តាមគម្ពីរព្រះពុទ្ធសាសនាបានអះអាងថា ពុំមានការដោះលែងពួកប្រេតនរកទេ ហើយក៏គ្មានការរារាំងនោះដែរ តាមពិតទៅ គ្មានពួកយមបាលឯណាទៅគ្រប់គ្រងពួកប្រេតនោះក៏ទេដែរ គឺអំពើបាបកម្មរបស់ពួកគេទេតើដែលជាអ្នកឃាឃាំងរារាំងពួកគេឲ្យនៅជាប្រេតរហូតអស់កម្ម ទើបរួចពីអត្តភាពជាប្រេតនោះទៅដោយឯកឯងពុំមានអ្នកដោះលែងឡើយ ។
ប៉ុន្តែពួកគេអាចរួចចាកអំពីកំណើតប្រេតនៅក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ ឬភ្ជុំបិណ្ឌបានដោយសារប្រេតទាំងនោះអនុមោទនា ពោលគឺមានក្តីត្រេកអរនឹងទទួលយកបុណ្យកុសលដែលគ្រួសារកូនចៅឧទ្ទិសជូនពីលោកនេះទៅ ព្រោះពេលនេះជាពេលដែលកូនចៅ ញាតិសន្តានមានចិត្តជាកុសលធ្វើបុណ្យ បំពេញទានឧទ្ទិសមគ្គផលទៅ ។
ទោះជាយ៉ាងណាសូមកុំយល់ច្រឡំថា លុះណាតែធ្វើបុណ្យភ្ជុំបិណ្ឌទើបអាចជួយពួកគេឲ្យរួចចាកពីកំណើតជាប្រេតបាន ឯបុណ្យផ្សេៗទៀតមិនអាចជួយបាននោះមិនត្រូវទេ ពោលឱ្យចំទៅគឺឱ្យតែធ្វើទានចំពោះអ្នកមានសីល ហើយឧទ្ទិសកុសលទៅអ្នកស្លាប់ នោះប្រេតដែលមានកម្មស្រាលៗនឹងរួចចាកអបាយភូមិភ្លាម ។
ហេតុនោះហើយទើបព្រះពុទ្ធបរមគ្រូបង្រៀនថា ប្រសិនបើមានសាច់ញាតិ កូនចៅរបស់បុគ្គលដែលកើតជាប្រេតនោះបានធ្វើបុណ្យកុសលឧទ្ទិសឲ្យពួកគេ ហើយពួកគេបានទទួលអនុមោទនាត្រេកអរចំពោះបុណ្យនោះ ពួកគេក៏អាចបានរួចផុតពីប្រេតនោះភ្លាម ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ