សប្បាយម្យ៉ាងដែរ! អ្នកភូមិប្រមាណ៥០០នាក់នាំគ្នាទៅចាប់ត្រីនៅបឹងធំ
- សៀមរាប
ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ប្រជាជនទាំងប្រុស ទាំងស្រី ចាស់ ក្មេង ប្រមាណ៥០០នាក់…
ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ប្រជាជនទាំងប្រុស ទាំងស្រី ចាស់ ក្មេង ប្រមាណ៥០០នាក់…
ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ប្រជាជនទាំងប្រុស ទាំងស្រី ចាស់ ក្មេង ប្រមាណ៥០០នាក់ បានមកប្រមូលផ្តុំគ្នានៅបឹងធំមួយ ស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទ បាគង ខេត្តសៀមរាប ។
បឹងធំមួយនេះ អ្នកភូមិអភិរក្សត្រីទុកមិនឱ្យមានការនេសាទផ្តេសផ្តាសនោះឡើយ គឺសម្រាប់តែរកត្រីរួមគ្នា ដើម្បីយកមកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃឡើងមាឃ ឬឡើងអ្នកតាដែលប្រារព្ធធ្វើឡើងនៅថ្ងៃ២៥ ខែមករា ឆ្នាំ២០២០ និងធ្វើម្ហូបសម្រាប់គ្រួសារ ព្រមទាំងទទួលភ្ញៀវ ដែលជាទំនៀមទម្លាប់របស់អ្នក ស្រុកអង្គរប្រារព្ធធ្វើជារៀងរាល់ឆ្នាំម្តង។
មុនពេលចេញប្រតិបត្តិការ គណៈកម្មការភូមិបានបាញ់កាំជ្រួច បន្លឺស្នូរជាសញ្ញា ដើម្បីអនុញ្ញាតឱ្យចុះចាប់ត្រីបាន នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែមករា នេះ។ ដោយឡែកការរកត្រីនេះ អនុញ្ញាតឱ្យប្រជាជនក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យប្រជាជនភូមិក្រៅចុះចាប់នោះឡើយ និងប្រើប្រាស់តែឧបករណ៍បុរាណទាំងអស់ រួមមានដូចជា ឆ្នៀងអង្រុត និងសំណាញ់ជាដើម។ល។
ចំពោះការចាប់ត្រីនេះ គណៈកម្មការបានកំណត់ជាពីរផ្នែក។ ជាដំបូងប្រជាជនទាំងអស់អាចរកត្រីទុកសម្រាប់ខ្លួនឯងផ្ទាល់ រីឯមួយផ្នែកនៃបឹងដែលដាក់ចម្រាស់ការពារមិនឱ្យចាប់ពីដំបូងនោះ ត្រូវចាប់ទុករួមសម្រាប់ធ្វើទឹកនំបញ្ចុកប្រគេនព្រះសង្ឃ។
ចំណែកលោក ពេជ្រ ឃិន មេភូមិបង្កោង និងជាគណៈកម្មការរៀបចំក្នុងពិធីនោះបានរៀបរាប់ថា ដោយនៅឆ្នាំនេះខ្សត់ទឹកភ្លៀង និងមិនមានទឹកធំផង ទើបមិនសំបូរត្រី ហើយគណៈកម្មការគ្រប់គ្រង និងអភិរក្សបឹងបានប្រលែងកូនត្រីប្រមាណជា ១៥០០ ក្បាល កាលពីអំឡុងខែ១០ ឆ្នាំ២០១៩ ដើម្បីរក្សាទិន្នផលត្រី ដើម្បីបានផ្គត់ផ្គង់ក្នុងកម្មវិធីនៅឆ្នាំនេះបន្ត។
លោកបន្តថា ការចាប់ត្រីឡើងមាឃនេះ មានជាយូរយារមកហើយ រៀងរាល់ខែមាឃ បន្ទាប់ពីបញ្ចប់ការច្រូតកាត់ និងដាក់ស្រូវក្នុងជង្រុករួចរាល់។ លោកបញ្ជាក់ថា ថ្វីបើកម្មវិធីនេះមានជាយូរមកហើយ តែការរៀបចំបានគគ្រឹគគគ្រេងប្រមាណជាង១០ឆ្នាំកន្លងមកនេះ នៅពេលលោកមានតួនាទីជាមេភូមិក្នុងភូមិបង្កោង។ លោកតែងតែអប់រំប្រជាជនក្នុងភូមិ និងអ្នកណាក៏ដោយដែលនឹងក្លាយជាអ្នកដឹកនាំបន្តវេណពីលោក ធ្វើយ៉ាងណាថែរក្សាទនៀមទម្លាប់នេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយនាពេលអនាគត។
ក្នុងពិធីនេះដែរ អ្នកស្រី ឆៃ ណាត ក្នុងភូមិបង្គោង ដែលកំពុងមមាញឹកចាប់ត្រី ដោយ ដៃម្ខាងកាន់អង្រុត ដៃម្ខាងរាវរកត្រីក្នុងអង្រុត បាននិយាយដោយទឹកមុខរីករាយថា នាងខ្ញុំបានមករកត្រីជារៀងរាល់ឆ្នាំ ហើយថ្ងៃនេះបានក្រោកមកជាមួយអ្នកភូមិតាំងពីម៉ោង៥ភ្លឺម្ល៉េះ។ អ្នកស្រីបន្តថា ឆ្នាំនេះមិនសូវសំបូរត្រីដូចឆ្នាំមុនៗនោះទេ ដោយសារតែឆ្នាំនេះមិនសូវមានទឹកភ្លៀងធំ មានតែទឹកភ្លៀងបន្តិចប៉ុណ្ណោះ ទើបបណ្តាលឱ្យទិន្នផលត្រីធ្លាក់ចុះ។
សូមបញ្ជាក់ផងដែរថា តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌ រស់ដែលសម្បូរទៅដោយមរតកអរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរ បន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ននេះ។ ក្នុងពិធីបុណ្យឡើងមាឃ ឬបុណ្យឡើងអ្នកតា កឺជាទំនៀមទម្លាប់ប្រពៃណីមួយក្នុងចំណោមបេតិកភណ្ឌអរូបីជាច្រើនប្រតិបត្តិដោយអ្នកស្រុកអង្គរ។
គួរបញ្ជាក់ទៀតថា រៀងរាល់ថ្ងៃ១ កើត ខែ មាឃ ប្រជាជនតែងតែរកត្រីរួមគ្នាដើម្បីយកត្រីមកធ្វើម្ហូប និងធ្វើចង្ហាន់ប្រគេនព្រះសង្ឃសម្រាប់ថ្ងៃ៣កើត ខែមាឃ ដែលជាថ្ងៃឡើងមាឃ ឬឡើងអ្នកតា៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ