ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​គ្រូទាយ​ពូកែ​ប្រើ​ល្បិច​ខ្ពស់ បោក​១​គ្រួសារ​អស់​រាប់​លាន និង​អ្នក​ភូមិ​ក្បែរ​ព្រំ​ដែន​ទៀត

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​គ្រូទាយ​ម្នាក់​ពូកែ​ប្រើ​ល្បិច​ខ្ពស់ រហូត​ដល់​ធ្វើ​ឱ្យ​អ្នក​ភូមិ​ជឿជាក់ ក៏​បាន​ឱកាសល្អ​បោកប្រាស់​ប្តី​ប្រពន្ធ​១​គ្រួសារ អស់​លុយ​ជាង​៤​លាន​រៀល ខណៈ​មាន​បងប្អូន​ណែនាំ​ប្រាប់​ថា ស្ត្រី​រូប​នោះ ពូកែ​ទាយ​ឆុត…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​គ្រូទាយ​ម្នាក់​ពូកែ​ប្រើ​ល្បិច​ខ្ពស់ រហូត​ដល់​ធ្វើ​ឱ្យ​អ្នក​ភូមិ​ជឿជាក់ ក៏​បាន​ឱកាសល្អ​បោកប្រាស់​ប្តី​ប្រពន្ធ​១​គ្រួសារ អស់​លុយ​ជាង​៤​លាន​រៀល ខណៈ​មាន​បងប្អូន​ណែនាំ​ប្រាប់​ថា ស្ត្រី​រូប​នោះ ពូកែ​ទាយ​ឆុត និង​ចេះ​មើល​ជោគ​ជាតា​រាសី លុះ​ឃើញ​ទាយ​ត្រូវ​ចំណុច ក៏​ជឿ​ស្លុង​រហូត​ដល់​គេ​បោក​អស់ប្រាក់​ជា​ច្រើន​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្ត្រី​គ្រូទាយ​បាន​បោកប្រាស់​អ្នក​ភូមិ​ជា​បន្តបន្ទាប់ រហូត​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​ក៏​អស់ប្រាក់​ជា​ច្រើន​ថែម​ទៀត​ផង​ដែរ ។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​នេះ ត្រូវ​បាន​បុរស​ម្នាក់​រៀបរាប់​ឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​ដឹង​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០ ថា ជន​រង​គ្រោះ មាន​ដែល​ត្រូវ​គ្រូទាយ​បោក​ឈ្មោះ ភាន សុភា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អ៊ុត តន់ អាយុ​៣៩​ឆ្នាំ ត្រូវ​បាន​ស្ត្រី​ជា​គ្រូទាយ​បោក​អស់​លុយ​ជាង​៤​លាន​រៀល រស់នៅ​ភូមិ​ដំណាក់​កន្សែង ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ដោយ​ចាញ់បោក​គេ​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ចំណែក​ជន​សង្ស័យ​ជា​គ្រូទាយ​មានឈ្មោះ ចាន់ ភេទ​ស្រី អាយុ​ប្រហែល​៤០​ឆ្នាំ រស់នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ ភាន សុភា បានឱ្យ​ដឹង​ថា គាត់​មាន​បងប្អូន​ម្នាក់​ឈ្មោះ អ៊ុ​ក ទូច រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​ប្រពន្ធ​គាត់​ស្គាល់គ្នា​ជាមួយនឹង​ស្ត្រី​គ្រូ​ទាយ​ខាងលើ ហើយ​ក៏​ប្រាប់​ឱ្យ​គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​ឱ្យធ្វើ​ដំណើរ​ពី​ខេត្តពោធិ៍សាត់ ទៅ​ជួបនឹង​ស្ត្រី​គ្រូទាយ​រូប​នោះ ។

គាត់​បន្ត​ទៀត​ថា គ្រាន់តែ​ឮដំណឹង​ភ្លាម រូប​គាត់​ក៏​ប្រញាប់ប្រញាល់​ទៅ ក្រែង​ទៅ​មិន​ទាន់​ជួប​មុខ​គ្រូ ព្រោះ​មាន​អ្នក​ទាក់ទង​ឱ្យទៅ​ទាយ​ជា​ច្រើន​នាក់​ទៀត ។ លុះ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់ ស្រាប់តែ​គ្រូទាយ​បាន​ប្រាប់​ពួក​គាត់​ថា ប្រពន្ធ​គាត់​ត្រូវ​អំពើ​គេ​ធ្ងន់ធ្ងរ​ហើយ ដោយ​បំភ័យ​ឱ្យ​គាត់​ភ័យ​ខ្លាច​ថា បើ​មិនឆាប់​ដោះ​អំពើ​ចេញ​ទេ ប្រពន្ធ​របស់​ខ្លួន​អាច​នឹង​បាត់បង់​ជីវិត​ចោល​ប្តី​នៅ​ខែកុម្ភ​: ឆ្នាំ​២០២០​ឆាប់​ៗ​នេះ ជាក់​ជា​មិន ។

បុរស​រង​គ្រោះ​បន្ត​ថា ពេល​នោះ គ្រូទាយ​ចាប់ផ្តើម​និយាយ​រឿងរ៉ាវ​ដែល​កើត​មាន​ឡើង​ត្រូវ​នឹង​អ្វី​ដែល​ជីវិត​ប្រពន្ធ​របស់​ខ្លួន​កំពុង​ជួប​ប្រទះ​មែន ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចង់​សើច​នោះ គឺ​គ្រូទាយ​បាន​ឱ្យ​ប្រពន្ធ​ខ្លួន​ចូល​ក្នុង​បន្ទប់​ដោះ​ខោអាវ ខោ​លី​អូ និង​ដក​សក់​យក​ឱ្យ​គ្រូទាយ ដើម្បី​យក​ទៅ​រំដោះគ្រោះ ហើយ​ត្រូវ​រក​សម្លៀក​បំពាក់​ផ្សេង​ស្លៀក​ទៅ​ផ្ទះ​វិញ ។

គ្រូទាយ​ចាប់ផ្តើម​ប្រាប់​ថា ការ​ទស្សន៍​ទាយ​មិន​ត្រូវ​បង់លុយ​នោះ​ឡើយ បើ​ចង់​ដាក់​ឱ្យ​ប៉ុន្មាន​ក៏​បាន​ដែរ តែ​ដោយសារ​ស្ត្រី​រង​គ្រោះ​ត្រូវ​អំពើ​គេ​ខ្លាំង​អាច​នឹង​ឈាន​ដល់​បាត់​បង់ជីវិត ដូច្នេះ​ត្រូវ​តែ​បង់លុយ​ចំនួន​២​លាន​រៀល ដើម្បី​ឱ្យទៅ​គ្រូទាយ​យក​ទៅ​ទិញ​ខ្លាញ់​ខ្មោច ព្រោះ​អ្នក​ធម្មតា​មិន​អាច​រក​ទិញ​ខ្លាញ់​នោះ​បាន​ទេ ទាល់តែ​គ្រូ ទើប​អាច​ទិញ​បាន ។ បន្ទាប់​ពី​បង់លុយ​រួច គ្រូទាយ​ប្រាប់​ថា គាត់​ប្រញាប់​ទៅ​រក​ទិញ​របស់​ទាំងនោះ​យក​មក​រំដោះគ្រោះ​ចង្រៃ​ឱ្យទាន់​ពេលវេលា ។

ប្រភព​ដដែល​បន្ត​ថា លុះ​ព្រឹកស្អែក​ឡើង​ថ្ងៃ​ទី​២០ ខែមករា ស្រាប់តែ​គ្រូទាយ​បាន​ទូរស័ព្ទ​ប្រាប់​ថា គាត់​ត្រូវការ​ចំនួន​២​លាន​រៀល​ទៀត ដើម្បី​យក​ទៅ​ទិញ​ឈាម​ចំនួន​៥​សាក់ យក​ទៅ​ដាក់​បណ្តេញ​​អំពើ​អំព័ន្ធ​នោះ​ចេញ និង​ដាក់​អំពើ​តប​ទៅ​អ្នក​ដែល​ដាក់​មក​លើ​ប្រពន្ធ​ជន​រង​គ្រោះ ។

គាត់​បន្ថែម​ទៀត​ថា គ្រាន់តែ​ឮ​សម្តី​គ្រូទាយ​ភ្លាម ក៏​ប្រញាប់​ដើរ​ខ្ចីប្រាក់​បងប្អូន​ពេញ​ភូមិ រួច​ក៏​វេរ​ឱ្យ​ស្ត្រី​គ្រូទាយ​នោះ ព្រោះ​ខ្លាច​ប្រពន្ធ​បាត់បង់​ជីវិត​ចោល​រូប​ខ្លួន លុះ​បន្ទាប់​ពី​បាន​ប្រាក់​ហើយ នាង​ប្រាប់​ថា ធ្វើ​ដំណើរ​មក​ជិត​ដល់​ហើយ ទើប​ដល់​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង លុះ​ទាក់ទង​ទៀត ចូល​ដែល តែ​អត់​មាន​អ្នក​លើក​ទូរស័ព្ទ រួច​ក៏​បិទ​ចោល​ភ្លាម ទើប​ដឹង​ថា​ខ្លួន​ពិតជា​ចាញ់បោក​គ្រូទាយ​នោះ​មែន ។

ជន​រង​គ្រោះ​បញ្ជាក់​បន្ថែម​ទៀត​ថា មាន​អ្នក​ភូមិ​ជា​ច្រើន ដោយ​អ្នកខ្លះ​ប្តី​មាន​ស្រី ចង់ឱ្យ​ប្តី​ស្រឡាញ់​​ខ្លួន​វិញ ក៏​ឱ្យ​គ្រូ​បញ្ចុះ​មន្ត​ស្នេហ៍​អស់​លុយរាប​លាន​រៀល ខ្លះ​ទៀត​ជំពាក់​បំណុល​គេ ចង់ឱ្យ​លក់​ដី​ដាច់​ឆាប់រហ័ស ក៏​យក​ប្រាក់​ទៅ​ឱ្យ​គ្រូទាយ​អស់​រាប់​ម៉ឺន​បាត (​ប្រាក់​ថៃ​) ។ ចំណែក​អ្នក​ផ្សេង​ៗ​ទៀត ចង់ឱ្យ​រកស៊ី​មាន​លឿន ឱ្យ​ជួប​តែ​មិត្តភក្តិ​ល្អ​ៗ កុំឱ្យ​គេ​បោកប្រាស់ ក៏​យក​ប្រាក់​ទៅ​ឱ្យ​គ្រូទាយ​ស្ទើរ​ពេញ​ភូមិ​តែ​ម្តង ។

ជន​រង​គ្រោះ​បញ្ជាក់​ទៀត​ថា គាត់​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដើម្បី​ឱ្យ​តាម​ស្វែងរក​ចាប់​ស្ត្រី​ឆបោក​ខាងលើ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ