រាជធានីភ្នំពេញ៖ ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារមហាមិត្តដែកថែបចិននាពេលកន្លងមកមានភាពតឹងតែងជាខ្លាំង និងបានធ្វើឱ្យអាជីវករក្នុងស្រុករួមប្រឈមមុខនឹងការនាំចេញមិនបានគ្រប់កូតា ឬតាមអ្វីដែលខ្លួនចង់បាន។ ជាមួយគ្នានោះអាជីវករខ្មែរនិងមន្ត្រីថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលមួយចំនួនទទួលស្គាល់ថាមានភាពលំបាកពិតប្រាកដមែនក្នុងការនាំចេញផលិតផលពីកម្ពុជាទៅកាន់ប្រទេសមហាមិត្តមួយនេះ។
កាលពីថ្ងៃទី ២៣ ខែតុលាម្សិលមិញនេះទៀតសោតបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជាបានឲ្យដឹងផងដែរថាប្រសិនដំណើរការបានយ៉ាងរលូន និងជោគជ័យ នាដើមឆ្នាំក្រោយខាងមុខនេះ ប្រទេសចិន និងកម្ពុជានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីអំពីការនាំចេញផ្លែស្វាយពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។ តាមអ្វីដែលបានដឹង ប្រទេសកម្ពុជាមានសក្តានុពលក្នុងការនាំចេញផ្លែស្វាយជាង៥០ម៉ឺនតោនទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ។ ដោយមើលទៅលើទំនាក់ទំនងដ៏ល្អប្រពៃនេះ ប្រទេសចិននាថ្ងៃខាងមុខនឹងបើកចំហទីផ្សារជូនដល់ផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាកាន់តែច្រើន។
ក៏ប៉ុន្តែ បញ្ហានីតិវិធីយឺតយ៉ាវកន្លងមកដែលធ្វើឲ្យកម្ពុជាពិបាកនឹងនាំចេញនូវផលិផលផ្សេងៗទៅមិត្តចិន នឹងអាចត្រូវដោះស្រាយដែរឬទេ ? ប្រាកដណាស់វាហាក់ដូចជាដំណឹងល្អមួយសម្រាប់កម្ពុជាដោយសារតែថ្មីៗនេះមានការបង្ហាញនូវសញ្ញាវិជ្ជមានថា ការនាំចេញផលិតផលពីកម្ពុជាអាចនឹងមានភាពប្រសើរជាងពេលមុនៗ ដោយសារប្រទេសចិនបានឯកពន្លឿននូវនីតិវិធីសម្រាប់ការនាំចេញទំនិញពីកម្ពុជា។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ហៅកាត់ថា (CRF) ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្មកាលពីថ្ងៃទី២១ ខែតុលាកន្លងទៅនេះ បានដឹកនាំមន្ត្រីជំនាញទៅជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាននាំចេញ នាំចូលនិងសុវត្ថិភាព ចំណីអាហារ និងអគ្គនាយកដ្ឋានអនាម័យសត្វ និងភូតគាមអនាម័យនៃអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន «ក្នុងគោលបំណងពន្លឿន និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិន» ។
សហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថា «នៅក្នុងកិច្ចកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពពង្រឹង ពង្រីកនិងពន្លឿននូវនិតិវិធីសំរាប់ការនាំទំនិញចេញពីកម្ពុជា ទៅប្រទេសចិន រួមមាន, ផ្លែចេក, ផ្លែមាន, ផ្លែស្វាយ, ម្រេចនិង ទឹកមាត់ត្រចៀកកម្ម ហើយរឿងសំខាន់មួយទៀតសំរាប់វិស័យស្រូវអង្ករកម្ពុជា គឺការចុះបញ្ជីរោងម៉ាស៊ីនកិនស្រូវកម្ពុជា លើកទី២ ។ ជាលទ្ធផល ភាគីចិនបានឯកភាពជំរុញនិងពន្លឿនការពិនិត្យឯកសារដែលភាគីកម្ពុជាបានផ្តល់ មុននឹងឈានដល់ការអនុម័តយល់ព្រមលើការចុះបញ្ជីរោងម៉ាស៊ីនកិនស្រូវកម្ពុជាលើកទី ២ ក្នុងពេលឆាប់ៗ ខាងមុខនេះ គឺមានសារះសំខាន់ សំរាប់កំនើនការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិន» ។
បើតាមសហព័ន្ធការចុះបញ្ជីលើកទី១ មានរោងម៉ាស៊ីនកិនស្រូវកម្ពុជា ត្រឹមតែចំនួន ២៦ រោងម៉ាស៊ីនកិនស្រូវ បានទទួលស្គាល់ និងមានសិទ្ធកិនកែច្នៃ វេចខ្ទប់ទៅ ប្រទេសចិន ហើយ លើកទី២នេះមានរោងម៉ាស៊ីនកិនស្រូវចំនួន ៤០បានដាក់ពាក្សស្នើរសុំ ។ ពាក់ព័ន្ធនឹងការនាំចេញផលិតផលពីកម្ពុជាទៅកាន់ប្រទេសចិននៅពេលកន្លងមកនេះបើ ប្រធានក្រុមប្រឹក្សាពិភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាមើលឃើញថាពិតជាតឹងរឹងមែនហើយការឆ្លើយតបរបស់ភាគីចិនមកកម្ពុជាក៏មានភាពយឺតយាវណាស់ដែរ។
លោក ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី២៣ ខែតុលាម្សិលមិញថា «ចំពោះលក្ខខណ្ឌដាក់តឹងរឹងនេះ ពាក់ព័ន្ធទៅនិងអនាម័យនិងភូតគាមអនាម័យ។ មានន័យថាធ្វើយ៉ាងណាកុំឱ្យនាំមេរោគ ជំងឺ ឬក៏នាំជាតិពុលចូលទៅប្រទេសគេ។ អីចឹងហើយបានជាគេមានច្បាប់របស់គេត្រូវត្រួតពិនិត្យតឹងរឹង។ តាមលោកឧកញ៉ា ប្រទេសណាក៏ដោយគេមានការកំណត់ជាលក្ខខណ្ឌតម្រូវ ជាពិសេសនៅតាមបណ្តាប្រទេសដែលមានទីផ្សារធំដែលតម្រូវឱ្យអ្នកនាំចូលត្រូវតែគោរពលក្ខខណ្ឌរបស់ប្រទេសគេ»។
លោកបានបន្តថា «ពិតហើយប្រទេសចិន គាត់យឺតរាល់ការស្នើរសុំរបស់ភាគីកម្ពុជាពិសេសក្រសួងពាណិជ្ជកម្មនិងខាងក្រសួងកសិកម្ម។ចំណុចនេះខ្ញុំយល់ស្របថាពិតជាមានការយឺតមែន។ប៉ុន្តែទន្ទឹមនឹងការយឺតយាវរបស់ភាគីចិន យើងត្រូវត្រៀមលក្ខណៈធ្វើយ៉ាងណាឱ្យផលិតផល កសិផល ឬការស្នើរសុំរបស់យើងឱ្យចូលទៅក្នុងលក្ខខណ្ឌដែលគេតម្រូវគ្រប់គ្រាន់»៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ