ប្រទេសចិន ៖ បើតាមប្រភពមន្ទីរពេទ្យរាយការណ៍នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា អ្នកជំងឺម្នាក់ដែលឆ្លងវីរុសកូរ៉ូណាថ្មី បានបាត់បង់ជីវិតនៅក្រុងហុងកុង ដែលនោះជាអ្នកបាត់បង់ជីវិតទី២ ដោយសារវីរុសនេះនៅខាងក្រៅចិនដីគោក ដោយនៅទីនោះមានអ្នកបាត់បង់ជីវិតឡើងដល់៤២៥នាក់។ បន្ថែមអ្នកបាត់បង់ជីវិត២នាក់នៅក្រៅចិនដីគោក ដូច្នេះចំនួនអ្នកបាត់បង់ជីវិតដោយវីរុសកាចសាហាវនេះឡើងដល់សរុប៤២៧នាក់។
បុគ្គលិកមន្ទីរពេទ្យហុងកុងគូសបញ្ជាក់ថា បុរសអាយុ៣៩ឆ្នាំ ដែលមានជំងឺរ៉ាំរៃ ហើយបានទៅកាន់វូហានកាលពីខែមករា មុនពេលធ្លាក់ខ្លួនឈឺ។ ហើយអ្នកបាត់បង់ជីវិតដំបូងគេក្រៅពីចិនត្រូវបានរាយការណ៍កាលពីថ្ងៃទី២ កុម្ភៈ នៅហ្វ៊ីលីពីន។ នោះជាជនជាតិចិនអាយុ៤៤ឆ្នាំមានដើមកំណើតក្នុងទីក្រុងវូហាន។
ចិនយល់ព្រមទទួលជំនួយអាមេរិក
ប្រទេសចិនថ្លែងកាលពីថ្ងៃទី៤កុម្ភៈថា ខ្លួនយល់ព្រមទទួលយកជំនួយអាមេរិក ដើម្បីតស៊ូប្រឆាំងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា 2019-nCoV ដែលការព្រមទទួលជំនួយនេះ គឹក្រោយពីចិនចោទប្រកាន់អាមេរិកថា បានចូលរួមចំណែកក្នុងការបង្កើតបរិយាកាសចលាចលមួយ ដោយសារការឆ្លងរាលដាលវីរុសនេះដែលកាន់តែសាហាវ។ ក្រុងប៉េកាំង កាលពីថ្ងៃទី៣ ខែកុម្ភៈ បានបរិហារឥរិបថអាមេរិកហើយចោទប្រកាន់ថា បានរួមចំណែកបង្កើតបរិយាកាសជ្រួលច្របល់ជាជាងជួយ។
អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសចិនថ្លែងកាលពីថ្ងៃទី៤កុម្ភៈថា សហរដ្ឋអាមេរិកត្រូវប្រកាន់យកឥរិយាបថប្រាកដនិយម ត្រឹមត្រូវស្ងប់ស្ងាត់ និងសមហេតុសមផល។ ក្នុងសេចក្ដីប្រកាសមួយក្រសួងនោះនិយាយថា ចិនកត់សម្គាល់ឃើញថា សហរដ្ឋអាមេរិកបានសម្ដែងជាច្រើនលើក ពីបំណងផ្ដល់ជំនួយដល់ចិន ហើយសង្ឃឹមថាជំនួយនោះនឹងផ្ដល់ក្នុងពេលឆាប់ៗ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ