៉ុន្មានទេដឹកអ្នកដំណើរ និងទំនិញ លុះ២ឬ៣ឆ្នាំចុងក្រោយនេះរ៉ឺម៉កម៉ូតូកង់បីឥណ្ឌាបានកើនឡើងព្រោងព្រាត ពោលគឺសម្បូរពេញបន្ទុកនៅពេលជនជាតិចិនចូលស្រុកខ្មែរនាឆ្នាំ២០១៨និង២០១៩កន្លងមកនេះ ។
មកទល់ពេលនេះ អ្នកបើកបររ៉ឺម៉កម៉ូតូកង់បីឥណ្ឌាខ្លះនិយាយថា ចំនួនរ៉ឺម៉កម៉ូតូកង់បីឥណ្ឌានៅក្រុងប៉ោយប៉ែតមានមិនតិចជាង១៥០ទៅ២០០គ្រឿងទេ ហើយតម្លៃនោះទៀតសោតក៏មិនថោកដែរ ដោយរ៉ឺម៉កម៉ូតូកង់បីឥណ្ឌាស៊េរីខ្ពស់មានតម្លៃ១គ្រឿងជាង៤០០០ដុល្លារ ឯស៊េរីទាបក្នុងមួយគ្រឿងតម្លៃជាង៣០០០ដុល្លាជាដើម។
អ្នកបើកបររ៉ឺម៉កម៉ូតូកង់បីឥណ្ឌាខ្លះក៏រកប្រាក់បែបកាលីបគឺមានភ្ញៀវទាក់ទងរកតាមទូរស័ព្ទតាមរយៈក្រុមហ៊ុន ប៉ុន្តែមិនកាក់កបដូចពេលចិនកំពុងស្ថិតនៅគគ្រឹកគគ្រេងនោះទេ ដោយអះអាងថា១ថ្ងៃរកប្រាក់បានត្រឹមតែ១០ទៅ១៥ដុល្លារ ស្មើនឹង៥ទៅ៦ម៉ឺនរៀលប៉ុណ្ណោះ។
ដោយឡែកអ្នកបើកបររ៉ឺម៉កម៉ូតូកង់បីឥណ្ឌាមួយចំនួនធំរកប្រាក់តាមបែបសាមញ្ញត្អូញត្អែថា «ជិតដាច់បាយហើយពេលនេះ» ព្រោះពេលនេះមានរ៉ឺម៉កម៉ូតូកង់បីឥណ្ឌាច្រើនពេក និងគ្មានភ្ញៀវដឹក ឬក៏អាចមកពីចំនួនអ្នកដំណើរជាតិនិងអន្តរជាតិឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានការថយចុះ។
អ្នកបើកបររ៉ឺម៉កម៉ូតូកង់បីឥណ្ឌាដែលមានភ្ញៀវកក់(ប៊ុកឃីង)បាននិយាយថា កាលពីអំឡុងជនជាតិចិនមកស្នាក់នៅព្រោងព្រាតក្នុងក្រុងប៉ោយប៉ែត ថ្ងៃខ្លះគាត់អាចរកប្រាក់បានរហូតដល់ទៅ២០ម៉ឺនរៀល ឬយ៉ាងតិច១០ម៉ឺនរៀលក្នុង១ថ្ងៃ។
ទោះបីជាយ៉ាងណា ទាំងអ្នកបើកបររ៉ឺម៉កម៉ូតូកង់បីឥណ្ឌា ក៏ដូចជាអ្នករត់រ៉ឺម៉កម៉ូតូកង់បីខ្មែរពេលនេះត្អូញត្អែរថាជិតដាច់បាយដូចគ្នា ព្រោះចំនួនភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់ក្រុងប៉ោយប៉ែតហាក់មានការធ្លាក់ចុះខ្លាំង មិនតែប៉ុណ្ណោះជនជាតិចិនបានចាកចេញស្ទើរតែអស់ ម្យ៉ាងគាប់ជួនវីរុសកូវីដ-១៩មកដល់ទៀត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ