ក្រុមគ្រួសាររបស់កវី គង្គ ប៊ុនឈឿន បានសម្តែងនូវការមិនសប្បាយចិត្តចំពោះតារាចម្រៀងនាង សោភា ទេពី ដែលបានយកបទ «ស្ពានអូតាគី» មកច្រៀងថ្មី (Cover) ដោយមិនសុំការអនុញ្ញាត ។ ក្នុងនោះដែរថែមទាំងបានកែទំនុកច្រៀង និងភ្លេងខ្លះហើយការច្រៀងក៏មិនដូចដើម ខណៈពេលបទចម្រៀងរបស់កវី គង្គ ប៊ុនឈឿនត្រូវបានចុះបញ្ជីជាកម្មសិទ្ធិបញ្ញាឱ្យទៅក្រុមគ្រួសាររបស់លោក ។
បទនេះត្រូវបានតារាចម្រៀង សោភា ទេពី យកមកច្រៀងដែលមានលក្ខណៈបែបសម័យថ្មី ជាមួយនឹងកែទំនុកត្រង់កន្លែង «បងជាកម្មកររត់ភ្លើងកំសត់» មកជា «អូនជាកម្មកររោងចក្រកំសត់» ។ បញ្ហានេះបានធ្វើឲ្យមានការរិៈគន់ពីមហាជនមួយចំនួនដោយនៅក្នុងនោះក៏មានក្រុមគ្រួសាររបស់កវី គង្គ ប៊ុនឈឿន ផងដែរដែលបានសម្តែងនូវការមិនសប្បាយចិត្ត ។
បើយោងតាមការបង្ហោះសារនៅលើហ្វេសប៊ុកលោក គង្គ ប៊ុនឈឿន ដែលកាន់កាប់ដោយចៅរបស់លោកនោះបានសរសេរថាបទ«ស្ពានអូតាគី» ស្រីយកមកច្រៀងកែលំនាំខ្លះ បំណងប្រាថ្នារបស់អ្នកនិពន្ធដែលខិតខំបញ្ចេញពាក្យពេចន៍ទម្រាំបានទទួលស្នាដៃជិតកន្លះជីវិតហេតុអីក៏បច្ចុបន្ននេះត្រូវគេរំលាយប្ដូរយកទៅធ្វើទុនយ៉ាងចំអកដែលបកមកឱ្យម្ចាស់ស្នាដៃវិញ ពួកអ្នកមើលងាយចុះព្រោះយាយខ្ញុំគ្មានសមត្ថភាពថែររក្សាបទនេះសិទ្ធក៏មានហើយៗនឹងគិតយ៉ាងណា ។
លើកមុនគ្រាន់បានម៉ាផ្អើល រួចក៏ស្ងាត់ហួសទៅដោយមិនបានជួបមុខពួកគាត់ផង តើត្រង់ណាជាក្តីសង្ឃឹម? ចង់អង្វរថា ជួយផងកុំឲ្យចាស់នេះមិនបានផល ហើយអស់លុយចុះឡើង ព្រោះតែរក្សាសិទ្ធនេះសង្ឃឹមលើបងប្អូនគាំទ្រនឹងជួយរក្សា ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ «កោះសន្តិភាព» នៅមិនទាន់ទទួលបានការបកស្រាយពីតារាចម្រៀងសោភា ទេពី នៅឡើយទេ គិតត្រឹមថ្ងៃទី១៤ ខែតុលានេះ ។ ជាការកត់សម្គាល់ករណីខាងលើនេះ មិនមែនជារឿងថ្មីឡើយពោល គឺកន្លងមកក៏មានតារាមួយចំនួនទៀតធ្លាប់ធ្វើរឿងដូចគ្នានេះដែរ ។ គេនៅចាំថា នាយ ចឺម បានបញ្ចេញបទចម្រៀងដែលមានចំណងជើងថា «អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា» ដែលគេស្គាល់ថា បានច្នៃពីបទចម្រៀងមរតកដើមនិពន្ធដោយលោក គង្គ ប៊ុនឈឿន និងជាសំនៀងដើមរបស់អ្នកស្រី រស់ សេរីសុទ្ធា មានចំណងជើងថា «នឹកភូមិភ្នំធំ» ដោយកែទំនុកច្រៀង និងសាច់ភ្លេងខ្លះៗមិនបានរក្សាឈ្មោះជាបទចម្រៀងមរតកដើម ធ្វើឲ្យមានប្រតិកម្ម និងមតិលើកឡើងយ៉ាងចម្រូងចម្រាស ។
ទោះជាយ៉ាងណាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានខិតខំប្រមែប្រមូលនូវស្នាដៃបទចម្រៀងមរតកដើមយកមកចងក្រងជាឯកសារ ដើម្បីចុះបញ្ជីរកម្មសិទ្ធបញ្ញាគ្រប់គ្រងទៅឱ្យក្រុមគ្រួសារម្ចាស់ស្នាដៃដែលនៅរស់ ។ ចំពោះបទចម្រៀងស្នាដៃរបស់កវី គង្គ ប៊ុនឈឿនចំនួន៤១បទ ត្រូវបានក្រសួងចុះកម្មសិទ្ធបញ្ញារួចហើយ ដោយនៅក្នុងនោះក៏មានបទ «ស្ពានអូតាគី» នេះផងដែរ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ