តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា អ្នកស្រាវជ្រាវបាននិយាយកាលពីថ្ងៃពុធថា ស្ត្រីដែលត្រូវបានប៉ះពាល់នឹងអាកាសធាតុមានសីតុណ្ហភាពខ្ពស់ ក្នុងកំឡុងពេលមានផ្ទៃពោះ អាចនឹងមានទារកមិនគ្រប់ខែ ឬទារកបាត់បង់ជីវិតក្នុងផ្ទៃ។

ពួកគេបានរាយការណ៍នៅក្នុង BMJ ដែលជាទស្សនាវដ្តីវេជ្ជសាស្ត្រថា លទ្ធផលទាំងនេះដែលត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងភាពក្រីក្រ ជាពិសេសនៅក្នុងតំបន់ត្រូពិកទំនងជានឹងកើនឡើងជាមួយនឹងការឡើងកំដៅផែនដី ជាពិសេសក្នុងអំឡុងពេលអាកាសធាតុក្តៅញឹកញាប់។
ដើម្បីបញ្ជាក់ពីផលប៉ះពាល់នៃការឡើងកម្តៅខ្ពស់ ចំពោះលទ្ធផលនៃការមានផ្ទៃពោះក្រុមអ្នកស្រាវជ្រាវអន្តរជាតិដឹកនាំដោយ លោក Matthew Chersich មកពីវិទ្យាស្ថានសុខភាពបន្តពូជនិងមេរោគអេដស៍ នៅទីក្រុង Johannesburg បានពិនិត្យលើការស្រាវជ្រាវចំនួន ៧០ លើក្រុមអ្នកមាន អ្នកក្រ និងអ្នកមានចំណូលមធ្យម។

ក្នុងចំណោមការសិក្សាចំនួន ៤៧ ដែលទាក់ទងនឹងការសម្រាលកូនមិនគ្រប់ខែ មានចំនួន ៤០ បានរាយការណ៍ថា វាកើតមានច្រើនទៅលើអ្នកដែលនៅតំបន់អាកាសធាតុក្តៅ។ ការរកឃើញថ្មីបានបង្ហាញថា អត្រានៃការកើតមិនគ្រប់ខែបានកើនឡើងជាមធ្យម ៥% ក្នុងការកើនឡើងមួយអង្សាសេ។
ដូចដែលបានរំពឹងទុក លទ្ធផលនៃការមានផ្ទៃពោះមិនល្អ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងសីតុណ្ហភាព គឺខ្លាំងបំផុតក្នុងចំណោមស្ត្រីក្រីក្រ។

ពួកគេបានបន្ថែមទៀតថា ការស្រាវជ្រាវបន្ថែម និង គោលនយោបាយសុខភាព គឺជាគោលដៅគួរតែជាអាទិភាពខ្ពស់៕
ចែករំលែកព័តមាននេះ