ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ចេញ​លិខិត​ព្រមាន​ជា​ថ្មី​ រឿង​​រំលោ.ភ​កម្មសិទ្ធិបញ្ញា​នៃ​បទ​ចម្រៀង​ពី​ដើម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​ជា​លិខិត​ជូនដំណឹង​ជា​ថ្មី ដោយ​បាន​ស្នើ​ឲ្យ​បណ្តាល​ផលិតកម្ម និង​អ្នកសិល្បៈ​មួយ​ចំនួន​ឲ្យ​បញ្ឈប់​ការ​យក​បទ​ចម្រៀង​​ដែល​ជា​មរតក​ដើម និង​ទទួល​បានការ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​ពី​ម្ចាស់​ដើម និង​គ្រួសារ មក​ច្រៀង​ឡើង​វិញ…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​ជា​លិខិត​ជូនដំណឹង​ជា​ថ្មី ដោយ​បាន​ស្នើ​ឲ្យ​បណ្តាល​ផលិតកម្ម និង​អ្នកសិល្បៈ​មួយ​ចំនួន​ឲ្យ​បញ្ឈប់​ការ​យក​បទ​ចម្រៀង​​ដែល​ជា​មរតក​ដើម និង​ទទួល​បានការ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​ពី​ម្ចាស់​ដើម និង​គ្រួសារ មក​ច្រៀង​ឡើង​វិញ ដោយ​មិន​មានការ​អនុញ្ញាត្ត​។

ក្រសួង​ក៏​បាន​ព្រមាន​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ក្នុង​ករណី​ដែល​អ្នក​ពាក់ព័ន្ធ​ទាំង​អស់នោះ​នៅ​តែ​បំពាន និង​មិន​ស្តាប់​តាម​ការ​ណែនាំ​ពី​ក្រសួង​ផ្ទុយ​នឹង​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល ដែល​ប្រកាស​ឲ្យ​ប្រើ​តាម​ព្រះរាជក្រម​លេខ ន​ស​/​រកម​/០៣០៣/០០៨ ចុះ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០០៣​។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា បើ​ទោះបី​កន្លង​មក ក្រសួង​បាន​ពន្យល់​ណែនាំ និង​ផ្សព្វផ្សាយ​ស្តី​ពី​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែលជា​ច្រើន​លើក​ក៏​ដោយ ក្រសួង​នៅ​តែ​សង្កេត​ឃើញ​បណ្តា​អង្គភាព​ទូ​ផ្សាយ ក្រុមហ៊ុន​ផលិតកម្ម និង​បុគ្គល​មួយ​ចំនួន​ទាំង​នៅ​ក្នុង និង​ក្រៅប្រទេស បាន​និង​កំពុង​ប្រើប្រាស់​ស្នាដៃ​អក្សរសាស្ត្រ សិល្បៈ ឬ​តូរ្យតន្ត្រី​គ្មាន​អ្នក​ទទួល​មរតក ឬ​គ្មាន​មរតកសាសន៍ ហើយ​បង្ហោះ​តាម​បណ្តាញ​សង្គម​នានា ដោយ​ពុំ​មានការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

មិនតែប៉ុណ្ណោះ ថែម​ទាំង​បាន​កែប្រែ​ចំណងជើង ឬ​ខ្លឹមសារ ដែល​ធ្វើ​ឲ្យ​ខូច​ទម្រង់​ដើម អាច​នឹង​នាំ​ឲ្យ​មហាជន​មានការ​ភាន់ច្រឡំ​។ ទ​ង្វើ​ទាំងនេះ គឺជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​សីលធម៌ និង​សិទ្ធិ​បេ​តិ​ភណ្ឌ​របស់​អ្នកនិពន្ធ ដូច​មាន​ចែង​ក្នុង​មាត្រា​៩ មាត្រា​១៩ មាត្រា​២០ មាត្រា​២១ និង​មាត្រា​២២ នៃ​ច្បាប់​ស្តី​ពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធ​ប្រហាក់ប្រហែល​។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​ជម្រាប​ជូន​អ្នកនិពន្ធ និង​ផលិតករ​ភាពយន្ត វី​ដេ​អូ ផលិតករ​ហ្វូ​ណូ​ក្រាម អង្គភាព​ទូ​ផ្សាយ (​វិទ្យុ ទូរទស្សន៍​) សិល្បករ សិល្ប​ការិនី បណ្តា​ក្រុមហ៊ុន​ផលិតកម្ម និង​បុគ្គល​មួយ​ចំនួន​ទាំង​ក្នុ ង​និង​ក្រៅប្រទេស ដែល​បាន​យក​ស្នាដៃ​គ្មាន​អ្នក​ទទួល​មរតក ឬ​គ្មាន​មរតកសាសន៍​ទៅ​ផលិត​ឡើង​វិញ សម្តែង​ឡើង​វិញ ថត​បញ្ចូល​ទៅ​ជា​សោត​ទស្សន៍ ដើម្បី​ចែក​ផ្សាយ និង​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ទូ​ផ្សាយ និង​បណ្តាញ​សង្គម​នានា​ដោយ​ពុំ​មានការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គឺជា​អំពើ​ខុសច្បាប់​។

ប្រការ​នេះ អ្នកនិពន្ធ ម្ចាស់​អង្គភាព​ទូ​ផ្សាយ ក្រុមហ៊ុន​ផលិតកម្ម ផលិតករ សិល្បករ សិល្ប​ការិនី និង​បុគ្គល​មួយ​ចំនួន​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​រំលោភ​បំពាន​ខាងលើ ដើម្បី​ចូលរួម​គោរព​ច្បាប់​ស្តី​ពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​ទាំងអស់​គ្នា​។

ក្នុង​ករណី​នៅ​តែ​រំលោភ​បំពាន ក្រសួង​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​វិធានការ​នានា​ជាយថា​ហេតុ ក្នុង​បំណង​ការពារ និង​លើក​ស្ទួយ​ស្នាដៃ​ដើម និង​បង្កើត​ស្នាដៃ​ថ្មី​ៗ​ខាង​វិស័យ​វប្បធម៌ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ជម្រុញ​ឧស្សាហកម្ម​វប្បធម៌​នៅ​កម្ពុជា ឲ្យ​មានការ​រីក​ចម្រើន​។

ជា​ការ​កត់សម្គាល់​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ លោក សេង ដា​រ៉ា ជា​អ្នក​ស្រាវជ្រាវ​ប្រវត្តិ​បទ​ចម្រៀង​មរតក​ដើម ក៏​បាន​សរសេរ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា អ្នក​ដែល​ស្រឡាញ់​បទ​ចម្រៀង​ពី​ដើម ហើយ​យក​មក​ច្រៀង​តាម គ្មាន​អ្នក​ណា​មិន​ហាមឃាត់​ទេ មាន​តែ​សប្បាយចិត្ត ប៉ុន្តែ​ពេល​យក​មក​ច្រៀង ឱ្យ​ដឹង​អត្ថន័យ​បទ​ប្រុស ឬ​បទ​ស្រី​ផង កុំ​ចេះ​តែ​ច្រៀង​មិន​យល់​ន័យ ។

បើ​ចេះ​តែ​ច្រៀង​ផ្តេសផ្តាស ពេល​គេ​រិះគន់ កុំ​ថា​គេ​ជាន់ពន្លិច ក្តិចត្រួយ​ស្អី​នោះ​…​ហើយ​កុំ​យក​ពាក្យ «​សិល្បៈ​» មក​បិទ​បាំង​ការ​ច្រៀង​ដែល​ខុស ឬ​បំភ្លៃ​អត្ថន័យ​ស្នាដៃ​រៀមច្បង​នោះ​… ច្រៀង​លេង​តាម​ផ្ទះ​មិន​អី​ទេ តែបើ​ច្រៀម​តាម Concert តាម​ហ្វេ​ស​បុក ឬ Youtube គេ​ឃើញ​ទូលំ​ទូលាយ​ណាស់ វា​នាំ​ឱ្យ​ខូច​តម្លៃ​ស្នាដៃ​ដើម ឬ​អ្នក​ផ្សេង​យក​ទៅ​ច្រៀង​តាម​ខុស​បន្ត​ទៀត ។

ម្យ៉ាងទៀត បើ​យក​ស្នាដៃ​រៀមច្បង​ណា​ដែល​តម្កល់​កម្មសិទ្ធិបញ្ញា​នៅ​ក្រសួង​រួច​ហើយ​ទៀត ដូច​ជា​ស្នាដៃ​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន លោ​កឯល ប៊ុ​ន​ណា លោក អ៊ុ​ក សំអាត និង លោក ស្វាយ​សំ​អឿ​… ជាដើម ប្រយ័ត្ន​គ្រួសារ​ពួក​គាត់​ប្តឹង ច្បាស់​ជា​វែង​ឆ្ងាយ​ហើយ ។ គ្រាន់តែ​រំ​ឮ​ក​ទេ តែ​អ្នកខ្លះ​បែរជា​យល់​ថា ខ្ញុំ​ចិត្តចង្អៀត ការពារ​ចម្រៀង​ពី​ដើម​ម្លេះ? មិន​ចង្អៀត​ទេ ព្រោះ​ខ្ញុំ​គ្មាន​សមត្ថកិច្ច​ទៅ​ហាម​ឃាត់​ទេ ច្រៀង​ចុះ នេះ​គ្រាន់តែ​សូម​សំណូមពរ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ