ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​រៀន​សុខ​ៗ​ស្រាប់តែ​ដួល​សន្លប់​ជា​បន្តបន្ទាប់ នេះ​មិនមែន​ជា​លើក​ទី​១​ទេ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សិស្ស​ស្រី​ចំនួន​១០​នាក់ ដែល​កំពុង​សិក្សា​នៅ​វិទ្យាល័យ​ហ៊ុន​សែន​កែវ​សីមា ស្ថិត​នៅ​ក្នុងស្រុក​កែវ​សីមា នៃ​ខេត្តមណ្ឌលគិរី បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ហើយ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​សង្គ្រោះ​របស់​ក្រុម​គ្រូពេទ្យ​ក្នុង​មូលដ្ឋាន​នេះ ។…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សិស្ស​ស្រី​ចំនួន​១០​នាក់ ដែល​កំពុង​សិក្សា​នៅ​វិទ្យាល័យ​ហ៊ុន​សែន​កែវ​សីមា ស្ថិត​នៅ​ក្នុងស្រុក​កែវ​សីមា នៃ​ខេត្តមណ្ឌលគិរី បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ហើយ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​សង្គ្រោះ​របស់​ក្រុម​គ្រូពេទ្យ​ក្នុង​មូលដ្ឋាន​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ដែល​ដួល​សន្លប់​បាន​រៀបរាប់​ថា ក្នុង​ពេល​កំពុង​សិក្សា​ពេល​រសៀល ក៏​ស្រាប់តែ​មាន​សិស្ស​ម្នាក់​បាន​ដួល​សន្លប់​ក្នុង​បន្ទប់រៀន មួយសន្ទុះ​ក្រោយមក​ក៏​មានការ​ដួល​ជា​បន្តបន្ទាប់​ទៀត ពេល​ឃើញ​មិត្ត​ភ​ក្កិ​របស់​ខ្លួន​សន្លប់ ។ សិស្ស​ដដែល​បាន​រៀបរាប់​ថា នៅ​សាលារៀន​របស់​ពួក​គេ គឺជា​អគារសិក្សា​ថ្មី​ដែល​ទើប​សាងសង់​រួច និង​នៅ​ក្បែរ​ព្រៃ​ការពារ​របស់​ដែនជម្រកសត្វព្រៃ​កែវ​សីមា ហើយ​នៅ​ពេល​ដែល​ដួល​សន្លប់​នោះ​អាកាសធាតុ​នៅ​ក្នុង​បន្ទប់រៀន​មាន​សភាព​ក្តៅ​ខ្លាំង បើ​ទោះបីជា​មាន​កង្ហារ​ចំនួន​ពីរ​គ្រឿង​ក៏​ដោយ ។ សិស្ស​ដដែល​បន្ត​ទៀត​ថា ចំពោះ​អាកា​រៈ​នៃ​សិស្ស​ដែល​ដួល​សន្លប់ គឺ​មានការ​ចុក​ជើង ណែន​ដើមទ្រូង ពិបាក​ដកដង្ហើម និង​វិលមុខ ។

លោកគ្រូ​ម្នាក់​បាន​បញ្ជាក់​ដែរ​ថា អាកាសធាតុ​នៅ​ថ្ងៃ​កើតហេតុ​នេះ​មាន​ភាព​ក្តៅ​ហប់​ខ្លាំង ហើយ​សិស្ស​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ដែល​តម្រូវ​ឱ្យ​លោកគ្រូ អ្នកគ្រូ រួម​ទាំង​អាជ្ញាធរ​ប្រញាប់ប្រញាល់​បញ្ជូន​សិស្សានុសិស្ស​មក​កាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​សង្គ្រោះ ។

លោក​វេជ្ជបណ្ឌិត​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន ឈ្មោះ សុខ បញ្ញា​២ បានឱ្យ​ដឹង​ថា ចំពោះ​អាកា​រៈ​អាច​បណ្ដាល​មក​ពី​ក្តៅ​ខ្លាំង និង​កង្វះ​អុក​ស៊ី​សែន​នៅ​ក្នុង​បន្ទប់រៀន ។ ក្រោយ​ការ​ដួល​សន្លប់​ដែល​បាន​អូស​បន្លាយ​ចាប់ពី​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៣ ខែមករា​នេះ ក្រោម​កិច្ច​អន្តរាគមន៍​ពី​លោក​ឧត្តមសេនីយ៍ទោ​ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី លោក​នួន សា​រ៉​ន អភិបាលស្រុក​កែវ​សីមា រួម​ទាំង​អាជ្ញាធរ​មន្ត្រីរាជការ​ទាំងអស់ បាន​ដុតដៃដុតជើង ជួយ​សង្គ្រោះ​សិក្សា​នុ​សិស្ស​ដោយ​ខ្លះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន ខ្លះ​ទៀត​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព កែវ​សីមា និង​អ្នក​ដែល​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី ។

ករណី​ដួល​សន្លប់​នៅ​ក្នុង​វិទ្យាល័យ​ហ៊ុន​សែន​កែវ​សីមា​នេះ ត្រូវ​បាន​សិស្សានុសិស្ស​បញ្ជាក់​ថា មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​មានការ​ដួល​សន្លប់ ។ ការ​ដួល​សន្លប់​នេះ គឺ​បាន​អូស​បន្លាយ​អស់​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​មាន​តែ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ដួល​សន្លប់ ហើយ​នា​ថ្ងៃ​ទី​២៣ មក​រា​នេះ ចំនួន​នៃ​អ្នក​សន្លប់​មានការ​កើតឡើង​តែ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ