ខេត្តបន្ទាយមានជ័យ ៖ ខណៈមានវិធានការជាមួយរថយន្តប្រភេទធំៗនេះ ប្រជាពលរដ្ឋមានការគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តរបស់អាជ្ញាធក្រុងសិរីសោភ័ណ ដែលបានចុះត្រួតពិនិត្យរថយន្តធំៗ បើកបរក្នុងក្រុង ពិសេសរថយន្តដឹកដី ដែលតែងតែបង្កគ្រោះថ្នាក់តាមដងផ្លូវ និងបំពាក់ស៊ីផ្លេឮខ្លាំង បើកបរលឿនជាដើម ជាមួយគ្នានេះ កម្លាំងបានធ្វើតេស្តទឹកនោមលើអ្នកបើកបរទាំងនោះផងដែរ ។
ការចុះអនុវត្តត្រួតពិនិត្យនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជារផ្ទាល់ពីសំណាក់លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ និងជាប្រធានគណៈបញ្ជការឯកភាពក្រុង ដែលមានការចូលរួមពីកងកម្លាំងអាវុធហត្ថក្រុង អធិការក្រុងសិរីសោភ័ណ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅចំនុចផ្លូវ៧មករា (កែងសាលាក្រុង ផ្លូវចូលសួនស្នេហ៍ជនបទ)។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង និងជាប្រធានគណៈបញ្ជការឯកភាពក្រុង បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ៖ ចំពោះការចុះអនុវត្តនេះដែរ ដោយមើលឃើញកន្លងមក រថយន្តធំៗ ពិសេសរថយន្តដឹកដី តែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ដូចជាសម្លេងស៊ីម៉ាំងង ស៊ីផ្លេលឺខ្លាំងៗ ការបើកបរមិនគោរពច្បាប់ បើកបរលឿន ម្យ៉ាងទៀតគ្មានការគ្របដី បណ្តាលឲ្យហុយ ធ្លាក់ពេញផ្លូវសាធារណៈ ដែលជាហេតុបង្កនូវគ្រោះថ្នាក់ផ្សេងៗតាមដងផ្លូវជាដើម។ លោកបន្តថាចំពោះការចុះត្រួតពិនិត្យគឺយើងត្រួតពិ និត្យទៅលើ ៖ ១-ពិនិត្យល្បឿន,២-ការគ្របដី,៣-ពិនិត្យកាបំពាក់ស៊ីម៉ាំង,៤-ពិនិត្យស៊ីផ្លេ,៥-តេស្តទឹកនោមរកសារធាតុញៀនចំពោះអ្នកបើកបរ,៦-ពិនិត្យប័ណ្ណបើកបរ។
លោកបញ្ជាក់ថា ៖ ការចុះអនុវត្តលើកទី១ គឺគ្រាន់តែធ្វើការអប់រំណែនាំសិន ដើម្បីឲ្យពួកគាត់ចូលរួមអនុវត្តឲ្យបានល្អតាមការណែនាំរបស់អាជ្ញាធរយើង។ លើកទី២ បើមិនអនុវត្តនោះទេ និងធ្វើការផាកពិន័យ ដោយគ្មានលើកលែងឡើយ។ ក្នុងនោះដែរពលរដ្ឋដែលរស់នៅតាមដងផ្លូវ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់អាជ្ញាធរក្រុងសិរីសោភ័ណ ក្នុងការចុះអនុវត្ត ទៅលើរថយន្តដឹកដី ដោយពួកគាត់បានលើកឡើងថា ៖ កន្លងមករថយន្តដឹកដី មានការបើកបរលឿនក្នុងទីប្រជុំជន ដឹកដីគ្មានការគ្របឲ្យបានត្រឹមត្រូវនោះទេ ពេលខ្លះធ្លាក់រាយប៉ាយតាមផ្លូវ ហើយម្យ៉ាងវិញទៀតស៊ីផ្លេ និងស៊ីម៊ាំលឺខ្លាំង រកពេលសម្រាកមិនបាន ។
ពលរដ្ឋក៏សំណូមពលរដ្ឋដល់អាជ្ញាធរក្រុង បន្តត្រួតពិនិត្យបញ្ហនេះឲ្យបានជាប្រចាំ។ សូមបញ្ជាក់ថា ៖ ក្នុងការចុះអនុវត្ត និងណែនាំជំហានដំបូង បានអប់រំដល់ម្ចាស់រថយន្តដឹកដី បានចំនួន២០គ្រឿង ដកហូតបានស៊ីផ្លេខ្យល ដែលមានសម្លេងលឺខ្លាំង១គូរ នឹងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនអ្នកបើកបររថយន្តរកឃើញម្នាក់ បញ្ចូនទៅអធិការក្រុងសិរីសោភ័ណដើម្បីអនុវត្តទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ