ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ស្លាប់ភ្លាមៗខណៈពេលយកគ្រាប់កាំភ្លើងត្បាល់ធុន៨២មីល្លីម៉ែត្រមកដំយកស្ពាន់លក់អេតចាយនៅក្នុងផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី៧ ឧសភា ស្ថិតនៅក្នុងភូមិសិរីវ័ន្ត ឃុំមហាសាំង ស្រុកភ្នំស្រួច ។
តាមមន្ត្រីប៉ូលិសព្រហ្មទណ្ឌស្រុកភ្នំស្រួចរៀបរាប់ថា បុរសដែលយកគ្រាប់កាំភ្លើងត្បាល់ធុន៨២មីលី្លមែ៉ត្រមកដំក្នុងផ្ទះរបស់ខ្លួន គោលបំណងយកស្ពាន់លក់ឱ្យអេតចាយ ។ ជនរងគ្រោះឈ្មោះ ឆាយ វុត្ថា អាយុ២១ឆ្នាំ និងប្រពន្ធឈ្មោះអ៊ួន មន្ថា អាយុ១៨ឆ្នាំ មានកូនតូច១ទើបសម្រាលថ្មីៗ ។ មន្ត្រីប៉ូលិសបន្តថា តាមការរៀបរាប់របស់ប្រពន្ធឱ្យដឹងថា ឈ្មោះឆាយ វុត្ថា ធ្លាប់ដើររើសគ្រាប់ធុនធំៗនេះមកដំយកស្ពាន់លក់ជាច្រើនដងមកហើយ ប៉ុន្តែពុំមានហេតុការណ៍នេះទេ ។ លុះនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៧ ឧសភា ឆាយ វុត្ថា អង្គុយក្នុងផ្ទះតៀមរបស់ខ្លួនដែលប្រក់ស័ង្កសី ជញ្ជាំងស្បូវ រួមទាំងប្រពន្ធផងដែរ កំពុងដេកបំបៅកូននៅលើគ្រែ ចំណែកឯប្តីកំពុងដំគ្រាប់នោះក៏ស្រាប់តែផ្ទុះលាន់ឡើងកក្រើកដី ផ្សែងហុយពេញផ្ទះ ធ្វើឱ្យស្ត្រីជាប្រពន្ធស្រឡាំងកាំងភាំងស្មារតី ។ បន្តិចក្រោយមក នាងបានងើបពីគ្រែក៏ឃើញប្តីដួលដេកស្លាប់ក្នុងថ្លុកឈាមក៏ស្រែកឆោឡោឡើង ផ្អើលអ្នកភូមិរត់មកមើលឃើញសភាពបែបនេះក៏រាយការណ៍ប្រាប់ប្រធានភូមិ និងសមត្ថកិច្ចភ្លាមៗ ។
ក្រោយពេលកើតហេតុ ប៉ូលិសព្រហ្មទណ្ឌស្រុក និងកម្លាំងស៊ីម៉ាក់ទៅពិនិត្យ និងបានឱ្យដឹងថា គ្រាប់ដែលជនរងគ្រោះបម្រុងដំយកស្ពាន់នោះមានចំនួន៥គ្រាប់ទៀត ដែលជាគ្រាប់កាំភ្លើងត្បាល់ធុន៦០មីលី្លម៉ែត្រ និងគ្រាប់ដែលផ្ទុះហើយនោះត្រូវបានក្រុមសីុម៉ាក់ឱ្យដឹងថា ជាគ្រាប់កាំភ្លើងត្បាល់ធុន៨២មីល្លីម៉ែត្រ ។ គ្រាប់៥គ្រាប់ដែលសេសសល់នៅកន្លែងកើតហេតុ ត្រូវកម្លាំងស៊ីម៉ាក់យកទៅបំផ្លាញចោល ។ ជនរងគ្រោះបានស្លាប់ដោយពុំបានផ្តាំផ្ញើប្រពន្ធសូម្បីមួយម៉ាត់ណាឡើយ ៕
ចែករំលែកព័តមាននេះ