រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានអះអាងថាកម្ពុជាក៏មានសិទ្ធិបិទទិដ្ឋការមិនឲ្យសមាជិកសភាបរទេសចូលក្នុងកម្ពុជាដូចនឹងបរទេសបិទទិដ្ឋការមន្ត្រីកម្ពុជាដូចគ្នា ។ ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះបន្ទាប់ពីសហរដ្ឋអាមេរិកបានបិទទិដ្ឋការមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនក្នុងការចូលក្នុងទឹកដីអាមេរិក កាលពេលកន្លងមកនេះ ។
យ៉ាងណាក្តីលោក សុខ ឥសាន បានគូសបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ថាការបិទទិដ្ឋាការមន្ត្រីកម្ពុជាមិនឲ្យចូលអាមេរិក ជាសិទ្ធិរបស់អាមេរិក ហើយការបិទទិដ្ឋការមិនឲ្យសមាជិកសភាបរទេសមួយចំនួនចូលមកកម្ពុជា គឺជាសិទ្ធិរបស់កម្ពុជាដែលជារដ្ឋឯករាជ្យនិងអធិបតេយ្យ ។ លោកបន្តថា ផែនការត្រឡប់ចូលស្រុករបស់ក្រុមឧទ្ទាមក្រៅច្បាប់មិនដកថយទេ ។ លោកបន្ថែមថា បើមិនដកថយ សាកមើលទៅនឹងឃើញលទ្ធផលយ៉ាងណាហើយ ។ តែសុំកុំនិយាយភូតបោកប្រាស់ឲ្យសោះ ។ ជាមួយគ្នានោះដែរ «ការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាអត់ប្រសិទ្ធភាពទេ ព្រោះថា កម្លាំងមហាសាមគ្គីភាពជាតិ គឺជាកម្លាំងដ៏ខ្លាំងក្លាមិនអាចជនបរទេសណាមកបំពារបំពានបានជាដាច់ខាត ។
សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះ បន្ទាប់ពីសមាជិកសភាអាមេរិក៦នាក់ បានអះអាងថា នឹងជូនលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះ ជាតិចូលកម្ពុជាវិញនៅពេលឆាប់ៗខាងមុខនេះ ។ លោកសម រង្ស៊ី ក៏បានអះអាងថា លោកនឹងវិលមកកម្ពុជាវិញទោះបីជាមានការរារាំងពីរាជរដ្ឋាភិបាលយ៉ាងណាក្តី ។ លោកសម រង្ស៊ីអះអាងទៀតថា ការចូលកម្ពុជានេះហើយមានតំណាងរាស្ត្រអាមេរិក និងសហភាពអឺរ៉ុបអមដំណើរនេះ ដើម្បីមកផ្លាស់ប្តូរនៅកម្ពុជា ។
ទោះបីជាមានការអះអាងពីលោកសម រង្ស៊ី ថា ចូលមកស្រុកវិញហើយតំណាងរាស្ត្របរទេសមកជាមួយនោះ គឺជាការរំលោភសិទ្ធិព្រោះថា កម្ពុជាអធិបតេយ្យភាពដែនដីពេញលេញ ។ លោកបញ្ជាក់ថា កម្ពុជាមិនដែលលួចប្លន់ដីគេទេ មិនបានទៅទម្លាក់គ្រាប់បែកលើប្រទេសដទៃ មិនបានគំរាមកំហែងប្រទេសដទៃមិនបានដាក់ទណ្ឌកម្មប្រទេសដទៃ និងមិនបានបំពានសិទ្ធិប្រជាធិបតេយ្យប្រទេសដទៃឡើយ ។ ការដែលចោទកម្ពុជាថា រំលោភសិទ្ធិមនុស្ស និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ ដើរថយក្រោយ គឺជាចរិកនយោបាយរបស់ក្រុមប្រឆាំងតែប៉ុណ្ណោះ ។
សូមរឮកថា កាលពីឆ្នាំ២០១៨ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅរាជធានីភ្នំពេញបានប្រកាសលែងផ្ដល់ទិដ្ឋការប្រភេទ «B1» «B2» និងប្រភេទ «B1/B2» ដែលសុទ្ធសឹងជាប្រភេទ«មិនមែនអន្តោប្រវេសន៍» ទៅឲ្យមន្ត្រីការបរទេសជាន់ខ្ពស់កម្ពុជា រាប់ចាប់តាំងពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់រដ្ឋមន្ត្រីនៃក្រសួង ។ ការផ្អាកនេះដោយរាប់បញ្ចូលទាំងក្រុមគ្រួសាររបស់មន្ត្រីទាំងនោះផងត្រូវបានធ្វើឡើងក្រោមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិអាមេរិក ៕ កែសសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ