ប្រទេសអ៊ីរ៉ាក់ ៖ សភាអ៊ីរ៉ាក់កាលពីថ្ងៃទី១ធ្នូ បានទទួលយកការសុំលាលែងរបស់រដ្ឋាភិបាលលោកអាដែលអាប់ដែលម៉ាហ៍ឌី ក្នុងប្រទេសដែលកំពុងកាន់ទុក្ខបាតុករច្រើនរយនាក់ដែលស្លាប់ ចាប់តាំងពីផ្ទុះការតវ៉ាប្រឆាំងរដ្ឋាភិបាលពីថ្ងៃទី១តុលាមក។
ការកាន់ទុក្ខក៏មាននៅតាមបណ្ដាតំបន់ពួកស៊ុននីត ដែលមកទល់ពេលនេះនៅឃ្លាតឆ្ងាយពីការបះបោរ ខណៈអំពើហិង្សាដែលនៅបន្ត បណ្ដាលឲ្យមនុស្សថ្មីម្នាក់ទៀតស្លាប់នៅក្រុងបាដាដ។
សភាដែលរួមប្រជុំបានប្រកាសថា ខ្លួននឹងស្នើដល់ប្រធានាធិបតី លោកបាហាមសាឡេហ៍ឲ្យជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី១រូប។ ក្នុងពេលរង់ចាំលោកអាប់ដែលម៉ាហ៍ឌីអាយុ៧៧ឆ្នាំ ជាអ្នកឯករាជ្យគ្មានគណបក្សហើយក៏គ្មានប្រជាប្រិយភាពដែលកាន់អំណាចបាន១៣ខែមកហើយ នឹងនៅកាន់តំណែងដើម្បីគ្រប់គ្រងការងារប្រចាំថ្ងៃ។
ទន្ទឹមនឹងនេះដែរបាតុកម្មប្រឆាំងរដ្ឋអំណាចនិងអ្នកជួយទ្រទ្រង់អ៊ីរ៉ង់ នៅតែបន្តនាភាគខាងត្បូងប្រទេសជាតំបន់ពួកស៊ីអ៊ីត ហើយពេលនេះក៏មានបាតុកម្មដែរនៅភាគខាងជើងប្រទេសតំបន់ពួកស៊ុននីត ដែលពីមុនមកហាក់នៅស្ងៀម។ នាថ្ងៃទី១ធ្នូជាលើកដំបូងក្នុងរយៈពេល២ខែនៃបាតុកម្មដែលបណ្ដាលឲ្យមនុស្សស្លាប់ជាង៤២០នាក់និងរបួសជិត២០.០០០នាក់ នាយប៉ូលិសម្នាក់ត្រូវបានកាត់ទោសប្រហារជីវិតពីបទសម្លាប់បាតុករ២នាក់នៅទីក្រុងគូតភាគខាងត្បូងក្រុងបាដាដ។
ពួកបាតុករអ៊ីរ៉ាក់នាថ្ងៃទី១ធ្នូបានដុតស្ថានកុងស៊ុលអ៊ីរ៉ង់នៅក្រុងណាចាហ្វជាលើកទី២រយៈពេលតែ១សប្ដាហ៍។ ស្ថានកុងស៊ុលនេះត្រូវបានដុតជាលើកដំបូងកាលពីថ្ងៃទី២៧វិច្ឆិកា។ បណ្ដាបុគ្គលិកស្ថានកុងស៊ុលនោះបានចាកចេញអស់មុនការលើកគ្នាមកដល់របស់បាតុករ ហើយក៏គ្មានជនរងគ្រោះណាម្នាក់ត្រូវបានរាយការណ៍ដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ