ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោ សំណាង ប្រកាស​ឡើង​សង្វៀន​​យក​ប្រាក់​ទិញ​ម៉ូតូ​កង់​បី​ឱ្យ​ពេជ្រ អា​រុណ ដោះស្រាយ​ជីវភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ទំព័រ​ហ្វេ​ស ប៊ុ​ក​របស់​កីឡាករ ឡោ សំណាង ដែល​បាន​ផុស​កាលពី​ថ្ងៃ​ទី​២៩ មក​រា ឆ្នាំ​២០២០ ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ទំព័រ​ហ្វេ​ស ប៊ុ​ក​របស់​កីឡាករ ឡោ សំណាង ដែល​បាន​ផុស​កាលពី​ថ្ងៃ​ទី​២៩ មក​រា ឆ្នាំ​២០២០ ឱ្យ​ដឹង​ថា គេ​ចង់​ឡើង​សង្វៀន​ប្រកួត Mas Fight ដើម្បី​យក​ប្រាក់​ជួយ​ទិញ​ម៉ូតូ​កង់​បី​ឱ្យ​មិត្ត​ធ្លាប់​រួម​អាជីព​ពេជ្រ អា​រុណ ទុក​គ្រាន់​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​។

តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​បានឱ្យ​ដឹង​ថា ពេជ្រ អា​រុណ គឺជា​អតីត​អ្នក​ប្រដាល់ ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ​២០០៦-២០០៧ ។ ឥឡូវនេះ​អតីត​កីឡាករ​ជើង​ខ្លាំង​រូប​នេះ​កំពុង ជួប​ប្រទះ​ការ​លំបាក​យ៉ាង​ខ្លាំង​ដោយសារ​មិន មាន​លទ្ធភាព​រក​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​គ្រប់គ្រាន់​គឺ​បាន​ព្រឹក​ខ្វះ​ល្ងាច ។

ដោយ​មើលឃើញ​ពី​ការ​លំបាក​បែប​នេះ កីឡាករ ឡោ សំណាង បាន​អះអាង​ពី​ការ ចេញ​មុខ​ជួយ តែ​មិន​ទាន់​ដឹង​ថា​គេ​អាច​ជួយ​បាន​ប៉ុនណា​នោះ​ទេ ។ ទោះបី​យ៉ាងណា​គេ​បាន​សន្យា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ជួយ​ដល់​មិត្ត​រួម​អាជីព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ឡោ សំណាង បាន​បញ្ចេញ​សំ​ណេ​រថា​៖«​ខ្ញុំ​មិន មាន​ប្រាក់​ជួយ​សម្លាញ់​ឯង​ទេ​តែ​គ្នា​មាន​កម្លាំង​ខ្លះ ដើម្បី​ធ្វើ​ជា​ទុន ទោះបី​ការ​ប្រកួត​ជួប​ហានិភ័យ​បាក់ដៃ​បាក់ជើង ធ្លាក់ខ្លួន​ពិការ​ក៏​ខ្ញុំ​មិន​សោក ស្ដាយ​ដែរ គឺ​ពេញចិត្ត​នឹង​ធ្វើ​»​។ នៅ​ក្នុង​សំ​ណេ​រ នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ឡោ សំណាង កំពុង​តែ​ហ្វឹកហាត់​ត្រៀម​ឡើង​សង្វៀន​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ក្នុង​កម្មវិធី​Mas Fight ដើម្បី​យក​ប្រាក់​ដែល​បាន​ពី​ការ​ប្រកួត​និង​ពី​សប្បុរសជន​ទៅ​ទិញ​ម៉ូតូ​កង់​៣​ឱ្យ​ពេជ្រ អា​រុណ​។

ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​ប្រកាស​ស្វែងរក​ជំនួយ​ពី​សប្បុរសជន​នានា ដើម្បី​ជួយ​ដល់ ពេជ្រ អា​រុណ ជា​ច្រើន​ថ្ងៃ​មក​ហើយ​ដែរ ។ ដោយឡែក​កម្មវិធី​ប្រដាល់ Mas Fight​វិញ​មិន​ទាន់​ដឹង​ថា​បើក​នៅ​ថ្ងៃ​ណា​ពិតប្រាកដ​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​ការ​ប្រកាស​ពី​សំណាក់​ម្ចាស់​កម្មវិធី​សិន​។

មហាជន​ដែល​បានដឹង​រឿង​នេះ​បាន​កោត សរសើរ​ដល់​ទឹកចិត្ត​ដ៏​ល្អ​ប្រកបដោយ​គុណធម៌ របស់​កីឡាករ ឡោ សំណាង ដែល​តែងតែ​យក ចិត្ត​ទុកដាក់​ជួយ​ដល់​មិត្ត​រួម​អាជីព​ចាស់​ៗ​ដែល​មិន​អាច​ឡើង​សង្វៀន​ប្រកួត​តទៅ​ទៀត​បាន​។ ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ គេ​ធ្លាប់​ជួយ​ស្វែ​ករក​ថវិកា​ពី​សប្បុរសជន​ទិញ​ម៉ូតូ​ឱ្យ​កីឡាករ​ភិន សុផល បាន​១​គ្រឿង​ផង​ដែរ​។

គួរ​រំលឹក​ផង​ដែរ​ថា ពេជ្រ អា​រុណ គឺជា​អ្នក​ប្រដាល់​លំដាប់​ជួរ​មុខ និង​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​នៅ​អំឡុង​ឆ្នាំ​២០០០​ជាង ដោយ​ធ្លាប់ ឈ្នះ​ខ្សែក្រវាត់​ជើងឯក​ទូ​ទាំង​ប្រទេស​និង មេដាយ​ជា​ច្រើន ។ ក្រោយ​បាត់​មុខ​ពី​សង្វៀន អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ស្រាប់តែ​គេ​ឃើញ កីឡាករ​រូប​នេះ​លេចមុខ​មក​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​គេហទំព័រ​ព័ត៌មាន​ក្នុងស្រុក​មួយ​រៀបរាប់​អំពី​អាជីព​ជា​អ្នក​ប្រដាល់ និង​ខ្សែជីវិត​របស់​ខ្លួន ។ បច្ចុប្បន្ន ពេជ្រ អា​រុណ រស់នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង តម្លៃ​៣០​ដុល្លារ​ក្នុង​មួយ​ខែ ស្ថិត​នៅ​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាមួយ​ភរិយា និង​កូន​២​នាក់​។

អតីត​កូនសិស្ស​របស់​លោកគ្រូ ទ្រឿ​ង សុះសាយ រូប​នេះ កំពុង​ប្រកប​អាជីព​ជា​អ្នក​រត់​កង់​បី​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ប៉ុន្តែ​កង់​បី​នោះ​មិនមែន​ជា​របស់​លោក​ទេ គឺ​ជួល​គេ​ក្នុង​មួយ​ថ្ងៃ​តម្លៃ​២​ម៉ឺន​រៀល បើ​ថ្ងៃ​ណា​គ្មាន​លុយ​ជួល​ត្រូវ​ទៅ​ធ្វើ​សំណង់ ។ ចំណែក​ភរិយា​របស់ លោក​វិញ​ធ្វើការ​ជា​អ្នក​អនាម័យ​នៅ​សាលារៀន​ឯកជន​មួយ ។ ជា​ចុង​ក្រោយ អតីត​កីឡាករ​ជើង​ខ្លាំង​គុន​ខ្មែរ​រូប​នេះ​​ក៏​បាន​ឲ្យ​ដឹង​ថា ខ្លួន​អាច​នឹង​ត្រឡប់​មក​កាន់​វិស័យ​ប្រដាល់​គុន​ខ្មែរ​ជា​ថ្មី ក្នុង​នាម​ជា​គ្រូបង្វឹក ឬ​គណៈកម្មការ​ចៅក្រម​ផង​ដែរ​នៅ​ពេល​ខាង​មុខ បើសិនជា​ជីវភាព​មាន​ភាពល្អ​ប្រសើរ​ជាង​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ