ខេត្តកំពង់ឆ្នាំង ៖ រយៈពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ មានគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា ដោយរថយន្ត២គ្រឿងបានក្រឡាប់ធ្លាក់ចេញពីផ្លូវនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងនោះរថយន្តមួយគ្រឿងក្រឡាប់ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨២និងលេខ៨៣ ចំណែករថយន្តមួយគ្រឿងទៀតក្រឡាប់ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨៤និងលេខ៨៥ ស្ថិតនៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង២ករណីនៅជិតគ្នាខាងលើនេះដែរ ត្រូវបានសមត្ថកិច្ចសង្ស័យថា ករណីទី១-អាចបណ្តាលមកពីរថយន្តបែកកង់ ។ ចំណែកឯករណីទី២-សង្ស័យបណ្ដាលមកពីអ្នកបើកបរងោកមួយភាំង ។ ក្នុងហេតុការណ៍ទាំង២ករណីខាងលើនេះ ពុំបណ្តាលអោយមានមនុស្សណាម្នាក់ស្លាប់នោះទេ ប៉ុន្តែរថយន្តទាំង២គ្រឿងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១ តុលា មានរថយន្តមួយគ្រឿងម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២BA-៥២១៣ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែក្រឡាប់៣ទៅ៤ត្រឡប់នៅលើផ្លូវជាតិតែម្ដង។
ក្រោយពេលកើត ហេតុសមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុ និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។
តាមប្រភពដដែលបានបន្តថា បន្ទាប់មកមិនទាន់បានប៉ុន្មាននាទីផង ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ម៉នីង (Morning) ពាក់ស្លាកលេខ ភ្នំពេញ ២AU-២៦១៣ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចខ្លោងទ្វារវត្តបាញ់ឆ្គោល ក៏ស្រាប់តែធ្លាក់ចេញពីផ្លូវជាតិក្រឡាប់ច្រើនត្រឡប់តែម្ដង ។
នៅក្នុងហេតុការណ៍នោះដែរ គេឃើញក្នុងរថយន្តមានតែអ្នកបើកបរតែម្នាក់ប៉ុណ្ណោះគឺជាជនជាតិចិន បានរងរបួសស្រាល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយករថយន្តទាំង២គ្រឿងទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ព្រោះករណីទី១-រថយន្តម៉ាកហាយឡិនឌ័រ បានបុកបាក់បង្គោលស្លាកសញ្ញា និងបង្គោលភ្លើង បណ្តាលឱ្យរងការខូចខាត ចំណែកករណទី២-រថយន្តម៉ាកម៉នីង ក៏បានបង្កការខូចខាតទ្រព្យសម្បត្ដិសាធារណៈផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ