ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​តាំងចិត្ត​របស់​ស៊ី​ន សេដ្ឋ​សុ​ជ្ឈ​តា ចៅស្រី​ស៊ី​ន ស៊ី​សា​មុត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​វិស័យ​សិល្បៈ​ចម្រៀង ក្នុង​នាម​ជា​ចៅស្រី​អធិរាជ​សំឡេង​មាស​ស៊ី​ន សា​មុត តារាចម្រៀង​វ័យក្មេង​កញ្ញា​ស៊ី​ន សេដ្ឋ​សុ​ជ្ឈ​តា តាំងចិត្ត​ថា​នឹង​បន្ត​លើក​តម្លៃ​វង្ស​ត្រកូល​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង បើ​ទោះបីជា​ពេល​នេះ​នាង​ទើបតែ​ចាប់​អាជីព​ក៏​ដោយ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​វិស័យ​សិល្បៈ​ចម្រៀង ក្នុង​នាម​ជា​ចៅស្រី​អធិរាជ​សំឡេង​មាស​ស៊ី​ន សា​មុត តារាចម្រៀង​វ័យក្មេង​កញ្ញា​ស៊ី​ន សេដ្ឋ​សុ​ជ្ឈ​តា តាំងចិត្ត​ថា​នឹង​បន្ត​លើក​តម្លៃ​វង្ស​ត្រកូល​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង បើ​ទោះបីជា​ពេល​នេះ​នាង​ទើបតែ​ចាប់​អាជីព​ក៏​ដោយ ។

ការ​សន្យា​របស់​កូនស្រី​លោក​ស៊ី​ន ច័ន្ទ​ឆា​យ៉ា នេះ​បន្ទាប់​ពី​បងប្រុស​បង្កើត​របស់​ខ្លួន​គឺ​លោក​ស៊ី​ន សេដ្ឋ​កុ​ល បាន​ទទួលមរណភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ហើយ​ធ្វើ​ឲ្យ​វង្ស​ត្រកូល​ស៊ី​ន ស៊ី​សា​ម៉ុ​ត ហាក់​ពិបាក​ស្វែងរក​អ្នក​បន្តវេន​លើ​វិស័យ​សិល្បៈ​ចម្រៀង ។ ដ្បិត​បងប្រុស​លោក​ស៊ី​ន សេដ្ឋ​កុ​ល បាន​កសាង​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​មាន​ភាពល្អ​ប្រសើរ​ជាង​ខ្លួន​បន្តិច​ក៏​ដោយ ប៉ុន្តែ​ស៊ី​ន សេដ្ឋ​សុ​ជ្ឈ​តា បាន និង​កំពុង​បញ្ជ្រៀប​ខ្លួន​ជា បណ្តើរ​ៗ​ក្នុង​វិស័យ​ចម្រៀង​ប្រកបដោយ​ភាព​មោះមុត និង​ជឿជាក់​តាម​ការ​ចង់បាន​ពី​ក្រុម​គ្រួសារ ។

ស៊ី​ន សេដ្ឋ​សុ​ជ្ឈ​តា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា បច្ចុប្បន្ន​ជា​និស្សិត​ផ្នែក​ទំនាក់ទំនង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ ចំពោះ​វិ​ស្ស័​យ​សិល្បៈ នាង​កំពុង​តែ​ចាប់ផ្ដើម​ជំហាន​ដំបូង ដោយ​បាន​ផលិត​ចម្រៀង​មួយ​ចំនួន​រួច​ហើយ​ជាមួយ​ផលិត​កម្ម​ក្លា​ប​យ៉ា​ហ៊ែ​ន​( KlapYaHandz) ហើយនឹង​មាន​បទ​ចម្រៀង ថ្មី​ៗ​ជា​បន្តបន្ទាប់​ទៀត ។

សម្រាប់​បទ​ចម្រៀង​របស់​នាង​នោះ​គឺ​មាន​ទាំង​បទ​និពន្ធ​ថ្មី និង​បទ​ខ្លះ​គឺ​ច្រៀង​ឡើង​វិញ​ពី​បទ​ជីតា​របស់​នាង​គឺ​លោក ស៊ី​ន ស៊ី​សា​មុត ដោយ​បាន​រៀបចំ​ជា​បទ​ភ្លេង​ថ្មី ។

បើ​តាម​ស៊ី​ន សេដ្ឋ​សុ​ជ្ឈ​តា សម្រាប់​ឆន្ទៈ​របស់​នាង​ផ្ទាល់ គឺ​នឹង​នៅ​តែ​បន្ត​ថែរក្សា​អ្វី​ដែល​គ្រួសារ ជា​ពិសេស​លោកតា​ស៊ី​ន ស៊ី​សា​មុត ផ្ទាល់​បាន​បន្សល់​ទុក​ឲ្យ ធ្វើ​យ៉ាងណា​ឲ្យ​គ្រប់​គ្នា​នៅ​តែ​បាន​ទទួល​ដឹង​ឮ​ពី​ឈ្មោះ​ត្រកូល​មួយ​នេះ ។

ចៅស្រី​របស់​អធិរាជ​សំឡេង​មាស ស៊ី​ន ស៊ី​សា​មុត ពិតជា​មាន​ទេព​កោសល្យ​មិន​អន់​ទេ ដោយ​នាង​អាច​ច្រៀង​បាន​ពីរោះ​ទាំង​ភាសា​ខ្មែរ អង់គ្លេស រ៉េ​ប​ផង លឿន​ផង​យឺត​ផង ពោល​គឺ​នាង​អាច​ច្រៀង​បាន​ចម្រុះ​តែ​ម្ដង ។ នាង​ក៏​ធ្លាប់​បាន​បង្ហាញ​វត្តមាន​ឡើង​ច្រៀង​តាម​កញ្ចក់​ទូរទស្សន៍​ផង​ដែរ កាលពី​ពេល​កន្លង​ទៅ ហើយ​នាង​ហូរ​ទឹកភ្នែក​ពេល​ច្រៀង​បទ​លោកឪពុក នៅ​ស្ថានីយ​ទូរទស្សន៍​PNN ដោយសារ​តែ​នាង​នឹករលឹក​យ៉ាង​ខ្លាំង​ដល់​ឪពុក​ដែល​បាន​លាចាក​លោក​ទៅ ។

ស៊ី​ន សេដ្ឋ​សុ​ជ្ឈ​តា ក៏​ធ្លាប់​បាន​បង្ហាញ​វត្តមាន​ច្រៀង​ក្នុង​កម្មវិធី​ចម្រៀង​គ្រួសារ​ខ្មែរ ហើយ​ជាង​នេះ​ទៅ​ទៀត​នាង​ក៏​បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​អុ​ី​ន​ធើ​រ​ណេ​ត​មានការ​ចាប់​អារម្មណ៍​ខ្លាំង​តាម​រយៈ​ការ​ច្រៀង​Cover បទ​ជីតា​របស់​ខ្លួន​ក្រោម​ចំណងជើង​ថា​៖ «​ចំប៉ា​បាត់​ដំបង​» ជាមួយ​ការ​កែ​ច្នៃ​សាច់ភ្លេង​បែប​ថ្មី​យ៉ាង​ពីរោះ​រណ្តំ ។

មហាជន​រំពឹង​ថា ស៊ី​ន សេដ្ឋ​សុ​ជ្ឈ​តា នឹង​ធ្វើ​ដំណើរ​លើ​វិ​ថី​សិល្បៈ​ចម្រៀង​បន្ត​ពី​ក្រុម​គ្រួ​សារបាន​យ៉ាង​ល្អ បន្ទាប់​ពី​បងប្រុស​លោក​ស៊ី​ន សេដ្ឋ​កុ​ល ជា​គ្រាប់ពេជ្រ​នៃ​ត្រកូល​ស៊ី​ន ស៊ី​សា​មុត ដែល​អាច​ស្នង​តំណែង​តែ​ម្នាក់​គត់​នោះ បាន​ទទួលមរណភាព ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ