ខ្សែអាត់វីដេអូគួរឱ្យតក់ស្លុតមួយ បានបង្ហាញពីពេលដែលអ្នកចាញ់ដ៏ខ្លាំងម្នាក់ បានបើកឡានរបស់ខ្លួនចូលទៅក្នុងទីលានបាល់ទាត់ ដើម្បីព្យាយាមតាមបុក អាជ្ញាកណ្តាល និងកីឡាករ អំឡុងពេលការប្រកួតមួយនៅអាហ្វ្រិកខាងត្បូង។
វីដេអូដែលផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត បង្ហាញពីបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើកបររថយន្ត BMW របស់ខ្លួនក្នុងល្បឿនយ៉ាងលឿនចូលទៅក្នុងទីលាន ខណៈអ្នកគាំទ្រម្ខាងទៀតនាំគ្នារត់ចេញ ដើម្បីចៀសវាងកុំអោយមានគ្រោះថ្នាក់ ដែលហេតុការណ៍នេះកើតឡើងនៅឯ ការប្រកួតក្នុងលីគលំដាប់ទី៣ ABC Motsepe League ដែលក្រុមម្ចាស់ផ្ទះ Luka Ball Controllers ចាញ់ក្រុម Polokwane City Rovers FC ២-១ នៅទីលាន Letlhabile Sports ក្នុងតំបន់ Brits ភាគខាងជើងកាលពីថ្ងៃអាទិត្យ ។
យោងតាមគេហទំព័រ The Citizen បានឱ្យដឹងថា ក្នុងហេតុការណ៍នេះ ពុំមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ។ របាយការណ៍ចុងក្រោយបានអះអាងថា មន្ត្រីប៉ូលីសបានប្រាប់ថា នេះមិនមែនជារឿងព្រហ្មទណ្ឌនោះទេ ហើយគ្រាន់តែធ្វើរបាយការណ៍តែប៉ុណ្ណោះ។
ប្រភព ៖ Metro , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ