កញ្ញា សំណាង អេលីណា គឺជាម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៩ ដែលមានរូបរាងស្រឡូន ស្រស់សោភា និងប្រកបដោយសមត្ថភាពខ្ពស់តំណាងប្រទេសម្ពុជាចូលរួមក្នុងកម្មវិធី Miss Universe ដែលជាកម្មវិធីប្រកួតសម្រស់ដ៏ធំតែមួយគត់ ។
អ្វីដែលគួរឱ្យកត់សម្គាល់ បវរកញ្ញាកម្ពុជា សំណាង អេលីណា បានសន្យាថានឹងបង្ហាញពីវប្បធម៌អរិយធម៌ និងភាពទន់ភ្លន់របស់ស្ត្រីខ្មែរឲ្យពិភពបានស្គាល់កាន់តែច្បាស់នៅក្នុងការប្រកួតសម្រស់ដ៏ធំមួយនេះ ។
សំណាង អេលីណា បានអះអាងថា នាងខ្ញុំស្រលាញ់ និងមានមោទនភាពចំពោះអ្វីដែលកម្ពុជាមាន ។ នាងបញ្ជាក់ថាក្នុងនាមនាងខ្ញុំជាស្ត្រីខ្មែរដែលតំណាងកម្ពុជាក្នុងកម្មវិធីកញ្ញាឯកចក្រវាលនាពេលដ៏ឆាប់ខាងមុខនេះ នាងខ្ញុំនឹងចាប់យកឱកាសដ៏ធំមួយនេះដើម្បីបង្ហាញកម្ពុជាទៅកាន់ពិភពលោកពីវប្បធម៌អរិយធម៌ក៏ដូចជាស្នាមញញឹម ភាពទន់ភ្លន់ជាស្ត្រីខ្មែរ និងភាពរឹងមាំជាកូនខ្មែរ ។ បវកញ្ញារូបនេះបន្ថែមថា ពួកយើងជាកូនខ្មែរ យើងមានតួនាទីថែរក្សាវប្បធម៍ និងកេរដំណែលដែលដូនតាយើងបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ ។
ជាការកត់សម្គាល់ គេសង្កេតឃើញ រាល់ការបង្ហាញវត្តមានក្នុងរបស់បវរកញ្ញាកម្ពុជាសំណាង អេលីណា តាមរយៈកម្មវិធីផ្សេងៗ នាងតែងតែទទួលបានការចាប់អារម្មណ៍ខ្ពស់ពីមហាជន ព្រោះតែរូបសម្រស់ដ៏លេចធ្លោ រួមនឹងសមត្ថភាពចំណេះដឹងរបស់នាងផងដែរ ។ យ៉ាងណាមិញបវរកញ្ញាកម្ពុជា សំណាង អេលីណា ក៏បានទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជន នៅពេលរូបភាពរបស់នាងក្នុងសម្លៀកបំពាក់បែបប្រពៃណីកូនក្រមុំខ្មែរជាច្រើនសន្លឹកត្រូវបានគេផ្សព្វផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ ដែលធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរមិនដាច់ពីមាត់ពីរូបសម្រស់ដ៏ស្រស់ផូរផង់របស់នាង ។
ខណៈថ្ងៃប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក Miss Universe 2019 កាន់តែខិតចូលមកដល់នាចុងឆ្នាំ ២០១៩នេះ កញ្ញា សំណាង អេលីណា បានខិតខំហាត់ពត់លត់ដុំសមត្ថភាពរបស់ខ្លួនជាខ្លាំង ទាំងការថែទាំរូបរាងកាយ និងសិក្សាពីចំណេះដឹងទូទៅ ។
ក្រៅពីហ្វឹកហាត់សមត្ថភាព និងថែសម្រស់ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Universe 2019 ហើយនោះ នាងក៏មមាញឹកក្នុងកិច្ចការងារសង្គមផងដែរ ដូចជាការចូលរួមរើសសំរាម ផ្តល់អំណោយផ្សេងៗដល់លោកតាលោកយាយចាស់ជរា និងសម្ភារសិក្សាដល់ប្អូនសិស្សានុសិស្សក្នុងតំបន់ខ្វះខាតជាដើម ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ