រាជធានីភ្នំពេញ ៖ សម្រាប់កម្មវិធីអាណាចក្រតារា ដែលរៀបចំដោយក្រុមហ៊ុន Sabay កាលពីថ្ងៃទី១៦ កុម្ភៈ កន្លងទៅនេះ តារាចម្រៀងលោក ខេមរៈ សិរីមន្ត ត្រូវបានទទួលពានតារាចម្រៀងក្មេងច្រៀងបានល្អបំផុតប្រចាំឆ្នាំ ។ ប៉ុន្តែដោយអវត្តមានតារាចម្រៀងរូបនេះក្នុងកម្មវិធីខាងលើ ទើបនៅថ្ងៃទី១០ មីនា ២០១២ ក្រុមហ៊ុន Sabay បានរៀបចំពិធីប្រគល់រង្វាន់ជូនដល់លោកខេមរៈ សិរីមន្ត ដោយមានការចូលរួមពីតារាសម្តែង និងតារាចម្រៀងជាច្រើនរូបផងដែរ ។ ពិធីនេះត្រូវបានរៀបចំនៅ T&C សម្តេចប៉ាន រាជធានីភ្នំពេញ ។
លោក ខេមរៈ សិរីមន្ត បានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលដែលទស្សនិកជនបានផ្តល់តម្លៃ និងកិតិ្តយសដ៏ធំធេងនូវពានរង្វាន់ជាតារាចម្រៀងក្មេងច្រៀងបានល្អបំផុតប្រចាំឆ្នាំ ។ លោកបានថ្លែងអំណរគុណចំពោះទស្សនិកជនទាំងអស់ទូទាំងប្រទេស ដែលបានគាំទ្ររូបលោក ហើយលោកសន្យាថា នឹងខិតខំបន្តទៀត ដើម្បីបម្រើវិស័យសិល្បៈ និងទស្សនិកជន។ ចំពោះការអវត្តមានរបស់លោកសិរីមន្ត ក្នុងការមកទទួលពានរង្វាន់នេះ បានធ្វើឱ្យទស្សនិកជនមានការមន្ទិល និងទន្ទឹងរង់ចាំមើលតារាក្នុងដួងចិត្តរបស់ពួកគេយ៉ាងអន្ទះសា។
គួរបញ្ជាក់ថា លោកខេមរៈ សិរីមន្ត គឺជា តារាចម្រៀងមួយរូបក្នុងចំណោមតារាចម្រៀង៣រូប ដែលអវត្តមានក្នុងកម្មវិធី ប្រគល់ពានរង្វាន់អាណាចក្រតារា។ លោកខេមរៈ សិរីមន្ត គឺជាតារាដែលទទួលបានពានរង្វាន់ប្រចាំឆ្នាំ រួមជាមួយតារាចម្រៀង២រូបទៀត គឺលោកព្រាប សុវត្ថិ ដែលទទួលបានពានកំពូលតារាចម្រៀងល្បីប្រចាំឆ្នាំ និងលោក នីកូ ទទួលបានពានរង្វាន់តារាចម្រៀង ដែលមានរូបសម្រស់ស្រស់ស្អាតប្រចាំឆ្នាំផងដែរ ។ ពានរង្វាន់ទាំង៣នេះ គឺស្ថិតក្នុងចំណោមពានរង្វាន់ទាំង៣៦ ដែលសិល្បករ សិល្បការិនីទទួលបានក្នុងកម្មវិធីអាណាចក្រតារា ដែលសម្រេចប្រគល់ឱ្យ ដោយគណៈកម្មការ រួមមានតំណាងក្រសួងពាក់ព័ន្ធ សិល្បករជើងចាស់ជាច្រើនរូប និងបណ្តាអ្នកគាំទ្រ ។
កម្មវិធីអាណាចក្រតារា គឺជាព្រឹត្តិការណ៍ដំបូង និងធំជាងេគបង្អស់ ដែលរៀបចំដោយ ក្រុមហ៊ុន Sabay ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់វិស័យភាពយន្ត តន្ត្រី និងទូរទស្សន៍នៅកម្ពុជា ដើម្បីឱ្យពិភពលោកបានស្គាល់ ។ចំពោះពានរង្វាន់ទាំង៣៦នោះ គឺមានផ្នែកផ្សេងៗគ្នា រួមមានផែ្នកតន្ត្រី ែផ្នកទូរទស្សន៍ និងផ្នែកភាពយន្ត ត្រូវប្រគល់ជូនអ្នកមានស្នាដៃ និងទេពកោសល្យ។ កម្មវិធីនោះទទួលបានការគាំទ្រនិងមានការចូលរួមពីសិល្បករ សិល្បការិនី ជាច្រើនរូប និងទស្សនិកជនដ៏ច្រើនកុះករ គួរឱ្យ មោទនភាពបំផុត៕
ចែករំលែកព័តមាននេះ