រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា រោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញទៅសហភាពអឺរ៉ុប (EU) គឺត្រូវតម្រូវឲ្យចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX System) ដើម្បីទទួលបានការលើកលែងពន្ធក្នុងការនាំចេញទំនិញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុបចាប់ពីដើមឆ្នាំ២០២០តទៅ ។ ដោយឡែករោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញ ដែលពុំទាន់បានចុះបញ្ជីក្នុងប្រព័ន្ធនេះនឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធ (ពន្ធនាំចូល) ពេលនាំចូលទៅសហភាពអឺរ៉ុប។
លោក ពេជ ឬទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងនៅឯសិក្ខាសាលាស្តីពី «ការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញសម្រាប់នាំចេញទៅសហភាពអឺរ៉ុប (EU)» កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្មថា សិក្ខាសាលានេះមានគោលបំណងជូនដំណឹងនិងផ្សព្វផ្សាយដល់បណ្តាផលិតករ ពាណិជ្ជករ រោងចក្រ និងក្រុមហ៊ុននាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប ឲ្យបានយល់ដឹងអំពីនីតិវិធីចុះបញ្ជីអ្នកនាំចេញ និងលក្ខខណ្ឌតម្រូវចាំបាច់ដើម្បីអាចអនុវត្តប្រព័ន្ធ (REX) នេះ ដែលពុំធ្លាប់បានចូលរួមសិក្ខាសាលានេះកន្លងមក។
លោក ពេជ ឬទ្ធី បានបន្តទៀតថា «សហភាពអឺរ៉ុបបានតម្រូវឱ្យបណ្តាអ្នកនាំចេញទំនិញពីកម្ពុជាទៅទីផ្សារ EU ចាប់ផ្តើមអនុវត្តប្រព័ន្ធនេះចាប់ពីដើមឆ្នាំ២០២០តទៅ។ ក្នុងសិក្ខាសាលានេះ លោកវាគ្មិនបានពន្យល់យ៉ាងច្បាស់លាស់អំពីប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប កំណែទម្រង់នីតិវិធីនៃការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX System) សម្រាប់ការនាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប (EU)» ។ នៅចុងបញ្ចប់នៃកម្មវិធីសិក្ខាសាលា លោកអនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់អំពីអត្ថប្រយោជន៍ចំពោះក្រុមហ៊ុន និងអ្នកនាំចេញដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX System) នឹងទទួលបានការលើកលែងពន្ធក្នុងការនាំចេញទំនិញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុបចាប់ពីដើមឆ្នាំ២០២០តទៅ ដោយឡែករោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញ ដែលពុំទាន់បានចុះបញ្ជីក្នុងប្រព័ន្ធនេះនឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធ (ពន្ធនាំចូល)ពេលនាំចូលទៅសហភាពអឺរ៉ុប- (EU)។
បន្ថែមលើនេះ លោកក៏បានលើកទឹកចិត្តពាណិជ្ជករ ឬអ្នកនាំចេញទំនិញទៅទីផ្សារសហភាពអឺរ៉ុប ត្រូវត្រៀមលក្ខណៈសម្បត្តិ និងចូលរួមចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញនេះឱ្យបានគ្រប់ៗគ្នា ដែលសហភាពអឺរ៉ុបបានតម្រូវឱ្យបណ្តាអ្នកនាំចេញពីកម្ពុជាចាប់ផ្តើមអនុវត្តប្រព័ន្ធនេះនៅដើមឆ្នាំ២០២០ ។
សូមបញ្ជាក់ថាសម្រាប់រោងចក្រ ក្រុមហ៊ុននានានិងអ្នកនាំចេញនឹងទទួលបាននូវអត្ថប្រយោជន៍ច្រើនពីការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter-REX System) សម្រាប់ការនាំចេញទៅទីផ្សារសហភាពអឺរ៉ុប ដែលក្នុងនោះរួមមាន៖ ១- ជួយសម្រួលដល់ការនាំចេញទំនិញពីកម្ពុជា, ២- កាត់បន្ថយពេលវេលា ចំណេញថវិកា, និង ៣- នាំចេញដោយពុំចាំបាច់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO)។ សម្រាប់សិក្ខាសាលាខាងលើដែលបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក៏មានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) និងតំណាងរោងចក្រ ក្រុមហ៊ុននាំចេញទៅទីផ្សារ EU សរុបជាង ២០០រូប។
យោងតាមរបាយការណ៍ របស់សហភាពអឺរ៉ុប ទំហំពាណិជ្ជកម្មអឺរ៉ុបជាមួយកម្ពុជា មានទឹកប្រាក់ប្រមាណជិត៧ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយក្នុងនោះ កម្ពុជានាំចូលសហភាពអឺរ៉ុបមានទឹកប្រាក់ប្រមាណ ៥,៤ពាន់លានដុល្លារអាមេរិក ហើយសហភាពអឺរ៉ុបនាំចេញមកពីកម្ពុជាវិញមានទឹកប្រាក់ប្រមាណ៨០០លានដុល្លារអាមេរិក ។ ដោយឡែកការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធ ក្នុងរយៈពេល១០ខែ ដើមឆ្នាំ ២០១៩នេះ មានទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លារអាមេរិកផងដែរ ក្នុងនោះសម្លៀកបំពាក់វាយនភណ្ឌមានទំហំទឹកប្រាក់ច្រើនជាងគេ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ