ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​ត្បាញ​ហូល ផាមួង មិន​ធ្វើ​ឱ្យ​ក្លាយជា​អ្នកមាន តែ​អាច​ផ្គត់ផ្គង់​ជីវភាព​បាន

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សំឡេង​ស្នូរ​កី​តម្បាញ​បាន​លាន់ឮ​តិច​ៗ ខណៈ​បុរស​ម្នាក់​ដែល​មាន​សក់​ល្បាញ​អាចម៍​ខ្លា កំពុង​មមាញឹក​នឹង​ការងារ​តម្បាញ​របស់​ខ្លួន ដើម្បី​បន្ត​ត្បាញ​ទៅ​លើ​ក្រណាត់​ហូល​ដែល​ត្បាញ​បាន​ជាង​កន្លះ​ម៉ែត្រ ។ ដៃ​ម្ខាង​កាន់​ត្រល់​ស៊ក​ក្រោម​អំបោះ ដែល​បាន​រៀបចំ​ជា​ស្រេច ហើយ​ដៃ​ម្ខាង​ទៀត​កាន់​ក្តារ​កៀប​ផ្អឹប​សរសៃអំបោះ​ទៅ​ភ្ជាប់​នឹង​ក្រណាត់​ហូល…

ខេត្តតាកែវ ៖ សំឡេង​ស្នូរ​កី​តម្បាញ​បាន​លាន់ឮ​តិច​ៗ ខណៈ​បុរស​ម្នាក់​ដែល​មាន​សក់​ល្បាញ​អាចម៍​ខ្លា កំពុង​មមាញឹក​នឹង​ការងារ​តម្បាញ​របស់​ខ្លួន ដើម្បី​បន្ត​ត្បាញ​ទៅ​លើ​ក្រណាត់​ហូល​ដែល​ត្បាញ​បាន​ជាង​កន្លះ​ម៉ែត្រ ។

ដៃ​ម្ខាង​កាន់​ត្រល់​ស៊ក​ក្រោម​អំបោះ ដែល​បាន​រៀបចំ​ជា​ស្រេច ហើយ​ដៃ​ម្ខាង​ទៀត​កាន់​ក្តារ​កៀប​ផ្អឹប​សរសៃអំបោះ​ទៅ​ភ្ជាប់​នឹង​ក្រណាត់​ហូល លោក កែវ កង បាន​រៀបរាប់​ថា លោក​បាន​ចាប់​អាជីព​ជា​អ្នក​ត្បាញ​ហូល ផាមួង​នេះ អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ។

មុន​ចាប់​អាជីព​នេះ បុរស​អាយុ​៤៩​ឆ្នាំ​រូប​នេះ គឺជា​អ្នក​ដើរ​លក់ដូរ​តាម​ម៉ូតូ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ដោយ​មាន​ទេព​កោសល្យ​ក្នុង​ការ​ត្បាញ​ពី​កំណើត គួប​ផ្សំ​នឹង​មុខរបរ​លក់ដូរ​មិន​កាក់កប និង​ពិបាក​ផង​នោះ អ្នក​ត្បាញ​ហូល​ដែល​មានស្រុក​កំណើត​នៅ​ស្រុក​បាទី ខេត្តតាកែវ​រូប​នេះ បាន​ប្តូរ​មុខរបរ​មក​ត្បាញ​ហូល​នៅផ្ទះ​វិញ ។

លោក កែវ កង បាន​ចេះ​ត្បាញ​ហូល ផាមួង​នេះ តាំងពី​លោក​មាន​អាយុ​៣០​ឆ្នាំ​មក​ម្ល៉េះ ដោយ​លោក​ចេះ​ត្បាញ​តាម​រយៈ​ចាស់​ៗ​ក្នុងភូមិ​។ ដោយសារ​តែ​មាន​ដុ​ង​តាំងពី​កំណើត លោក​រៀន​តែ​រយៈពេល​១​ឆ្នាំ​ប៉ុណ្ណោះ ក៏​ចេះ​ត្បាញ​ស្ទាត់ជំនាញ ហើយ​ចាប់​យក​អាជីព​នេះ​តែ​ម្ដង ។ បច្ចុប្បន្ន លោក​អាច​ត្បាញ​បាន​សឹងតែ​គ្រប់​ក្បាច់​ទាំងអស់ មាន​ដូច​ជា ក្បាច់​ក្ងោក ចាប ម្លិះ កូន​ហ៊ីង និង​ក្បាច់​ពី​សម័យ​បុរាណ​ផ្សេង​ៗ​ទៀត ។

លោក​បន្ត​ថា បើ​ទោះបីជា​មុខរបរ​ត្បាញ​នេះ មិន​ចំណេញ​ច្រើន និង​មិន​បាន​ធ្វើ​ឱ្យ​ក្លាយ​ជា​អ្នកមាន ប៉ុន្ដែ​ដោយសារ​របរ​នេះ​បាន​ធ្វើ​ឲ្យ​ជីវភាព​ល្អ​ប្រសើរ​បាន ហើយ​គ្រួសារ​លោក ក៏​មិន​ចាំបាច់​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ឬ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ​ឡើយ ។ មិនតែប៉ុណ្ណោះ មុខរបរ​ត្បាញ​ហូល​នេះ ក៏​ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ថែរក្សា​កេរដំណែល​វប្បធម៌​ពី​ដូនតា​ផង​ដែរ ។

លោក កែវ កង បញ្ជាក់​បន្ថែម​ថា ៖« ចង់​រក្សា​អាហ្នឹង​ជា​កេរ​ដូនតា ហើយ​ណាមួយ យើង​អាច​ធ្វើ​ការងារ​នៅផ្ទះ​បាន មិន​ចាំបាច់​ចំណាកស្រុក​ទៅ​ណា​ឆ្ងាយ ។ គ្រួសារ​ខ្ញុំ​ចេះ​ទាំងអស់ ហើយ​អត់​ចំណាកស្រុក​ទៅ​ណា​ទេ រោងចក្រ​ក៏​អត់​ដែរ » ។

ក្នុង​គ្រួសារ​របស់​លោក​ដែល​មាន​សមាជិក​៣​នាក់ ក្នុង​នោះ​មានកូន​ស្រី​ម្នាក់ សុទ្ធតែ​ប្រកប​របរ​ត្បាញ​ហូល​ទាំងអស់ ។ ក្នុង​១​ថ្ងៃ ពួក​គេ​ចំណាយពេល​៨​ម៉ោង​ដើម្បី​អង្គុយ​ត្បាញ​ហូល ផាមួង​នេះ ។

លោក កែវ កង បានឱ្យ​ដឹង​ថា ហូល​១​ក្បិន​ដែល​មាន​ក្បាច់​ពិបាក​ត្បាញ មាន​តម្លៃ​តែ​១៥០​ដុល្លារ ឬ​ស្មើនឹង​៦០​ម៉ឺន​រៀល ខណៈ​លោក​ចំណាយពេល​រហូត​ដល់​១០​ថ្ងៃ ឬ​ច្រើន​ជាង​នេះ ទើប​ត្បាញ​បាន​ហូល​១​ក្បិន ។ ដោយឡែក ហូល ឬ​ផាមួង​ដែល​មាន​ក្បាច់​លាត ប្រើ​រយៈពេល​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​តម្លៃ​ថោក​ជាង ។

បុរស​ដែល​មាន​សម្បុរ​ខ្មៅ​ស្រអែម​រូប​នេះ បាន​ប្រាប់​បន្ត​ថា ដោយសារ​មានការ​លើក​ស្ទួយ​ពី​ក្រសួង​វប្បធម៌ សព្វថ្ងៃ ហូល​ដែល​ត្បាញ​បាន​មិន​ពិបាក​លក់​នោះ​ទេ មាន​ឈ្មួញ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ មក​ទិញ​ដល់​ផ្ទះ​តែ​ម្ដង ។ ប៉ុន្តែ​លោក​បាន​ត្អូញ​ថា មិនសូវ​ចំណេញ​ច្រើន​ទេ ដោយសារ​សូត្រ​មាន​តម្លៃ​ថ្លៃ ។ លោក កែវ កង ពន្យល់​យ៉ាង​ដូច្នេះ​ថា ៖« បើ​ទូទាត់​បាន​១៥​ដុល្លារ​ក្នុង​១​ក្បិន​ចេះ​តែ​ត្បាញ​ទៅ បាន​បន្ទាប់បន្សំ គឺ​មិន​បាន​ច្រើន​ទេ ព្រោះ​ឥឡូវ​សូត្រ​វា​ថ្លៃ​ដែរ » ។

តែ​ទោះជា​យ៉ាងនេះ​ក្តី លោក​ថា ជីវភាព​គ្រួសារ​របស់​លោក​បាន​ល្អ​ប្រសើរ​ជាង​មុន ហើយ​ក្នុង​១​ខែ បើ​ផាត​ការ​ចាយវាយ លោក​អាច​សល់​បាន​ប្រមាណ​៣០០​ដុល្លារ​ដែរ ។
បុរស​​តម្បាញ​ដដែល​នេះ ចង់ឱ្យ​តម្លៃ​សូត្រ​ដែល​នាំ​ចូល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​របស់​ដែល​ផលិត​បាន ទើប​អ្នក​ត្បាញ​បាន​ចំណេញ និង​មិន​បោះបង់​មុខរបរ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ