លន បញ្ញា និង​លាភ រ​ដ្ឋា ប្រកាស​បំបាក់​ថៃ​ព្រម​គ្នា​លើ​សង្វៀន​


រាជធានី​ភ្នំពេញ ៖ មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍ ដែល​មាន​គូ​ខ្មែរ និង​បរទេស​ទាក់ទាញ សម្រាប់​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៦ កុម្ភៈ ឆ្នាំ​២០២០​នេះ សង្វៀន​​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ដោយ​មាន​វត្តមាន​កីឡា​ករ​កម្ពុជា និង​ថៃ​សរុប​ចំនួន​៤​រូប​ប៉ះ​គ្នា ។ កីឡាករ​កម្ពុជា​២​រូប​គឺ លន បញ្ញា និង​លាភ រ​ដ្ឋា ដែល​រង់ចាំ​ស្វាគមន៍​កីឡាករ​ថៃ​ត្រូវ​បាន​មហាជន​ផ្ដោត​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​ពួក​គេ​សុទ្ធតែ​ជា​ជើង​ខ្លាំង នៅ​ក្នុង​ពិភព​ប្រដាល់​មិន​ខុស​គ្នា​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ស្អែក​នេះ លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​២​រូប​ដែល​មានឈ្មោះ​ឡើង​ប្រកួត​នោះ លន បញ្ញា គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​លោក​មាន​ទំនុកចិត្ត​ខ្ពស់​ដោយសារ​តែ​គេ​ទើប​ផ្ដួល​កីឡាករ​ជើង​ខ្លាំង​ថៃ​មួយ​ចំនួន​រួច​មក​ហើយ​។

គេ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Yorth Brapsoek​ក្នុង​នាម​ជា​គូ​ឯក ។ លោក​ជឿជាក់​ថា​កីឡាករ​កម្ពុជា​គូ​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ហើយ​ពិតជា​បើក​ការ​ប្រកួត​មិន​លាក់​ដៃ ដើម្បី​ជៀស​ផុត​ពី​ការ​រិះគន់​ណាមួយ ។ អ៊ីចឹង​ហើយ​ទើប​លោក​យល់​ថា​ជំនួប​រវាង​ជើង​ខ្លាំង​ជាមួយ​កីឡាករ​ថៃ​ជា​ដៃគូ​នឹង​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល​។ យោង​តាម​ប្រវត្តិ​ប្រកួត​លោក​ថា​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​បាន​៥៧​លើក ឈ្នះ​៥០​លើក ចាញ់​៥​លើក និង​ស្មើ​២​លើក ខណៈ​កីឡាករ​ថៃ ប្រកួត​បាន​៦៥​លើក ឈ្នះ​៥៧​លើក ចាញ់​៨​លើក និង​មិន​ធ្លាប់​ស្មើ​។

សម្រាប់​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​ទៀត គឺ​លាភ រ​ដ្ឋា ក៏​ត្រូវ​គណៈកម្មការ​ផ្គូផ្គង​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Khum Phichet ក្នុង​នាម​ជា​គូ​រង​ឯក ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​រូប​នេះ នៅ​តែ​មាន​ក្រេ​ឌី​ត តែ​ពិបាក​ទុកចិត្ត​ពី​ភាព​ខ្លាំង​១០០​ភាគរយ ដោយសារ​កីឡាករ​ថៃ​ក៏​មិនធម្មតា ។ លោក​យល់​ថា កីឡាករ​ថៃ​ជា​ដៃគូ​ខ្លាំង​ម្នាក់ តែ​គេ​ក៏​មិន​ទាន់​ប្រាកដ​ដូច​គ្នា​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ដែរ ដោយសារ​តែ​បទ​ពិសោធន៍​ប្រហាក់ប្រហែល​គ្នា ។

កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​ផ្លូវការ​បាន​៧៣​លើក ឈ្នះ​៥៨​លើក ចាញ់​១៣​លើក និង​ស្មើ​២​លើក ខណៈ​កីឡាករ​ថៃ​ប្រកួត​បាន​៦១​លើក ឈ្នះ​៧៣​លើក ចាញ់​៧​លើក និង​ស្មើ​១​លើក ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ