រាជធានីភ្នំពេញ ៖ នៅក្នុងឆមាទី១ ឆ្នាំ២០១៩នេះសមត្ថកិច្ចបានបង្ក្រាបអំពើជូញដូរមនុស្ស និងអាជីវកម្មផ្លូវភេទបានចំនួន៧៨ករណី ។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិកងរាជអាវុធហត្ថលើផ្ទៃប្រទេសដាក់ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ។
របាយការណ៍ដែលដាក់ក្នុងកិច្ចប្រជុំ ក្រុមការងារអន្តរក្រសួងស្ថាប័នទាំង៦ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃបានឲ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត១៩ បានតាមដានស្រាវជ្រាវបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបបាន៧៨ករណី ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន៩៧ ក្នុងនោះស្រី ២២នាក់ អនីតិជន៩នាក់ ជាជនបរទេស១៤នាក់ សញ្ជាតិចិន១២នាក់ និងអាមេរិក០២នាក់ ។
របាយការណ៍អំពីការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះសម្រាប់ឆមាសទី១ ឆ្នាំ២០១៩ បានឲ្យដឹងថា សង្គ្រោះជនរងគ្រោះចំនួន២៦៣នាក់ ស្មើនឹង១៤៨% ក្នុងនោះមាន អាយុក្រោម១៥ឆ្នាំ៧០នាក់ ,អាយុ១៥-១៧ឆ្នាំ៣១នាក់ និងពី១៨ឆ្នាំឡើង១៦២នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច៧២នាក់ និងប្រគល់ទៅគ្រួសារ១៩១នាក់) ។
របាយការណ៍បន្ដថា ក្នុងឆមាសទី១ ដដែលបង្ក្រាប អំពើជួញដូរមនុស្សបាន១២ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ (ស្រី៨នាក់ ជនបរទេស១នាក់ សញ្ជាតិអាមេរិក) ។ សង្គ្រោះជនរងគ្រោះចំនួន១០៧នាក់ ក្នុងនោះមានក្រោម១៥ឆ្នាំ១៩នាក់ ,អាយុពី១៥-១៧ឆ្នាំ២០នាក់ និងពី១៨ឆ្នាំឡើង៦៨នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច១៤នាក់ និងឲ្យគ្រួសារ៩៣នាក់) ។ បន្ថែមពីនេះទៀតការបង្ការ និងទប់ស្កាត់ការជួញដូរមនុស្សតាមរូបភាពអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសក្នុងឆមាសទី១ ក្រសួងការបរទេស និងច្រកចេញចូលតែមួយរបស់ក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេសបានទទួលពាក្យ និងធ្វើសម្ភាសន៍ពលរដ្ឋខ្មែរ និងជនបរទេសសរុបចំនួន១,០០៩គូ ដែលបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់។
សូមរំលឹកថា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានបើកកិច្ចប្រជុំក្រុមការងារអន្ដរក្រសួងស្ថាប័នចំនួន៦ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆមាសទី១ ឆ្នាំ២០១៩ ៕ កែសម្រួលដោយ ៖ សុឃាក់
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ