ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា យោងតាមប្រភពពីដីថៃ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈរថយន្ត២គ្រឿងបុកគ្នាយ៉ាងខ្លាំង បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជិត12ព្រឹក ថ្ងៃទី12 ខែកញ្ញា ឆ្នាំ2019នេះ ស្ថិតនៅស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ដោយគេសង្ស័យថា ជាពលករខ្មែរផងដែរ។
ជុំវិញប្រភពព័ត៌មានខាងលើនេះ បើតាមមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្នាក់ប្រាប់តាមទូរស័ព្ទថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តស្រះកែវ ពិតមែន។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ រថយន្តដឹកពលរដ្ឋខ្មែរពណ៌សមួយគ្រឿងបានត្រឡប់មកពីប្រទេសថៃវិញដែលមិនទាន់ដឹងថា ចូលប្រទេសថៃដើម្បីរកទិញអីវ៉ាន់ ដើរកំសាន្ត ឬយ៉ាងណានោះទេ លុះបើកមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតពណ៌ទឹកប៊ិច ជិះមកពីទិសដៅបញ្ច្រាស់គ្នា បានបែកកង់រេចង្កូតទៅបុករថយន្តដឹកពលរដ្ឋខ្មែរពេញទំហឹងតែម្តង បណ្តាលឱ្យស្លាប់ និងរបួសជាច្រើននាក់ ។
មន្ត្រីដដែលខាងលើបានប្រាប់បន្តជាជំហានដំបូងថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងហេតុការណ៍ខាងលើនេះ មានមនុស្ស៥នាក់ ក្នុងនោះក៏មានអ្នកបើកបររថយន្តម្នាក់ផងដែរបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមានមនុស្សរបួសធ្ងន់-ស្រាល7នាក់ទៀត ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ ។ ហើយពេលនេះមន្ត្រីស្ថានកុងស៊ុលប្រចាំខេត្តស្រះកែវ ប្រទេសថៃ ក៏បានចុះទៅដល់កន្លែងកើតហេតុហើយផងដែរ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ