រាជធានីភ្នំពេញ ៖ ចាប់តាំងពីអ្នកនាង ខ្ញុង មានគ្រួសារថ្មីមកឃើញថា ក្តីសុខស្នេហារបស់អ្នកនាង និងស្វាមី កាន់តែសមប្រកបដោយសេចក្តីសុខ ហើយផែនការជំនួញជួញដូរក៏កាន់តែអណ្តែតឡើង។ យ៉ាងណាមិញ ចំណងមង្គលរបស់អ្នកទាំង២ បានឈានដល់កម្រិតលើសជាតិស្ករ ព្រោះពួកគេធ្វើឱ្យគេភ្ញាក់ផ្អើល ដោយសារអ្នកនាងពពោះបង្ហាញវត្តមានកម្មវិធីអ្នកសិល្បៈថ្មីៗនេះ។
អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង មានផ្ទៃពោះជាង៣ខែហើយ ដែលជាតំណក់ឈាមរបស់ស្វាមីថ្មីលោកអ៊ុំ ក្សត្រា ហៅនាយកៃដ។ ក្នុងជំហានដើរមួយៗ ព្រោះខ្លាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ អ្នកនាងខ្ញុង បានទៅចូលរួមពិធីឡើងផ្ទះរបស់នាយចឺម នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែមករា ហើយធ្វើឱ្យភ្ញៀវជាច្រើនចាប់អារម្មណ៍ ព្រោះតែស្វាមីរបស់នាង គឺនាយកៃដ ថ្នាក់ថ្នមតារាកំប្លែងរូបនេះខ្លាំងណាស់តាំងពីចុះពីលើរថយន្ត រហូតដល់តុពិធី។

អ្នកនាង ខ្ញុង បាននិយាយនៅលើឆាកថា «អត់មានពេលយកកូនចៅតាមផែនការនោះទេ បើមិនទំនេរពន្យាពេលទៀត។ តែប៉ាវាចេះតែជាន់ៗពេកទាល់តែប៉ោងស្ទុល ទៅជាអញ្ចឹងតែម្តង (សើច)។ ពេលនេះ មានតែព្យាយាមមើលថែទាំកូនថ្មីនេះឱ្យល្អ ដើម្បីឱ្យប៉ាកូន បងជួយមើល និងគេឯងបាន២គ្រាប់ដែរ»។
អ្នកនាង ខ្ញុង បានបន្ថែមថា រវល់នោះរវល់ បើការវិញ ប្តីប្រពន្ធខ្ញុំខុសគេៗ ការសុទ្ធតែខែប្រាំង ឯងការខែវស្សា សប្បាយអ៊ុតមេឃឡើងបាតជើងសព្រាត។
យ៉ាងណាក៏ដោយ នាងខ្ញុង កាន់តែធ្វើឱ្យអ្នកគាំទ្រសរសើរពីភ័ព្ទសំណាង ដែលជីវិតស្នេហាកាន់តែពោរពេញដោយសុភមង្គល។ ហើយអ្នកគាំទ្រក៏បានជូនពរនាងមាន សុខភាពល្អជាមួយកូនក្នុងផ្ទៃ ហើយកាន់តែទទួលបាននូវភាពយកចិត្ត យកថ្លើមពីស្វាមីជារៀងរហូត។
សូមរំលឹកថា អ្នកមេម៉ាយកូន២ ស្រេង សុកាន់ដា ហៅខ្ញុង បានរៀបការជាមួយលោក អ៊ុំ ក្សត្រា ហៅនាយកៃដ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ហើយក្រោយក្លាយជាប្តីប្រពន្ធគ្នាស្របច្បាប់មក ប្តីប្រពន្ធតារាកំប្លែង១គូនេះ បានពង្រីកមុខរបរក្រៅសិល្បៈ ដូចជា ពួកគេរកស៊ីលក់ដីឡូតិ៍, លក់សាច់ក្រក និងលក់ឡេតាមអនឡាញ ជាដើម។ (កែសម្រួលដោយ ៖ បុប្ផា)










ចែករំលែកព័តមាននេះ