ថ្វីត្បិតតែក្រពេញទីរ៉ូអ៊ីត គឺតូចក៏ពិតមែន ប៉ុន្តែវាគ្រប់គ្រងត្រួតពិនិត្យលើដំណើរការជាច្រើនក្នុងរាងកាយ រួមទាំងការរំលាយអាហារផងដែរ។នៅពេលក្រពេញទីរ៉ូអ៊ីតដំណើរការមុខងារមិនប្រក្រតី វាអាចបណ្ដាលឲ្យមានការផលិតអ័រម៉ូនលើសកម្រិត ឬតិចជាងតម្រូវការរាងកាយ។ ហើយអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយអាចបណ្ដាលឲ្យកើតមានបញ្ហាសុខភាពផ្សេងៗគួរឲ្យព្រួយបារម្ភដូចជា ការប្រែប្រួលភ្លាមៗនៃទម្ងន់ អារម្មណ៍ប្រែប្រួល បញ្ហាស្បែក និងសូម្បីតែជំងឺមហារីកសុដន់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីទម្លាប់មួយចំនួនដែលអាចបង្កផលប៉ះពាល់ដល់ក្រពេញទីរ៉ូអ៊ីត ៖
១. ស្ត្រេសរ៊ាំរ៉ៃ ៖ ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសជះផលប៉ះពាល់អវិជ្ជមានច្រើនណាស់លើរាល់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ រួមបញ្ចូលទាំងប្រព័ន្ធអង់ដូគ្រីន។ ប្រសិនបើអ្នកតានតឹងសឹងគ្រប់ពេលក្រពេញទីរ៉ូអ៊ីតឈប់ដំណើរការមុខងារដូចប្រក្រតី ហើយវានឹងផលិតនូវអ័រម៉ូនច្រើន ឬតិចពេកជាមិនខាន។ ប្រសិនបើអ្នកកំពុងជួបប្រទះនូវបញ្ហាទាក់ទងជាមួយក្រពេញទីរ៉ូអ៊ីតស្រាប់ហើយនោះ ភាពតានតឹងក្នុងអារម្មណ៍នឹងបណ្ដាលឲ្យកើតមានភាពស្លន់ស្លោ ឬអសមត្ថភាពចំពោះការចងចាំរយៈពេលយូរថែមទៀតមិនខាន។ កង្វះនៃការគេង និងការងារដែលពោរពេញដោយភាពតានតឹង ក៏ជាកត្តាបង្កហានិភ័យខ្ពស់ផងដែរ។ ដូច្នេះចូរគេងអោយបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណ ឬទៅជួបជាមួយពេទ្យចិត្តសាស្ត្រ ដើម្បីដោះស្រាយបញ្ហាស្ត្រេស។
២. ទទួលទានផ្សំឡើងពីសណ្ដែងសៀងច្រើនពេក ៖ បើទោះជាសណ្ដែងសៀងមានផ្ទុកសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមល្អៗសម្រាប់រាងកាយក៏ពិតមែន ប៉ុន្តែការទទួលទានផលិតផលផ្សំឡើងពីសណ្ដែកសៀងច្រើនពេក គឺមិនផ្ដល់ផលល្អសោះឡើយចំពោះសុខភាពក្រពេញទីរ៉ូអ៊ីត។ សណ្ដែកសៀងមានឥទ្ធិពលធ្វើឲ្យក្រពេញទីរ៉ូអ៊ីតដំណើរការយឺតខុសពីធម្មតា។ នៅពេលអ្នកទទួលទានផលិតផលផ្សំពីសណ្ដែកសៀងច្រើនពេក ក្រពេញទីរ៉ូអ៊ីតមិនអាចស្រូបយកអ៊ីយ៉ូតបានគ្រប់គ្រាន់ឡើយ ជាហេតុបណ្ដាលឲ្យក្រពេញទីរ៉ូអ៊ីតដំណើរការមុខងារខុសប្រក្រតី។
៣. ទទួលទានគ្រឿងស្រវឹងច្រើន ៖ នោះក៏ព្រោះតែគ្រឿងស្រវឹងអាចជះឥទ្ធិពលដល់ក្រពេញទីរ៉ូអ៊ីតក្នុងការប្រើប្រាស់និងស្រូបយកអ៊ីយ៉ូដពីក្នុងអាហារ។
៤. ជក់បារី ៖ ការជក់បារី គឺមិនត្រឹមតែផ្ដល់ផលប៉ះពាល់ដល់សួតប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កបញ្ហាចំពោះក្រពេញទីរ៉ូអ៊ីតផងដែរ។ សារធាតុ Tobacco ដែលមានក្នុងបារីធ្វើឲ្យក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនកាន់តែច្រើនឡើងៗ ជាហេតុនាំឲ្យកើតមានជំងឺក្រពេញទីរ៉ូអ៊ីត។
៥. ទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក ៖ កាហ្វេនិងតែមានផ្ទុកជាតិកាហ្វេអ៊ីនដែលបង្កើនបរិមាណអ័រម៉ូនស្ត្រេស cortisol ក្នុងរាងកាយនៅពេលទទួលច្រើនលើសកម្រិត។ ហើយអ័រម៉ូនស្ត្រេសនេះបង្កផលប៉ះពាល់លើក្រពេញទីរ៉ូអ៊ីត និងការរំលាយអាហារ។ ដូច្នេះអ្នកមិនគួរទទួលទានភេសជ្ជៈ ឬអាហារដែលមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនពេកឡើយ (ប្រភពពី៖ Health.com.kh) ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ