រាជធានីភ្នំពេញ ៖ នេះជាករណីឈាមស្រែកស្បែកហៅ ក្រោយក្មួយប្រុសបង្កើតបានសម្លាប់ឪពុកមា រយៈប្រមាណជាង៣ម៉ោង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ គួរបញ្ជាក់ថា ជនសង្ស័យជាក្មួយញៀនថ្នាំរូបនេះ បានវាយសម្លាប់ឪពុកមាបង្កើត ជាអ្នករត់រ៉ឺម៉ូតូនឹងដំបងឈើជ្រុង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៣ និង៤០នាទីរសៀលថ្ងៃទី១២មិថុនា ស្ថិតនៅតាមផ្លូវលំក្បែរផ្ទះរបស់ខ្លួន ក្នុងភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។
សេចក្តីរាយកាណ៍បន្តថា ជនរងគ្រោះដែលស្លាប់ឈ្មោះកែម គីរីវុធ ហៅពៅ អាយុ៥០ឆ្នាំ ជាអ្នករត់រ៉ឺម៉កម៉ូតូស្នាក់នៅភូមិកើតហេតុខាងលើ ។ ចំណែកជនដៃដល់ឈ្មោះ ហេង ច័ន្ទសុផល អាយុ២៨ឆ្នាំ ជាមនុស្សញៀនថ្នាំ និងជាមនុស្សពិការម្រាមជើងផង មានលំនៅផ្ទះក្បែរគ្នា ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតបានដំបងឈើជ្រុងនៅផ្ទះឃាតករផងដែរ។ តាមប្រភពឲ្យដឹងថា នៅមុនពេលកើតហេតុ មានមេជាងសំណង់ម្នាក់ ឈ្មោះប៉េង វុធធិន អាយុ៣៧ឆ្នាំ ដែលជាអ្នកធ្វើផ្ទះឱ្យជនរងគ្រោះបានធ្វើដំណើរចេញមកយកខ្សាច់ ក៏ប្រទះឃើញបុរសជាម្ចាស់ផ្ទះដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង ។
បន្ទាប់ពីកម្លាំងនគរបាលជំនាញចុះទៅកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យសព ឃើញមានស្នាមផុងលលាដ៍ពីក្រោយ។ នគរបាលជំនាញបានសន្និដ្ឋានថា ជនរងគ្រោះត្រូវបានឃាតករវាយកសម្លាប់នឹងរបស់រឹង ។ សមត្ថកិច្ចដាក់ការសង្ស័យថា ឃាតករមិននៅឆ្ងាយនោះទេ ។
បន្ទាប់ពីមានការសាកសួរជុំវិញកន្លែងកើតហេតុនិងពិនិត្យ មើលតាមកាម៉េរ៉ាសុវត្តិភាពក្បែរ មិនមាននណាម្នាក់ឆ្លងកាត់ទីនោះទេ ហើយមានការសង្ស័យ អ្នកនោះក្បែរនោះឈានទៅរកឃើញដំបងឈើជ្រុងនៅក្នុងផ្ទះក្មួយបង្កើតជនរងគ្រោះ បានឃាត់ខ្លួនតែម្តង ។
ទោះជាយ៉ាងណា ភ្លាមៗជននោះពុំទាន់បានសារភាពទេ ។ តាមនគរបាលមូលដ្ឋានបានអោយដឹងថា កន្លងមក ជនសង្ស័យជាមនុស្សញៀនថ្នាំ និងធ្លាប់មានគំនុំដោយសារតែឪពុកមា ស្តីអោយពីរឿងលួចយកទួលណឺវីស ។ កន្លងមក ជនសង្ស័យដែលជាមនុស្សញៀនថ្នាំ ដែលម្តាយរត់ចេញពីផ្ទះលែងនៅជាមួយ ធ្លាប់បានគំរាម និងប៉ុនប៉ងសម្លាប់ក្រុមគ្រួសារទៀតផង ។
តាមនគរបាលបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានទិញចំណី ហើយបានដាក់ឱ្យឆ្កែស៊ី ដែលជាឱកាសល្អ ត្រូវបានក្មួយលួចវាយពីក្រោយសម្លាប់តែម្តង ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ