អ្នកចាត់ការទូទៅក្រុម Minnesota United នៃលីគកំពូលអាមេរិក MLS លោក Adrian Heath ជឿជាក់ថា Cristiano Ronaldo និង Lionel Messi អាចនឹងបញ្ចប់អាជីពរបស់ពួកគេនៅក្នុងក្រុម Inter Miami ថ្មីរបស់ David Beckham ។

អតីតខ្សែបម្រើក្រុម Manchester United, Real Madrid និង LA Galaxy មានផែនការ និងមហិច្ឆតាដើម្បីអភិវឌ្ឈន៍ក្លិបថ្មីរបស់ខ្លួន ហើយលោក Adrian Heath ជឿជាក់ថា Beckham នឹងសាងភាពអស្ចារ្យសម្រាប់ក្លិបថ្មីមួយនេះលើទឹកដីសហរដ្ឋអាមេរិក ។
អ្នកចាត់ការទូទៅវ័យ៥៩ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន Daily Mirror ថា «វាមិនគួរឱ្យជឿទេសម្រាប់បាល់ទាត់នៅសហរដ្ឋអាមេរិក ហើយប្រសិនបើនរណាម្នាក់មានភាពល្បីល្បាញជាសកល នឹងធ្វើឱ្យក្តីសុបិន្តនោះក្លាយជាការពិត នោះវាត្រូវតែជា David Beckham»។

លោកបានបន្ថែមថា «វាប្រហែលជាមិនទាន់កើតឡើងទេ ប៉ុន្តែខ្ញុំអាចមើលឃើញ Ronaldo ដើរតាមគន្លងរបស់ Zlatan Ibrahimovic, Wayne Rooney, Steven Gerrard និង Frank Lampard ដែលធ្លាប់លេងនៅ MLS ។ សម្រាប់ Ronaldo និង Messi ប្រសិនបើពួកគេមកចូលរួមលីគ MLS នោះគឺក្រុម Los Angeles និង Inter Miami»។
សូមបញ្ជាក់ជូនថា ការប្រកួតលីគកំពូល MLS នឹងចាប់ផ្តើមរដូវកាល២០២០របស់ខ្លួននៅថ្ងៃទី២៩ ខែកុម្ភៈ និងបញ្ចប់នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ចែករំលែកព័តមាននេះ