ទាំងព្រឹក​​! ជិះ​កង់​កញ្ចាស់​១ រួច​លូន​តាម​​ទ្វារ​សម្រុក​ទៅ​ចាក់​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់ (​វី​ដេ​អូ​)


ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ ក្រោយ​ពី​ធ្វើ​សកម្មភាព​ដោយ​ជិះ​កង់​ចូល​ទៅ​ចាក់​ស្ត្រី​ម្នាក់​ដែល​កំពុង​ដេក​ក្នុងផ្ទះ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ រួច​ប្លន់​យក​កាបូប​លុយ​មួយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភ​: ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ។

សេចក្តីរាយការណ៍​បន្ត​ថា ភ្លាម​ៗ​នោះ គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​នោះ​ទេ តែ​ជន​នេះ បាន​ជិះ​កង់​កញ្ចាស់​១​គ្រឿង​ទៅ​ឈប់​ក្បែរ​ផ្ទះ​ស្ត្រី​រង​គ្រោះ រួច​លូន​ចូល​តាម​ទ្វារ​មុខ​សម្រុក​ចូល​ទៅ​ចាក់​ស្ត្រី​រង​គ្រោះ​ដែល​កំពុង​ដេក​ម្នាក់ឯង​នៅ​ក្នុង​បន្ទប់ បណ្ដាល​ឱ្យ​រង​របួស​ជា​ច្រើន​កន្លែង​យ៉ាងធ្ងន់ធ្ងរ​។

បើ​តាម​លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង ប្រាប់​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ យ៉ា​ន់ គឹ​ម​យៀ​ត អាយុ​៥៦​ឆ្នាំ​។ ហើយ​ជន​រង​គ្រោះ​ទំនង​អាច​របួសធ្ងន់ នេះ​បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​។ លោក​អធិការ​បញ្ជាក់​ថា ជន​ដៃដល់​បាន​លូន​ចូល​តាម​ទ្វារ​មុខ​សម្រុកចូល​ក្នុងផ្ទះ រួច​ធ្វើ​សកម្មភាព​តែ​ម្ដង​។

បើ​តាម​ការ​បំភ្លឺ​នានា​បានឱ្យ​ដឹង​ថា ជន​ដៃដល់​បាន​ប្រើប្រាស់​កូនកាំបិត​ចាក់​ទៅ​លើ​ជន​រង​គ្រោះ រួច​ដណ្ដើម​កាបូប​ចំនួន​២ តែ​កាបូប​មួយ​ត្រូវ​បាន​ទម្លាក់​ចោល​វិញ​។ ដែល​គេ​សង្ស័យ​ថា ជន​សង្ស័យ​អាច​ជា​មនុស្ស​ញៀន​ថ្នាំ​ផង ព្រោះ​ជន​នេះ​ហាក់​ព្រហើន​ណាស់ ដោយ​ជិះ​កង់​មក​ប្លន់​ទាំង​ព្រឹក ហើយ​ជន​ដៃដល់​មាន​ជាប់​រូបភាព​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែល​នៅ​ក្បែរ​នោះ​ទៀត​ផង​។

បើ​តាម​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​និយាយ​ថា មុន​កើតហេតុ ជន​រង​គ្រោះ​នៅ​ក្នុងផ្ទះ​ជាន់​ខាងក្រោម រីឯ​កូន​ៗ​នៅ​ដេក​ជាន់​ខាងលើ ហើយ​ជន​ដៃដល់​ជិះ​កញ្ចាស់​មួយ​ទៅ​ឈប់​ក្បែរ​នោះ តែ​គេ​មិន​បានដឹង​ថា ជន​នោះ​ជា​ចោរ​ទេ លុះ​បន្តិច​ក្រោយមក​ទើប​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​ជន​នោះ​បាន​រត់​ចេញ​ក្រៅ​ផ្ទះ​វិញ ហើយ​មាន​បុរស​ម្នាក់​ស្ទុះ​ទៅ​ដេញ​វាយ​។

សាក្សី​ដដែល​បាន​ប្រាប់​ថា ជន​នោះ​ប្លន់​យក​កាបូប​២ តែ​ទម្លាក់​ចោល​មួយ​វិញ ដែល​ប្រឡាក់​ទៅ​ដោយ​ឈាម តែ​គេ​មិនដឹង​ថា ក្នុង​កាបូប​នោះ​មាន​អ្វីខ្លះ​ទេ​។ ពេល​ប្លន់​បាន​កាបូប ជន​នោះ​បាន​ព្យាយាម​រត់គេច តែ​ត្រូវ​បុរស​ម្នាក់​ស្ទុះ​ទៅ​វាយ តែ​មិន​អាច​រារាំង​ជន​ដៃដល់​នោះ​ឡើយ​។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ជន​ដៃដល់​បាន​រត់​ចោល​កង់ កូនកាំបិត មួក និង ទូរស័ព្ទ​កញ្ចាស់​១​។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បានឱ្យ​ដឹង​ថា បើ​យោង​លើ​ភស្ដុ​តាង​ដែល​បន្សល់​ទុក និង​ការ​ពិនិត្យ​ជាក់ស្ដែង​លើ​សកម្មភាព​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត គេ​សង្ស័យ​ថា ជន​ដៃដល់​អាច​ជា​មនុស្ស​ញៀន​ថ្នាំ ព្រោះ​ជន​នេះ​ហាក់​ប្រថុយប្រថាន​ពេក ដែល​ជិះ​កង់​ទៅ​ធ្វើ​សកម្មភាព​ប្លន់​ទាំង​ព្រឹក​នៅ​ក្នុងភូមិ​។ លោកស្នងការ​រង​បញ្ជាក់​ថា ពេល​នេះ​យើង​មិន​ទាន់​ដឹង​អំពី​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​នៅឡើយ​ទេ ព្រោះ​ជន​រង​គ្រោះ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯង​ជន​នៅឡើយ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ