រាជធានីភ្នំពេញ ៖ បើទោះបីជាសព្វថ្ងៃនេះចិនបានជាប់ចំណាត់ថ្នាក់កំពូលជាអ្នកវិនិយោគបរទេសដាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ក្ដីក៏ប៉ុន្តែកម្ពុជានៅតែត្រូវការវិនិយោគិនចិនបន្ថែមទៀត ដើម្បីមកបណ្ដាក់ទុនវិនិយោគលើវិស័យអាទិភាពជាច្រើនទៀត ហើយការវិនិយោគរបស់ចិនបានហុចផលជាច្រើនដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាផងដែរ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់មួយរូបរបស់កម្ពុជាបានថ្លែងកាលពីពេលថ្មីៗនេះ ។
បើតាមលោកសុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានថ្លែងនៅក្នុងសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសាកលលោក កាលពីព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ក្នុងនាមជាប្រទេសមានកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អជាមួយចិន កម្ពុជានៅតែចង់បានចិនជាដៃគូរវិនិយោគរបស់ខ្លួនដដែល បើទោះបីជាសព្វថ្ងៃនេះ ចិនបានឈរលំដាប់កំពូលក្ដី ។
លោកសុខ ចិន្តាសោភា បានបន្តថា «សក្ដានុពលវិនិយោគនៅកម្ពុជានាពេលនេះ គឺនៅតែផ្ដល់ឱកាសដល់វិនិយោគិនចិន មកបណ្ដាក់ទុនវិនិយោគដដែល ជាក់ស្ដែងពាណិជ្ជករចិនទាជីវប្រមាណ៣០០នាក់ដែលមកពីជុំវិញសាកលោកនាពេលនេះ អាចសិក្សានិងស្វែងរកឱកាសសម្រាប់បង្កើតមុខជំនួញនៅក្នុងប្រទេសកម្ពុជា » ។ លោកបន្តថា បច្ចុប្បន្ននេះ កម្ពុជាកំពុងជួបបញ្ហាមួយចំនួនដូចជាថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយការខ្វះខាតនេះ គឺជាឱកាសសម្រាប់វិនិយោគិនដែលមានទុនអាចដាក់ទុនលើវិស័យនោះ ដើម្បីរកប្រាក់ចំណេញ យកត្រលប់ទៅប្រទេសរបស់ពួកគេវិញ ។ ម្យ៉ាងទៀត កម្ពុជាជាប្រទេសបើកទូលាយលើការវិនិយោគ ដែលគ្រប់វិនិយោគិនទាំងអស់អាចបណ្ដាក់ទុនបង្កើតក្រុមហ៊ុនឬអាជីវកម្មអ្វីមួយ ដោយមិនចាំបាច់មានទុនក្នុងស្រុកនោះទេ តែពួកគេអាចសហការជាមួយអ្នកក្នុងស្រុកបើសិនជាពួកគេចង់ ។ ក្រៅពីនោះ ការចរាចរណ៍ទុន (លុយ ) មកវិនិយោគនៅកម្ពុជា ក៏មានភាពងាយស្រួលនិងអាចយកប្រាក់ចំណេញត្រលប់ទៅវិញដោយងាយស្រួលផងដែរ ខុសពីបណ្ដាប្រទេសមួយចំនួន ដែលមានលក្ខខ័ណ្ឌ តម្រូវស្មុគ្រស្មាញ ពិបាកយកលុយត្រលប់ទៅវិញ នៅពេលបានចំណេញពីការវិនិយោគនោះហើយ ។
លោកអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្ថែមថា ការមកវិនិយោគនៅក្នុងប្រទេសកម្ពុជា មិនមែនសំរាប់បំរើអោយទីផ្សារតែ ជាង១៥លានទៅ១៦លាននាក់នៅកម្ពុជានោះទេ ក៏ប៉ុន្តែវិនិយោគិនត្រូវដឹងថា ការមកវិនិយោគនៅទីនេះ គឺសំរាប់ទីផ្សារជាង២៥០លាននាក់នៅតំបន់អាស៊ាន ដោយសារតែកម្ពុជាបានចូលក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ានអញ្ចឹងហើយ កម្ពុជាអាចនាំចេញទំនិញដែលផលិតបានទៅកាន់ប្រទេសអាស៊ានបានដោយសេរី ខុសពីមុនដែលជាប់របាំងពាណិជ្ជកម្មព្រំដែន ។ ម្យ៉ាងទៀត កម្ពុជាគឺស្ថិតនៅចំ ចំនុចកណ្ដាលនៃអាស៊ាន និងអាចតភ្ជាប់ទៅកាន់ប្រទេសអាស៊ាន បានដោយងាយស្រួល ។
លោកយឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរ គឺជាស្ពាន ចម្លើង និងតភ្ជាប់វិស័យផ្សេងតៀត រួមមានសេដ្ឋកិច្ច វប្បធម៌ សុខាភិបាលអប់រំ និងសង្គមកិច្ច ផងដែរ ។ លោកបានមានប្រសាសន៍បញ្ជាក់ថា «ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនប្រមាណ៧ភាគរយក្នុងមួយឆ្នាំ ជាង២០ឆ្នាំមកនេះ គឺមិនអាចកាត់ផ្ដាច់បានពីការចូលរួមរបស់ក្រុមហ៊ុន សហគ្រិនចិននោះទេ ហើយសូមអោយចិនបន្តជឿជាក់លើកម្ពុជា និងបន្តបណ្ដាក់ទុនវិនិយោគបន្ថែមទៀតទៅតាមជំនាញនិងវិស័យផ្សេងៗ ។
អ្នកឧកញ៉ា ពុងឃាវសែ ជាអ្នកទាក់ទាញវិនិយោគិនដ៏សំខាន់មួយនៅកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា និងចិនទោះជាស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍មិនដូចគ្នាប៉ុន្តែ ភាពប៉ះប៉ូវអោយគ្នាផ្នែក សេដ្ឋកិច្ចមានភាពល្អប្រសើរ ។ ការសហការលើគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ដើម្បីបង្កើតភាពជោគជ័យជារួមនៅថ្ងៃអនាគត គឺជាប្រធានបទក្នុងសន្និសីទសេដ្ឋកិច្ចឆ្នាំ ២០១៩នេះ ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថាចាប់តាំងឆ្នាំ ២០១៦ ដល់ដំណាច់ខែសីហា ឆ្នាំ ២០១៩ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា បានរួមចំណែកការវិនិយោគសរុបប្រមាណ ៥៦ភាគរយ ដែលក្នុងនោះការវិនិយោគផ្ទាល់ពីប្រទេសចិន មានទំហំទឹកប្រាក់ប្រមាណ៧,៩ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៣៥ភាគរយនៃទំហំវិនិយោគផ្ទាល់ពីបរទេសសរុប និងបានធ្វើអោយចិនក្លាយជាវិនិយោគិនបរទេសជាប់ចំណាត់ថ្នាក់លេខមួយនៅកម្ពុជា ៕
ចែករំលែកព័តមាននេះ