ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យ​លា​ភី​កីឡា​2​ប្រភេទ ​ទទួល​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១០ មក​រា នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា មាន​រៀបចំ​ពិធី​ប្រគល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​របស់​រាជរ​ដ្ឋា ភិ​បាល​ដល់​ជ័យ​លា​ភី​នៃ​ការ​ប្រកួត​កីឡា​គុន​ដាវ​ជើងឯក​អាស៊ី និង​ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ី និង​អាស៊ី​អាគ្នេយ៍ ។…

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១០ មក​រា នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា មាន​រៀបចំ​ពិធី​ប្រគល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​របស់​រាជរ​ដ្ឋា ភិ​បាល​ដល់​ជ័យ​លា​ភី​នៃ​ការ​ប្រកួត​កីឡា​គុន​ដាវ​ជើងឯក​អាស៊ី និង​ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ី និង​អាស៊ី​អាគ្នេយ៍ ។ ពិធី​នេះ​បានការ​អញ្ជើញ​ចូលរួម​ពី​លោក ស សុខា រដ្ឋ​លេខា ធិ​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​រូប​ទៀត ។

លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បានឱ្យ​ដឹង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រមូលផ្ដុំ​ក្រុមកីឡា​ជម្រើសជាតិ​ចំនួន​៥០៤​នាក់​លើ​៣៥​ប្រភេទ​កីឡា និង​១​ក្រុម
កីឡា​​ជន​ពិការ​រយៈពេល​៧​ខែ​គិត​ចាប់ពី​ថ្ងៃ​ទី​២៥​មេ​សា​ដល់​២៥​វិច្ឆិកា​ឆ្នាំ​២០១៩​ដើម្បី​ហ្វឹកហាត់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វី​លី​ពី​ន និង​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នានា ។

ប្រមូលផ្ដុំ​កីឡាករ​ថ្នាល​ចំនួន​៥០០​នាក់​លើ​៣១​ប្រភេទ​កីឡា​រយៈពេល​៨​ខែ​ចាប់ពី​ថ្ងៃ​ទី​១ ឧសភា ដល់​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៩​ដើម្បី​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ។ ប្រភេទ​កីឡា​ដែល​ត្រូវ​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​លើក​នេះ​មាន​កីឡា​គុន​ដាវ​ត្រូវ​បាន​ក្រសួង​​អប់រំ យុវជន និង​កីឡា បញ្ជូន​ឱ្យទៅ​ចូលរួម​ក្នុង​ក្រប​ខណ្ឌ​«​កីឡា​គុន​ដាវ​សាកលវិទ្យាល័យ​ជើងឯក​អាស៊ី​អាគ្នេយ៍​»​កាលពី​ឆ្នាំ​២០១៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​មាន​អត្ត​ព​លិ​ក​១២​នាក់​ក្នុង​នោះ​ស្រី​៥​នាក់ ។

ចំពោះ​លទ្ធផល​អត្ត​ព​លិ​ក​កម្ពុជា​ទទួល​បាន​មេដាយ​ប្រាក់​ចំនួន​៣​គ្រឿង មេដាយ​សំរឹទ្ធ​ចំនួន​២​គ្រឿង សរុប​៥​គ្រឿង ដែល​មាន​ប្រាក់​រង្វាន់​សរុប​៩៣​លាន​រៀល ។ រីឯ​ប្រភេទ​កីឡា​កា​រ៉ា​តេ​វិញ​នោះ​បាន​មក​ពី​ការ​ប្រកួត​«​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​៨​ឆ្នាំ​២០១៩»​នៅ​ប្រទេស​ថៃ ។ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជូន​ប្រតិភូ​កីឡា​ជម្រើសជាតិ​ឱ្យទៅ​ចូល រួម​ចំនួន​២២​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៦​នាក់ ។ ជា​លទ្ធផល​ក្រុម​ជម្រើសជាតិ​កម្ពុជា​រកបាន​មេដាយ​សំរឹទ្ធ​ចំនួន​៥​គ្រឿង រីឯ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​សរុប​មាន​ចំនួន​៦០.៩០០.០០០​រៀល​។

លោក ប៉ុន សុខ បន្ត​ថា ចំពោះ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​វិញ​នោះ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជូន​ប្រតិភូ​កីឡា​ចំនួន​១៨​នាក់ ស្រី​៤​នាក់​ទៅ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ី​លើក​ទី​១៨ ឆ្នាំ​២០១៩ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ចាប់ពី​ថ្ងៃ​ទី​២០​ដល់​២៩​មេ​សា ។ ជា​លទ្ធផល​កម្ពុជា​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង ដែល​មាន​ប្រាក់​រង្វាន់​សរុប​ចំនួន​២២​លាន​រៀល ។

ចំណែក​ការ​ប្រកួត​«​កីឡា​គុន​ដាវ​សាកលវិទ្យាល័យ​ជើងឯក​អាស៊ី​»​នៅ​ប្រទេស​សិង្ហ​បូ​រី ចាប់ពី​ថ្ងៃ​ទី​២​ដល់​៤​មិថុនា ឆ្នាំ​២០១៩ ក្រសួង​អប់រំ យុវជន និង​កីឡា​បញ្ជូន​ប្រតិភូ​កីឡា​ឱ្យទៅ​ចូលរួម​ចំនួន​១៣​នាក់​(​ស្រី​៣​នាក់​) ។ ជា​លទ្ធផល អត្ត​ព​លិ​ក​កម្ពុជា​ទទួល​បាន​មេដាយ​ប្រាក់​១​គ្រឿង​និង​មេ​ដាយ​សំរឹទ្ធ​៥​គ្រឿង ដែល​មាន​ប្រាក់​រង្វាន់​សរុប​ចំនួន​២០៨​លាន​រៀល ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ