ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​កូន​ខ្លាឃ្មុំ​មួយ​ក្បាល​ជូន​ឧកញ៉ា ទៀ វិចិត្រ ជួយ​យក​ទៅ​លែង​ក្នុង​ព្រៃ​ធម្ម​ជាតិ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុមការងារ​អភិរក្ស​សត្វព្រៃ​កម្រ ដឹកនាំ​ដោយ លោក​ឧកញ៉ា ទៀ វិចិត្រ ថ្លែង​សាទរ​ចំពោះ​ទឹកចិត្ត និង​ការ​ចូលរួម​លើ​ការងារ​ការពារ​ថែរក្សា និង​អភិរក្ស​សត្វព្រៃ…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុមការងារ​អភិរក្ស​សត្វព្រៃ​កម្រ ដឹកនាំ​ដោយ លោក​ឧកញ៉ា ទៀ វិចិត្រ ថ្លែង​សាទរ​ចំពោះ​ទឹកចិត្ត និង​ការ​ចូលរួម​លើ​ការងារ​ការពារ​ថែរក្សា និង​អភិរក្ស​សត្វព្រៃ របស់​លោក ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ ដែល​បាន​ប្រគល់​សត្វ​ខ្លាឃ្មុំ​មួយ​ក្បាល ទើប​មាន​អាយុ​ប្រហែល​ចន្លោះ​ពី ៤ ទៅ ៥​ខែ ជូន​លោក​ឧកញ៉ា ទៀ វិចិត្រ ដើម្បី​នាំ​យក​ទៅ​លែង​ឲ្យ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​។

ទាក់ទិន​បញ្ហា​ខាងលើ​នេះ លោក ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៤ ខែមីនា ថា កូន​ខ្លាឃ្មុំ​មួយ​ក្បាល​នេះ រូប​លោក​ទទួល​បាន​បន្ត​ពី​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តមណ្ឌលគិរី បាន​នាំ​យក​មក​ប្រគល់​ជូន​រូប​លោក ដើម្បី​ចិញ្ចឹម ព្រោះ​បាន​វង្វេង​មេ​របស់​វា នៅ​ក្នុង​ព្រៃ​តាំងពី​តូច​មក​ម្ល៉េះ​។ ហើយ​ថា កន្លង​មក កូន​ខ្លាឃ្មុំ​មួយ​ក្បាល​នេះ រូប​លោក​បាន​លែង និង​ចិញ្ចឹម​វា​នៅ​ក្នុង​បរិវេណ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ តែ​ម្តង​។

លោក​អធិការ​បន្ត​ថា កូន​ខ្លាឃ្មុំ​ខាងលើ​នេះ ទំនងជា​អាច​មាន​អាយុ​ពី​៤​ទៅ​៥​ខែ​តែ​ប៉ុណ្ណោះ ដោយ​បាន​ដាក់​ឲ្យ​វា​ផឹក​ទឹកដោះគោ​ជា​ប្រចាំ​ថ្ងៃ​។ ហើយ​ថា កូន​ខ្លាឃ្មុំ​នេះ វា​មាន​អត្ត​ចរិត​ស្លូតបូត មិន​កាច​សាហាវ​នោះ​ទេ គឺជា​រៀងរាល់ថ្ងៃ​វា​រស់នៅ និង​ប្រលែង​លេង​តែ​ជាមួយ​មនុស្ស​។

លោក ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បន្ត​ថា មូលហេតុ ដែល​រូប​លោក​បាន​ប្រគល់​កូន​ខ្លាឃ្មុំ​មួយ​ក្បាក​នេះ ជូន​លោក​ឧកញ៉ា ទៀ វិចិត្រ ក៏​ដោយសារ​តែ​កន្លង​មក រូប​លោក បានឃើញ​សកម្មភាព​របស់​លោក​ឧកញ៉ា បាន​ធ្វើ​ការងារ​អភិរក្ស​សត្វព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ និង​ចូល​ចិត្ត​ចិញ្ចឹមសត្វ​ជាដើម​..​។

ម្យ៉ាងទៀត រូប​លោក​ក៏​ដូច​ជា​កម្លាំង​សមត្ថកិច្ច​ក្រោម​ឱវាទ​លោក​មិន​មាន​ពេល ដើម្បី​មើលថែ ឬ​មិន​មាន​ធន់​ធាន​ទិញ​ចំណី​សម្រាប់​យក​មក​ផ្គត់ផ្គង់​ឲ្យ​កូន​ខ្លាឃ្មុំ​នេះ ផឹក ឬ​ស៊ី​ជា​ប្រចាំ​ថ្ងៃ​នោះ​ទេ​។ ហើយ​ជា​ពិសេស គឺ​ខ្វះ​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម និង​មិន​មាន​ពេទ្យសត្វ សម្រាប់​ព្យាបាល​ពេល​កូន​ខ្លាឃ្មុំ​នេះ ឈឺ​ម្តង​ៗ​នោះ​ទេ រួច​ក៏​នឹកឃើញ​ដល់​សកម្មភាព និង​ការងារ​អភិរក្ស​សត្វព្រៃ​របស់​លោក​ឧកញ៉ា ទៀ វិចិត្រ ទើបបាន​ប្រគល់​ជូន​កូន​ខ្លាឃ្មុំ​មួយ​ក្បាល​នេះ​ជូន​ក្រុមការងារ​របស់​លោក​ឧកញ៉ា ទៀ វិចិត្រ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា​នេះ ដើម្បី​នាំ​យក​ទៅ​ចិញ្ចឹម និង​លែង​ឲ្យ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​។

ដោយឡែក​លោក​ឧកញ៉ា ទៀ វិចិត្រ ឯណេះ​វិញ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ និង​កម្លាំង​នគរបាល​ទាំងអស់ ដែល​កន្លង​មក​បាន​ជួយ​ចិញ្ចឹម​កូន​ខ្លាឃ្មុំ​មួយ​ក្បាល​នេះ តាំងពី​តូច​រហូត​មាន​អាយុ​បួន​ប្រាំ​ខែ ហើយ​បាន​ប្រគល់​ជូន​រូប​លោក ដើម្បី​ធ្វើការ​អភិរក្ស ដោយ​នាំ​យក​ទៅ​ចិញ្ចឹម និង​លែង​ឲ្យ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​នៅ​ពេល​នេះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ