រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានបាក់.ក និង បែកក្បាលស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូតាមផ្លូវត្រូវ រថយន្តកុងតឺន័រមួយគ្រឿងបើកមកកៀរដៃចង្កូតម៉ូតូដួលបោកទៅលើថ្នល់ កាលពីវេលាម៉ោង៨ និង១០នាទី យប់ ថ្ងៃទី ១ កញ្ញា ២០១៤ តាមបណ្តោយផ្លូវជាតិលេខ១ នៅចំណុចទល់មុខវត្តវាលស្បូវ ស្ថិតនៅក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
យុវជនរងគ្រោះឈ្មោះ អាត អាយុ២០ឆ្នាំ ជាកម្មករ នៅស្តង់ទិញលក់អេតចាយ ហើយមានស្រុកកំណើតនៅភូមិអាចម៍កុក ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុយុវជនរងគ្រោះជិះម៉ូតូម៉ាកសង់កូរេ ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1Q-5774 តែម្នាក់ឯង ដោយធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ (ទល់មុខវត្តវាលស្បូវ ) ក៏ត្រូវរថយន្តកុងតឺន័រ មួយគ្រឿងមិនស្គាល់ស្លាកលេខ ធ្វើដំណើរស្របទិសគ្នាពីក្រោយម៉ូតូជនរងគ្រោះ បានបើកមកកៀរដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យម៉ូតូយុវជនរងគ្រោះដួលទៅខាងស្តាំផ្លួវ យុវជនរងគ្រោះបាក់.ក បែកក្បាលស្លាប់មួយរំពេច នៅកន្លែងកើតហេតុ ។ ដោយសារនៅកន្លែងកើតហេតុមានសភាពស្ងាត់ តៃកុងរថយន្តកុងតឺន័របានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលតែម្តង ។
ចែករំលែកព័តមាននេះ