ការបែកញើសហួសប្រមាណ និងក្លិនខ្លួនមិនល្អ មិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍ខ្មាសគេប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ការរំខានជាខ្លាំងផងដែរ។
រួមផ្សំនឹងកត្តា DNA និងអាយុ ហើយនោះអ្វីដែលអ្នកទទួលទានក៏ជាកត្តាជះឥទ្ធិពលលើក្លិនខ្លួនធម្មជាតិផងដែរ។ ទោះជាយ៉ាងណា ក៏នៅមានអាហារមួយចំនួនទៀតដែលជួយទប់ស្កាត់ ព្រមទាំងដោះស្រាយបញ្ហាក្លិនខ្លួន និងក្លិនខ្យល់ដង្ហើមមិនល្អបានយ៉ាងប្រសើរផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីទប់ស្កាត់កាត់បន្ថយបញ្ហាក្លិនខ្លួនមិនល្អ ៖
១. ជីវ៉ាន់ស៊ុយ ៖ ក្រៅពីជួយបង្កើនរសជាតិនិងក្លិននៃអាហារ ជីវ៉ាន់ស៊ុយមានផ្ទុកសម្បូរទៅដោយជាតិក្លរ៉ូភីលនិងក្លិនក្រអូបស្រស់ស្រាយដែលធ្វើឱ្យវាជាឱសថបែបធម្មជាតិជួយបំបាត់បញ្ហាក្លិនខ្លួនបានយ៉ាងប្រសើរ។ ជីវ៉ាន់ស៊ុយសម្អាតរាងកាយ និងកម្ចាត់រាល់បាក់តេរីដែលបណ្ដាលឱ្យមានក្លិនខ្លួនមិនល្អ។ ជីវ៉ាន់ស៊ុយមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងសមាសធាតុស្ពាន់ធ័រដែលបង្កក្លិនខ្លួនមិនល្អ។ អ្នកអាចបន្ថែមជីវ៉ាន់ស៊ុយក្នុងអាហារ ឬឆុងដើម ឬស្លឹកជីវ៉ាន់ស៊ុយស្ងួតជាតែដើម្បីទទួលទានក៏បាន។
២. ក្រូចឆ្មារនិងផ្លែក្រូចដទៃទៀត ៖ ក្រូចមានក្លិនឈ្ងុយស្រស់ស្អាត ហើយងាយនឹងស្រូបយកបានដោយរាងកាយ។ លើសពីនេះទៅទៀតក្រូចនិងក្រូចឆ្មារក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃមានប្រសិទ្ធិភាពជួយកម្ចាត់ជាតិពុលផ្សេងៗដែលបង្កបញ្ហាក្លិនខ្លួនមិនល្អចេញពីប្រព័ន្ធរាងកាយ។
ដូច្នេះដើម្បីជៀសផុតបញ្ហាក្លិនខ្លួនមិនល្អ ចូរព្យាយាមទទួលទានផ្លែក្រូច ឬទឹកក្រូចស្រស់ជាប្រចាំ។ រីឯការទទួលទានទឹកក្រូចឆ្មារមួយកែវនៅពេលព្រឹក ក៏អាចជួយដោះស្រាយបញ្ហាក្លិនមាត់បានយ៉ាងឆាប់រហ័ស។ ជម្រើសផ្សេងទៀតដើម្បីបំបាត់ក្លិនមិនល្អ គឺច្របាច់ក្រូចឆ្មារម្ខាង រួចយកទឹកក្រូចឆ្មារនេះទៅដុសលាបក្រោមបាតជើង ឬត្រង់ក្លៀក ទុកឱ្យស្ងួត រួចងូតទឹកជាការស្រេច។
៣. តែបៃតង ៖ ជាប្រភពដ៏ប្រសើរនៃអាស៊ីតសរីរាង្គ និងសារធាតុ tannin ជួយប្រយុទ្ធប្រឆាំងការបែកញើសហួសប្រមាណ និងរារាំងការលូតលាស់នៃបាក់តេរី។ តែបៃតងមានប្រយោជន៍ណាស់សម្រាប់ដោះស្រាយបញ្ហាក្លិនជើង រាងកាយ និងសូម្បីតែខ្យល់ដង្ហើម។ ទទួលទានតែបៃតងជាប្រចាំដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
៤. ទឹក ៖ ការទទួលទានឱ្យបានច្រើនគ្រប់គ្រាន់ក៏ជួយបំបាត់បញ្ហាក្លិនខ្លួនមិនល្អផងដែរ។ ការទទួលទានទឹកជួយរាងកាយបញ្ចេញចោលនូវជាតិពុលផ្សេងៗដែលបង្កក្លិនខ្លួនមិនល្អ។
៥. យ៉ាអួរ ៖ ក្លិនខ្លួនមិនល្អពេលខ្លះជារោគសញ្ញាមួយនៃបញ្ហាសុខភាពពោះវៀនខ្សោយ។ ការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយសារធាតុប្រូបាយអូទិកអាចជួយបង្កើនកម្រិតនៃបាក់តេរីល្អក្នុងពោះវៀននិងសម្រួលការរំលាយអាហារដែលធ្វើឱ្យសុខភាពពោះវៀនមានលក្ខណៈប្រសើរឡើងវិញ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ