Robin van Persie បានសរសើរពីកីឡាករវ័យក្មេង Bukayo Saka របស់ក្រុម Arsenal និងប្រដូចរូបគេទៅនឹងវីរៈបុរសបាល់ទាត់៣រូបគឺ Ryan Giggs, Dennis Bergkamp និង Paul Scholes បន្ទាប់ពីបានបង្ហាញទម្រង់យ៉ាងល្អ ក្នុងជ័យជម្នះ ១-០ លើក្រុម Olympiacos ក្នុងការប្រកួត Europa League វគ្គ៣២ក្រុមចុងក្រោយជើងទី១របស់ពួកគេ ។

ខ្សែការពារស្លាបឆ្វេងវ័យ ១៨ឆ្នាំរូបនេះបាន Assists បាល់យ៉ាងល្អឥតខ្ចោះក្នុងប្រអប់គ្រោះថ្នាក់ឱ្យខ្សែប្រយុទ្ធ Alexandre Lacazette ជាអ្នកសម្រេចគ្រាប់បាល់ជ័យជម្នះ ដែលការ Assists នេះគឺជាលើកទី៨សម្រាប់រូបគេក្នុងរដូវកាលនេះ ។

Van Persie អតីតសមាជិកក្រុម Arsenal និង Manchester United បានថ្លែងក្នុងទូរទស្សន៍ BT Sport ថា «Ryan Giggs, Dennis Bergkamp និង Paul Scholes សុទ្ធតែធ្លាប់បញ្ជូនបាល់បែបនេះ។ វាដូចជាការបញ្ជាឱ្យខ្សែប្រយុទ្ធរបស់អ្នកផ្លាស់ទៅតំបន់គ្រោះថ្នាក់។ នេះពិតជាកម្រិតលំដាប់ពិភពលោក។ពិតជាល្អណាស់។ នេះមិនមែនជារឿងសាមញ្ញទេ។ គេធ្វើឱ្យវាមើលទៅងាយស្រួល ប៉ុន្តែការបញ្ជូនបែបនេះដូចដែលខ្ញុំបាននិយាយ គឺមានតែកីឡាករឆ្នើមទេដែលអាចធ្វើបាន »៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ