ខេត្តសៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យយុវជន៣នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកព្រះសង្ឃ២អង្គផ្សេងទៀតបានរងរបួសធ្ងន់ ។
ហេតុការណ៍គួរឱ្យរន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងកើតកន្លែងឆែកសំបុត្រផ្លូវទៅស្រះស្រង់ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប។
ភាគីខាងម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ ១CE-៧៧៨៤ បើកបរដោយឈ្មោះ នី យ៉ែង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ បានស្លាប់ ចំណែកព្រះសង្ឃ២អង្គដែលជាអ្នករួមដំណើរ ក្នុងនោះព្រះសង្ឃមួយអង្គព្រះនាម ហ៊ន យុក ព្រះជន្ម២២វស្សា មានស្រុកកំណើតនៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ រងរបួសធ្ងន់ត្រូវចំព្រះកេស, ភ្នែក បាក់ដៃខាងឆ្វេង និងរបួសជើងខាងឆ្វេង និងព្រះសង្ឃមួយអង្គទៀតព្រះនាម ម៉េង ចិន្ដា ព្រះជន្ម១៥វស្សា ស្រុកកំណើតនៅខេត្តកំពង់ធំ រងរបួសធ្ងន់ធ្ងរ ។ ព្រះសង្ឃទាំង២អង្គគង់នៅវត្តកេកន្យារាម ហៅវត្តបន្ទាយក្តី ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប។
ចំណែកភាគីខាងម៉ូតូមួយគ្រឿងទៀតជិះគ្នា២នាក់ ម៉ាកហ្សូ៊មមើអិច ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ សៀមរាប ១Z-៧២៤២ បើកបរដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណ បានស្លាប់ និងយុវជនម្នាក់ទៀតជាអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ បានស្លាប់ ។
តាមសម្តីរបស់មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់នគរធំបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់បើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាមានឌុបព្រះសង្ឃ២អង្គចេញពីវត្ត ដើម្បីទៅបិណ្ឌបាត ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបុកគ្នាយ៉ាងពេញទំហឹងជាមួយម៉ូតូមួយគ្រឿងជិះគ្នា២នាក់ម៉ាកហ្សូ៊មមើ ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន បណ្តាលឱ្យភាគីខាងម៉ូតូម៉ាកហ្សូ៊មមើស្លាប់ទាំង២នាក់ ចំណែកអ្នកបើកបរម៉ូតូម៉ាកហុងដាបានស្លាប់ រីឯព្រះសង្ឃទាំង២អង្គរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនមកដឹកយកទៅសង្គ្រោះ ។
ក្រោយកើតហេតុ សពជនរងគ្រោះដែលមិនស្គាល់អត្តសញ្ញាណទាំងពីរនាក់ ត្រូវបានដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យខេត្តសៀមរាប ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកសពអ្នកបើកបរម៉ូតូម៉ាកហុងដាត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តតាកែវ។ រីឯម៉ូតូទាំងពីរគ្រឿងត្រូវបានកម្លាំងជំនាញដឹកយកទៅរក្សាទុកនៅស្នងការនគរបាលខេត្ត ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ