ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក យឹ​ម ឆៃ​លី ជម្រុញ​ឲ្យ​ក្រសួង​អភិ​វឌ្ឍន៍ជនបទ​ពិនិត្យ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក យឹ​ម ឆៃ​លី ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម និង​ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ លោក យឹ​ម ឆៃ​លី ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម និង​ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា ទោះបីជា​ក្រសួង​អភិវឌ្ឍន៍ជនបទ​សម្រេច​បាន​ជោគជ័យ​ជា​ច្រើន​ក៏​ដោយ ក៏​នៅ​មាន​បញ្ហា​មួយ​ចំនួន​ពុំ​ទាន់​ដោះស្រាយ អស់​នៅឡើយ ដូច​ជា​ការ​កើនឡើង​យ៉ាង​គំហុក​នូវ​តម្រូវការ​ប្រើប្រាស់​ផ្លូវ​ជនបទ ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ការ​អភិវឌ្ឍ​នៅ​ទី​ដាច់​ស្រយាល ចំណេះ​ជំនាញ មូលដ្ឋាន នៅ​ពុំ​ទាន់​គ្រប់គ្រាន់ ការ​យល់​ដឹង​អំពី​ការ​រស់នៅ​ស្អាត និង​សុខភាព​អនាម័យ​នៅ​ខ្វះចន្លោះ​ជា​ច្រើន​នៅ​តំបន់​ជនបទ​ដាច់​ស្រយាល​។

ការ​លើក​ឡើង​នេះ លោក យឹ​ម ឆៃ​លី ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ឱកាស​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី ២៩ ខែមករា ឆ្នាំ​២០២០ ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដែល​ចែក​ឲ្យ​ជូន​មន្ត្រី​ដែល​ចូលរួម​បាន​លើក​ឡើង​ថា កត្តា​ប្រែប្រួល​អាកាសធាតុ​នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ​ផង​ដែរ សម្រាប់​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជនបទ និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ រូប​វ័​ន្ត​ដទៃ​ទៀត ដែល​ទាមទារ​ឲ្យ​មានការ​ជំរុញ និង​យកចិត្តទុកដាក់​បន្ថែម​ទៀត​។ ការងារ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត និង​គមនាគមន៍​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​គមនាគមន៍ គឺជា​កត្តា​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច ព្រមទាំង​ពង្រឹង​ការ​ប្រកួតប្រជែង និង​ជំរុញ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​។

ក្នុង​ន័យ​នេះ ដើម្បី​ជំរុញ​ឲ្យ​តំបន់​ជនបទ​មានកា​រវិ​វ​ឌ្ឍ​រីក​ចំរើន​យ៉ាង​ឆាប់រហ័ស ក្រសួង​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជនបទ ២០១៩-២០២៣ សម្រាប់​កា​រត​ភ្ជាប់​មួយ​ដែល​មាន​លក្ខណៈ​​គ្រប់​ជ្រុងជ្រោយ គ្របដណ្តប់​លើ​ផ្នែក​គមនាគមន៍​ដឹក​ជញ្ជូន ទឹក​ស្អាត និង​អនាម័យ​ជនបទ ដែល​ផ្តល់​អត្ថប្រយោជន៍​ទាំង​លើ​វិស័យសេដ្ឋកិច្ច និង​ទាំង​លើ​វិស័យ​សង្គមកិច្ច ក្រសួង​មាន​ប្រភព​ធនធាន​ទាំង​ថវិកាជាតិ ថវិកា​ដៃគូរ និង​អង្គការ​សង្គម​នានា សម្រាប់​អនុវត្ត រួម​មាន ៖

២.១.​គម្រោង​ដែល​អនុវត្ត​ដោយ​ថវិកាជាតិ ទី​១-​ការ​សាងសង់​ស្ពានបេតុង​ចំនួន ១៩​កន្លែង ប្រវែង​សរុប​ចំនួន ៨៤០​ម​, ការ​សាងសង់​សំណង់​សិល្ប​ការ្យ ចំនួន ៤៩៤​កន្លែង និង​ការ​ស្ថាបនា​ផ្លូវ​ជនបទ ចំនួន ១០០​គម្រោង ប្រវែង​សរុប​ចំនួន ៥១៨.១៩​គ​.​ម ក្នុង​នោះ (១).​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ ប្រវែង​ចំនួន ១០១.១៦​គ​.​ម​, (២).​ផ្លូវ​ក្រាល​បេតុង​ប្រវែង​ចំនួន ២៩.៩១​គ​.​ម និង​(៣).​ផ្លូវ​ក្រាល​ក្រួស​ក្រហម មាន​ប្រវែង​ចំនួន ៣៨៧.១២​គ​.​ម សម្រេច​បាន​លទ្ធផល​ទាន់​ពេលវេលា​កំណត់ មាន​សោ​ភ័​ណ្ឌ​ភាព និង​គុណភាព​ល្អ​ដែល​បម្រើ​ដល់​ការ​ប្រើប្រាស់​ប្រកបដោយ​សក្តានុពល​។

ទី​២-​ការងារ​ថែទាំ​សំណង់​សិល្ប​ការ្យ​មាន​លក្ខណៈ​ខួប សម្រេច​បាន​ចំនួន ៥៨​កន្លែង ហើយ​ការងារ​ថែទាំ​ផ្លូវ​ជនបទ​មាន​លក្ខណៈ​ខួប សម្រេច​បាន​ចំនួន ៦៨​ខ្សែ ប្រវែង​សរុប​ចំនួន ៤០៩.១៥​គ​.​ម ដែល​ក្នុង​នោះ ផ្លូវ​ក្រាល​ក្រួស​ក្រហម ប្រវែង​ចំនួន ៣៩៥.៦៣​គម និង​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ ប្រវែង ១៣.៥២​គ​.​ម​។

ចំណែក​ការងារ​ថែទាំ​ផ្លូវ​ជនបទ​មាន​លក្ខណៈ​ប្រចាំ​វិញ សម្រេច​បាន​ចំនួន ៣២៧​ខ្សែ ប្រវែង​សរុប​ចំនួន ២ ៨១១.២៣​គ​.​ម ដែល​ក្នុង​នោះ ផ្លូវ​ក្រាល​ក្រួស​ក្រហម ប្រវែង ២២៣៣.៥៩​គ​.​ម និង​ផ្លូវ​កៅស៊ូ ប្រវែង ៥៧៧.៦៤​គ​.​ម​។​ការងារ​ថែទាំ​ទាំង​ពីរ​ប្រភេទ​នេះ បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ រក្សា​បាន​គុណភាព​ផ្លូវ​ឲ្យ​មាន​អាយុកាល​ប្រើប្រាស់​បាន​យូរអង្វែង​ជា​និរន្តរ៍ ហើយ​ចៀសវៀង​បាន​នូវ​ការ​ជួសជុល​ធំ ដែល​នាំ​ឲ្យ​ចំណាយ​ថវិកាជាតិ​ច្រើន​។

ទី​៣-​អាស្រ័យ​ដោយ​មានការ​ជួសជុល​បន្ទាន់​ជា​ច្រើន​កន្លែង រួម​មាន​៖ ផ្លូវ​ប្រវែង ២៨៥.១៤​គ​.​ម និង​លូ​មូល​ចំនួន ២៣​កន្លែង លូ​ប្រអប់​បាន​ចំនួន ០១​កន្លែង និង​ស្ពាន ចំនួន ០៩​កន្លែង នោះ​ទើប​នៅ​ទូ​ទាំង​ប្រទេស​ពុំដែល​មានការ​ដាច់​ផ្លូវ បាក់​ស្ពាន ដាច់​លូ ដែល​បង្ក​ឲ្យ​មានការ​រាំងស្ទះ​ចរា​ចរណ៍​អស់​រយៈពេល​យូរ​ឡើយ​។

លើស​ពី​នេះ​ទៀត ក្រសួង​បាន​ទំនាក់ទំនង និង​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច នគរបាល​ចរាចរណ៍ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទប់ស្កាត់​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​យានយន្ត​ខុស​ទំហំ​លើ​បណ្តាញ​ផ្លូវ​ជនបទ បាន​ចំនួន ៥១​ករណី នៅ​តាម​បណ្តា​ខេត្ត​ចំនួន ២៤​។ ការ​លើកកម្ពស់​អនាម័យ ជនបទ ត្រូវ​បាន​ទទួល​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​។

ជាក់ស្តែង​នៅ​ក្នុង​ឆ្នាំ​២០១៩ ការងារ​នេះ សម្រេច​បាន​លទ្ធផល ចំបង​ៗ ដូច​តទៅ​៖ (១).​ចុះ​បំផុស​ការ​សាងសង់​បង្គន់​អនាម័យ​ដល់​សហគមន៍​តាម​ភូមិ​គោលដៅ និង​វាយ តម្លៃ​នៅ​ក្នុង​ខេត្ដ​ចំនួន​១២៖ ខេត្ត​កែប​, កោះកុង​, ក្រចេះ​, ប៉ៃលិន​, ឧត្ដរមានជ័យ​, សៀមរាប​, កំពង់ចាម​, កំពង់ស្ពឺ​, កំពង់ឆ្នាំង​, ស្វាយ​រៀង​, ត្បូងឃ្មុំ និង​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ពលរដ្ឋ​ចូលរួម​សរុប​ចំនួន ៣ ៧៧៦​គ្រួសារ​, (២).​សាងសង់​បង្គន់​អនាម័យ​ចាក់ទឹក​តាម​ផ្ទះ​ឯកជន​ចំនួន ២៩ ៨៩៩​បង្គន់​,
(៣).​ចុះ​ត្រួតពិនិត្យ​តាមដាន និង​បំផុស​ការ​លើកកម្ពស់​អនាម័យ នៅ​តាម​សហគមន៍ ចំនួន ២៩​សង្កាត់ ចំនួន​០៨​លើក និង​នៅ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ចំនួន ០១​លើក មាន ប្រជាជន​ចូលរួម​ចំនួន ១ ០៥១​នាក់​,

(៤).​រៀបចំ​វគ្គ​បណ្តុះបណ្តាល មន្ត្រី​ជា​គ្រូ​បង្គោល​តាម មន្ទីរ អភិ​វ​ឌ្ឃ​ន៍​ជនបទ ខេត្តកំពត កំពង់ធំ ព្រៃវែង ស្វាយ រៀង កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ក្រចេះ រតនគីរី និង ខេត្តព្រះវិហារ ចំនួន ០៨​វគ្គ ស្តី​ពី​ការ​គ្រប់គ្រង​ទិន្ន័យ​អនាម័យ​តាម​រយៈ​ការ​កត់ត្រា និង​ការ​គូស​ផែនទី​អនាម័យ​ភូមិ បច្ចេក​ទេស​ផ្ទៀងផ្ទាត់​ភូមិ ODF ការ​ប្រើប្រាស់ GPS ក្នុង​ការ​កំណត់​ទីតាំង​បង្គន់​កើន​ថ្មី​,

(៥).​ចុះ​ពិនិត្យ​តាមដាន​និង​វាយតម្លៃ​ជាមួយ​អង្គការ (UNICEF, SNV) លើ​កម្មវិធី CLTS និង SC WASH និង​ភូមិ ODF ចំនួន​០៦​លើក ក្នុង​ខេត្តសៀមរាប ពោធិ៍សាត់ ក្រចេះ កំពង់ស្ពឺ និង​បាត់ដំបង ផ្តោត​សំខាន់​លើ​ការ​ផ្ទៀងផ្ទាត់​ភូមិ ODF ការ​អនុវត្ត​កម្មវិធី CLTS និង SC WASH និង​កាពិ​និត្យ លើ ការ​កត់ត្រា សៀវភៅ ភូមិ​និង​ផែនទី​អនាម័យ​ភូមិ​,

(៦).​ផ្តល់​ចាន​បង្គន់​ដល់​ប្រជាពលរដ្ឋ​ចំនួន ៣៤២ និង​សាងសង់​បង្គន់​ចាក់ទឹក​ចំនួន ២ ០១៧​បង្គន់​នឹង​បង្គន់​ចាក់​ផេះ​ចំនួន ២ ០៤៣​បង្គន់​។

នៅ​ក្នុង​ឱកាស​បិទ​សន្និបាត​នោះ​ដែរ លោក​យឹ​ម ឆៃ​លី ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម​និង​ជនបទ​លោក​ក៏​បាន​អំពាវនាវ​ដល់​.​ក្រសួង​អភិវឌ្ឍន៍ជនបទ​ត្រូវ​បន្ត​ខិតខំ​សម្រេច​ឲ្យ​ខាន​តែ​បាន​នូវ​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ​សម្រាប់​ឆ្នាំ ២០២០ និង​ឆ្នាំ​បន្តបន្ទាប់​, ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ដៃ​អភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាជន​គ្រប់​រូប ចូលរួម​គាំទ្រ​ឲ្យ​ការ​អនុវត្ត​ផែនការ​ឆ្នាំ ២០២០ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​សម្រេច​បាន​ផ្លែផ្កា​ថ្មី​ៗ​ថែម​ទៀត​, និង​.​ដៃគូរ​អភិវឌ្ឍន៍ អង្គការ​ក្រៅ រដ្ឋាភិបាល និង​វិស័យ​ឯកជន​ទាំងអស់ បន្ត​កិច្ចសហការ​គាំទ្រ​ធនធាន​សម្រាប់​ការ​អនុវត្ត​គម្រោង​បន្ត បន្ទាប់​ទៀត ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ