រាជធានីភ្នំពេញ៖ បុរសម្នាក់តាមរយៈហ្វេសប៊ុករបស់ខ្លួន បានបង្ហាញពីការស្រលាញ់ពេញចិត្តចំពោះទេពកោសល្យសិល្បៈរបស់តារាចម្រៀងមនោសញ្ចេតនាអ្នកនាងម៉េង កែវពេជ្ជតា ព្រមទាំងតម្កល់តម្កើងរាជិនីសំឡេងមាសរស់ សេរីសុទ្ធា ។ លោកចាត់ទុកតារាចម្រៀងទាំងពីរដួងនេះជា«ទ្រព្យគាប់ចិន្ដា និងម្ចាស់សំឡេងមាសនៃប្រទេសកម្ពុជា»។
បុរសម្នាក់នោះកាលពីពេល ថ្មីៗកន្លងមកបានសរសេរសារបង្ហោះតាមហ្វេសប៊ុករបស់ខ្លួនថា«អាចចាត់ទុកថាជាទ្រព្យគាប់ចិន្តាលំដាប់ប្រទេស ដែលមានវត្តមានវរសិល្បកររាជិនីសំឡេងមាស គឺលោកស្រីរស់ សេរីសុទ្ធា និងតារាឯកសំឡេងគ្រលួចបត់បែនបានគ្រប់ទម្រង់ គឺអ្នកនាងម៉េង កែវពេជ្ជតា នៅលើទឹកដីកម្ពុជា ។
ជាការណ៍ពិតក្នុងជំនាន់មុនមានតារាចម្រៀងជាច្រើនរូបណាស់ដែលសុទ្ធតែមានសំឡេងពីរោះៗ មួយបែបៗម្នាក់ដូចជា អ្នកស្រីម៉ៅ សារ៉េត ,ប៉ែន រ៉ន ,ហួយ មាស ,ឈួន ម៉ាឡៃ ,ឈុន វណ្ណា ,សូ សាវឿន ,ពៅ វណ្ណារី និងតារាចម្រៀងដទៃទៀត ។ ប៉ុន្តែទោះជាយ៉ាងណាក្តីក៏នៅតែមានតារាតែមួយដួងប៉ុណ្ណោះដែលអាចស្រូបទាញយកប្រជាប្រិយភាពដ៏ច្រើនលើសលុបតាំងពីនៅជំនាន់នោះរហូតដល់បច្ចុប្បន្ន គឺលោកស្រីរស់ សេរីសុទ្ធា ។
ងាកមកសម័យនេះវិញម្តង តារាចម្រៀងក៏មានច្រើនដែរ ទាំងល្បី និងពុំសូវល្បី ប៉ុន្តែក៏មានតែមួយគត់ប៉ុណ្ណោះដែលជាកំពូលតារាចម្រៀងអាចតំណាងបាននូវអត្តសញ្ញាណជាតិផ្នែកសិល្បៈចម្រៀងខ្មែរ ដោយពឹងផ្អែកលើទឹកដមសំឡេង បទពិសោធន៍ និងទេពកោសល្យក្នុងការបកស្រាយបានគ្រប់ទម្រង់នៃបទចម្រៀងនោះ គឺអ្នកនាងម៉េង កែវពេជ្ជតា ។
អ្នកនាងគឺជាតារាចម្រៀងដែលរក្សាភាពល្បីល្បាញជាងសាមសិបឆ្នាំមកហើយ បើគិតពីពេលចាប់ផ្តើមឆ្នាំ១៩៨៦មកទល់ពេលនេះ និងមានបទចម្រៀងផ្ទាល់ខ្លួនជាច្រើនរហូតរាប់ពាន់បទ ។ អាចត្រូវបានចាត់ទុកថាតារាឯកមួយដួងសម្រាប់កម្ពុជា ។ ជំនាន់មុនមានលោកស្រីរស់ សេរីសុទ្ធា និងជំនាន់នេះមានអ្នកនាងម៉េង កែវពជ្ជតា ដែលយើងមិនអាចបដិសេធបានឡើយ »។
បុរសដដែលបញ្ជាក់ថា «អ្នកជំនាន់មុនយើងអភិរក្ស អ្នកជំនាន់ក្រោយយើងលើកស្ទួយដើម្បីមានអ្នកស្នងបន្តវេន ជាពិសេសអ្នកចម្រៀងដែលត្រូវការការបណ្តុះបណ្តាល ហាត់ពត់សំឡេងមិនថាជាបទអ្វី ទម្រង់អ្វីដើម្បីអាចមានសមត្ថភាពចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិនាពេលណាមួយ »។
ឃើញសារនេះអ្នកនាងម៉េង កែវពេជ្ជតា បានសម្តែងក្តីរីរាយ បើទោះបីជាចំណុចខ្លះនាង ហាក់នៅមិនទាន់អាចទទួលយកក៏ដោយ ។ ម្ចាស់ទឹកដមសំឡេងមនោសញ្ចេតនាដ៏ពីរោះរូបនេះតបថា «សូមអរគុណម្ចាស់អត្ថបទ ប្អូន Heng Chenda ខ្លាំងណាស់ដែលខិតខំចងក្រងសំណេរបញ្ចេញទស្សនៈសុទិដ្ឋិនិយមចំពោះបង បើទោះជាចំណុចខ្លះខ្ញុំមិនទាន់ហ៊ានទទួលយកក្ដី។
ប៉ុន្តែយ៉ាងហោចណាស់ក៏ធ្វើឲ្យខ្ញុំមានសេចក្តីរំភើប សប្បាយចិត្ត មានកម្លាំង មិនអស់សង្ឃឹម និងបានដឹងថា លើលោកនេះក៏នៅតែមានការវិនិច្ឆ័យជាវិជ្ជមានសម្រាប់តារាចំណាស់ដូចជារូបខ្ញុំដែរ ក្នុងពេលដែលអ្នកខ្លះខំប្រឹងព្យាយាមកាយកប់លុបចោលយ៉ាងអយុត្តិធម៌ដូចម្តេចក្តី ។ នេះសរបញ្ជាក់ថាការវិភាគប្រកបដោយចំណេះដឹង។ ខ្ញុំសូមអរគុណម្តងទៀត អរគុណដល់បណ្តាហ្វ៊ែនគ្រប់ទិសទី អរគុណសន្ដានចិត្តគាំទ្រដ៏ប្រពៃពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមអរគុណពុកម៉ែទស្សនិកជន អរគុណគ្រប់គ្នាដែលស្រលាញ់នាងខ្ញុំ» ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ