ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេន ទុំ គេច​ផុត​ហានិភ័យ ក្រោយ​ជួប​គ្រោះ​ថ្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ព្រះសីហនុ

តារាចម្រៀង​លោក នេន ទុំ បាន​គេច​ផុត​ពី​ហានិភ័យ ក្រោយ​ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​តាម​បណ្តោយ​ផ្លូវ​ទៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​រាត្រី​ថ្ងៃ​ទី​១១ ខែមីនា ខណៈ​មក​ដល់​នៅ​ចំណុច​ស្រុក​ព្រៃ​នប់ ដោយសារ​តែ​រថយន្ត​របស់​លោក​បាន​បុក​ជាមួយនឹង​សត្វ​ក្របី​មួយ​ក្បាល​។ ដំណឹង​នៃ​គ្រោះថ្នាក់​របស់…

តារាចម្រៀង​លោក នេន ទុំ បាន​គេច​ផុត​ពី​ហានិភ័យ ក្រោយ​ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​តាម​បណ្តោយ​ផ្លូវ​ទៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​រាត្រី​ថ្ងៃ​ទី​១១ ខែមីនា ខណៈ​មក​ដល់​នៅ​ចំណុច​ស្រុក​ព្រៃ​នប់ ដោយសារ​តែ​រថយន្ត​របស់​លោក​បាន​បុក​ជាមួយនឹង​សត្វ​ក្របី​មួយ​ក្បាល​។
ដំណឹង​នៃ​គ្រោះថ្នាក់​របស់ នេន ទុំ នេះ បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល ក្រោយ​ពេល​ដែល​មិត្ត​ភ​ក្កិ​របស់​លោក​បាន​បង្ហោះ​រូបភាព​រថយន្ត​របស់​លោក​ទទួល​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។

មហាជន​ជា​ច្រើន​បាន​នាំ​គ្នា​សន្និដ្ឋាន​ថា បើ​តាម​មើល​សភាព​រថយន្ត នេន ទុំ អាច​នឹង​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ រហូត​អាយុជីវិត​ថែម​ទៀត​ផង ខណៈ​ពេល​ដែល​ដំណឹង​សុខទុក្ខ​របស់​លោក​ក្រោយ​ជួប​ហេតុការណ៍​នោះ​ក៏​មិន​មាន​អ្នក​ណា​អាច​ផ្តល់​ភ្លាម​ៗ​ដែរ​។

យ៉ាងណា​ក្រោយ​ហេតុការណ៍​បាន​កើតឡើង ពោល​គឺ​១​ថ្ងៃក្រោយ​គ្រោះថ្នាក់​ចរាចរណ៍ នេន ទុំ បាន​ចេញ​វី​ដេ​អូ​ឃ្លី​ប បកស្រាយ​នូវ​ហេតុការណ៍ និង​បាន​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​នូវ​ការ​លើក​ឡើង​ថា លោក​មាន​របួស​ធ្ងន់ធ្ងរ​។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នេន ទុំ បាន​អះអាង​ថា រូប​លោក និង​មិត្តភក្តិ​ដែល​បាន​រួម​ដំណើរ​ជាមួយ​គ្នា​ទាំងអស់​មិន​មាន​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​ឡើយ គ្រាន់តែ​ហើម​ដៃ​តិចតួច​ប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា ក្នុង​ការ​ធ្វើ​ដំណើរ​នេះ​លោក និង​មិត្តភក្តិ​ទាំងអស់​មិន​បាន​ទទួលទាន​សុរា​នោះ​ឡើយ ហើយ​ពួក​លោក​បាន​ដូរ​គ្នា​បើក​ម្តងម្នាក់ ដោយ​រូប​លោក​ជា​អ្នក​បើក​ចុង​ក្រោយ នៅ​ពេល​ដែល​ជួប​ហេតុការណ៍​បុក​សត្វ​ក្របី​នោះ​។

ខ្ញុំសូមនិយាយពីរឿងដែលខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ បុកក្របី​ នៅជិតក្រុងព្រះសីហនុ

ខ្ញុំបាទ​ នេន​ ទុំ សូមនិយាយពីរឿងដែលខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ បុកក្របី​ នៅជិតក្រុងព្រះសីហនុ

បាន​បង្ហោះ​ដោយ Nen Tum នៅ ព្រហស្បតិ៍ 12 មីនា 2020

លោក​បន្ថែម​ថា ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​យាយ​ម៉ៅ លោក​បាន​ចុះ​ទៅ​អុជ​ធូប​ធម្មតា ហើយ​ក៏​សុំ​បើករថយន្ត​វិញ ដោយ​បើក​ក្នុង​ល្បឿន​ប្រមាណ​ជា​៨០ ហើយ​ពេល​នោះ​ពួក​យើង​មិន​បាន​ឃើញ​សត្វ​ក្របី​នោះ​រត់​មក​ទេ ដោយសារ​ក្របី​វា​ខ្មៅ រួម​ទាំង​ពេល​យប់​ផង​នោះ​។ ត្រង់​ចំណុច​ជិត​ផ្លូវបំបែក​ព្រ​លាន​យន្តហោះ និង​សល់​ប្រមាណ​ជា​៣០​គីឡូ​ទៀត​ដល់​ខេត្ត​ព្រះ​សីហ​នុ គឺ​យើង​ជួប​ហេតុការណ៍​នេះ​តែ​ម្តង ដោយ​ក្របី​នោះ​បាន​លោត​មក​ពីមុខ​ឡាន​ប្រមាណ​ជា​៣​ទៅ​៤​ម៉ែត្រ​។

លោក​ថា ដោយសារ​ស្មារតី​រឹង​លោក​បាន​ខិតខំ​កាន់​ដៃចង្កូត និង​ចាប់​ហ្វ្រាំង​គេច​ពី​ដើមឈើ ដោយ​សារ​តែ​ក្របី​បាន​បោល​បុក​វេ​ក្បាល ជាមួយ​ពោង​ដៃ​បាន​ផ្ទុះ​ចេញ​មក ហើយ​សំណាង​យើង​បាន​គេច​ផុត​ពី​ការ​ប៉ះទង្គិច​រថយន្ត​មួយ​គ្រឿង​ដែល​យើង​បាន​រេ​ចូល​គន្លង​ផ្លូវ​គេ​។

យ៉ាងណា បន្ទាប់​ពី​ជួប​ហេតុការណ៍​នោះ​ហើយ លោក​ពិតជា​សម្តែង​ការ​កោតសរសើរ និង​អរគុណ​ដល់​សម​ត្ថិ​កិច្ច​នៅ​ទីនោះ ដែល​បាន​ខ្នះខ្នែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​រូប​លោក និង​មិត្តភក្តិ​លោក​ទាំងអស់ ជាមួយនឹង​ការ​ជូន​ទៅ​ពេទ្យ និង​ស្ទូច​រថយន្ត​មក​ភ្នំពេញ​។

លោក​ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ ដល់​ទស្សនិកជន​ទាំងអស់​ដែល​បាន​ព្រួយ​បា​ម្ភ​ពី​សុខទុក្ខ​របស់​លោក និង​បាន​សួរនាំ​យ៉ាងច្រើន តែ​លោក​សូមទោស​ដែល​មិន​បាន​ឆ្លើយ​តប​ទាន់​ពេល​វេលា ដោយសារ​លោក​នៅ​មាន​ភាព​តក់ស្លុត និង​មិនដឹង​និយាយ​ពី​ណា​ទៅ​ណា​។

បើ​តាម​លោក នេន ទុំ ក្រោយ​ជួប​ហេតុការណ៍​នេះ លោក​ក៏​បាន​សូម​អំពាវនាវ​ដល់​ម្ចាស់​ដែល​មាន​គោ ក្របី សូម​យកចិត្ត​ទុក​ថែរក្សា​ឲ្យ​ជាប់​ជៀសវាង​ដើរ​ឆ្វេ​ល​ឆ្វាច និង​សូម​ចូលរួម​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ដើម្បី​បញ្ចៀស​ពី​គ្រោះថ្នាក់​ចរាចរណ៍​៕ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ