រាជធានីភ្នំពេញ ៖ រហូតមកទល់ពេលនេះគេនៅមិនទាន់ដឹង ឬត្រូវចាត់ចំណាត់ថ្នាក់ថា តើនរណានឹងក្លាយជាតួអង្គអប្សរាឯកប្រចាំប្រទេសនៅឡើយទេ បន្ទាប់ពីទេវនាដឯកសម្ដេចព្រះរៀមនរោត្តម បុប្ផាទេវី បានសោយទិវង្គតកាលពីពេល ថ្មីៗកន្លងមកដោយព្រះរោគាពាធ។
បន្ទាប់ពីសម្តេចព្រះរៀមនរោត្តម បុប្ផាទេវី គឺនៅមានអ្នកម្នាងអ៊ុក ផល្លា ប៉ុន្តែអ្នកម្នាងក៏បានទទួលមរណភាពកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ ដោយគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះរហូតមកទល់ពេលនេះតួឯកអប្សរាប្រចាំប្រទេសនៅមិនទាន់ត្រូវបានចាត់ចំណាត់ថ្នាក់នៅឡើយទេ ។ អ្នកវប្បធម៌ជាច្រើនបានអះអាងស្រដៀងគ្នាកាលពីពេល ថ្មីកន្លងមកថា រហូតមកដល់ពេលនេះពួកគេនៅមិនទាន់ដឹងអ្នកណាត្រូវបានចាត់ទុកជាតួឯកអប្សរាប្រចាំប្រទេសនៅឡើយ ខណៈពេលដែលបច្ចុប្បន្នមានអ្នកបន្តវេន ក្មេងៗមួយចំនួន ដោយក្នុងនោះក៏មានការជ្រើសរើសដោយផ្ទាល់ពីសម្តេចព្រះរៀមបុប្ផាទេវីផងដែរ ។
តួរាំអប្សរានាងពេជ្រ វណ្ណលីកា បានប្រាប់កោះសន្តិភាពថា រហូតមកទល់ពេលនេះនាងមិនបានដឹងពីការចាត់ចំណាត់ថ្នាក់អ្នកណាម្នាក់ដែលជាតួឯកអប្សរាប្រចាំប្រទេសនោះឡើយ ប៉ុន្តែមានតួអប្សរាប៉ុន្មាននាក់ដែលត្រូវបានជ្រើសរើស និងតួឯកធំសម្រាប់សម្តេចព្រះរៀមបុប្ផាទេវី ។ ក្នុងចំណោមតួអប្សរាដែលត្រូវបានជ្រើសរើសដោយសម្តេចព្រះរៀមនោះរួមមាន រូបនាងចាបចំរើន តុលា ,ចាប ចំរើនមិនា ,ប្រសិទ្ធ វិច្ឆិកា ,ស៊ិន កក្កដា ,វណ្ណ សិរីកេសន ,ម៉េង ចាន់ឆារា និងចាន់ ស្រីនុច ដែលពួកនាងទាំងអស់តែងបង្ហាញវត្តមានសម្តែងតាមកម្មវិធី ធំៗជាច្រើន។
បើតាមពេជ្រ វណ្ណលីដា ចាប់តាំងពីជំនាន់សម្តេចព្រះររៀមបុប្ផាទេវី មកដល់សម័យក្រោយៗទៀតនោះ នាងមិនបានដឹងពីតួនាទីតួឯកអប្សរាប្រចាំប្រទេសនោះឡើយ ប៉ុន្តែនាងគ្រាន់តែដឹងជំនាន់នេះ ដែលពួកនាងទាំងអស់ត្រូវបានជ្រើសរើសដោយផ្ទាល់ពីសម្តេចព្រះរៀម ។
បើយោងតាមសៀវភៅរបាំអប្សរា របស់អ្នកគ្រូកែវ ណារុំ និងអ្នកគ្រូព្រំ ស៊ីសាផាន្ឋា ឲ្យដឹងថា តួឯកទេពអប្សរបានរាំបន្តបន្ទាប់ត្រឹមឆ្នាំ២០០៣ មានសម្ដេចព្រះរាជបុត្រីព្រះរៀមនរោត្ដម បុប្ផាទេវី អ្នកស្រីសេង ស្រីមុំ អ្នកស្រីវ័ន សាវៃ អ្នកស្រីឌុក ថាច អ្នកស្រី វ័ន សាវង្ស អ្នកស្រីយឹម ទេវី អ្នកម្នាងម៉ម កណិការ អ្នកម្នាងអ៊ុក ផល្លា និងកញ្ញា សុខ សុខឿន ។ រំឭកពីអតីតតួឯកអប្សរាអ្នកម្នាងអ៊ុក ផល្លា ដែលមានឈ្មោះហៅក្រៅថា ស្រីពេជ្រ បិតាអ្នកម្នាងជាប់សែស្រឡាយរាជវង្ស «ស៊ីសុវត្ថិ»។
កាលពីកុមារភាពក្នុងឆ្នាំ១៩៩០ អ្នកម្នាងអ៊ុក ផល្លា បានចូលហាត់រៀនរបាំបុរាណខ្មែរនៅសាលាវិចិត្រសិល្បៈ ដែលមានទីតាំងស្ថិតនៅម្តុំស្តាតចាស់សព្វថ្ងៃ (បច្ចុប្បន្នគ្មានទៀតទេ) ។
បើតាមការអះអាងផ្ទាល់របស់មាតាទ្រង់ ដំបូងឡើយអ្នកម្នាងផល្លា បានហាត់សម្តែងជាតួនាយរោងទេ ប៉ុន្តែដោយសារតែរូបសម្បតិ្ត គួបផ្សំនឹងទេពកោសល្យផ្នែកសិល្បៈដ៏ល្អប្រពៃរបស់ទ្រង់ធ្វើឲ្យសម្តេចព្រះរាជបុត្រីព្រះរៀមនរោត្តម បុប្ផាទេវី សព្វព្រះរាជហឫទ័យជាពន់ពេករហូតត្រាស់បង្គាប់ឲ្យសិល្បការិនីរូបនេះសម្តែងជាតួអប្សរាសវិញ កាលពីពាក់កណ្តាលទសវត្សរ៍ទី៩០ ក្រោយពេលដែលអ្នកម្នាងត្រឡប់ពីចូលរួមសម្តែងក្នុងកម្មវិធីមួយនៅប្រទេសជប៉ុន ។ ទ្រង់ក៏ចាប់ផ្តើមមានឈ្មោះបោះសំឡេងល្បីខ្លាំងជាប់ជាតួឯកអប្សរាជំនាន់ទី៥ ចាប់តាំងពីពេលនោះមក។
តួឯកអប្សរា តំណាងប្រទេសកម្ពុជាដែលល្បីល្បាញមុនអ្នកម្នាងអ៊ុក ផល្លា រួមមាន សម្តេចព្រះរាជបុត្រីព្រះរៀមនរោត្តម បុប្ផាទេវី (តាំងពីដើមទ.វទី៦០) សិល្បការិនីសេង ស្រីមុំ (ទ.វ.ទី៦០) សិល្បការិនីវ័ន សាវ៉ៃ (ពាក់កណ្តាលទ.វ.ទី៦០ និង ដើមទ.វ.ទី៧០) និងសិល្បការិនីយឹម ទេវី (ទ.វ.ទី៨០) ។
របាំអប្សរាបានឈានទៅដល់ចំណុចកំពូល ល្អឥតខ្ចោះ និងបានចេញរាំជាដំបូងនៅខេត្តសៀមរាប (អង្គរ) ដើម្បីថតជាខ្សែភាពយន្តដោយលោកម៉ាកសែល កាមីស៍ ក្នុងកំឡុងឆ្នាំ ១៩៦១ ឬ១៩៦២ ។ នៅឆ្នាំ១៩៦៣ ចេញទៅសម្ដែងនៅប្រទេសបារាំង ។
នៅឆ្នាំ១៩៦៤ ចេញទៅសម្ដែងនៅសិង្ហបុរី ក្នុងពិធីសម្ពោធមហោស្របសិល្បៈទូទាំងសាកល ដែលបានទទួលជោគជ័យ មានការគាំទ្រ និងកោតសរសើរពីទស្សនិកជនយ៉ាងខ្លាំង ។ តួឯករាំដោយព្រះអង្គម្ចាស់ក្សត្រីនរោត្តម បុប្ផាទេវី ដែលព្រះអង្គជាតួឯកដំបូងគេបង្អស់នៃរបាំ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ